តារា​ថៃ​រាប់សិប​នាក់ ប្រឈម​ការជាប់គុក​និង​ពិន័យ​ប្រាក់​ជុំវិញ​ឃោសនា​ផលិតផល​ម្សៅ​ខុសច្បាប់​

1649
ចែករម្លែក

​ប៉ូលិស​ថៃ​គ្រោង​ចេញ​ដីកាកោះ​ហៅ​តារា​ថៃ​មួយ​ក្រុម​ដំបូង​មាន​គ្នា​៧​នាក់​សំរាប់​សាកសួរ​អំពី​ការជាប់​ពាក់ព័ន្ធ​របស់​គេ​ក្នុង​ការឃោសនា​ផលិតផល​គ្រឿងសំអាង​ម្សៅ​​ក្រែម​និងផលិតផលសម្រកទម្ងន់គ្មាន​ច្បាប់​អនុញ្ញាត​។​

​ពួកគេ​រួម​មាន នាង​Lydia Sarunrat Deane, នាង​Ungsumalynn “Pattie” Sirapatsakmetha, លោក​Chutavuth “March” Pattarakampol, នាង​Apisada “Ice” Kruakongka, នាង​Virithipa “Woonsen” Pakdeeprasong, លោក​Puttichai “DJ Push” Kasetsin និង​តារា​ខ្ទើយ​Ornapa “Ma” Krisadee​។​

​មេ​ប៉ូលិស ឧត្តមសេនីយ៍វី​រ៉ា​ឆៃ សុង​មេត្តា បាន​និយាយថា​ការ​អួតអាង​របស់​ពួក​តារា​ទាំងនេះ​អំពី​ផល​កែ​សម្រស់​ដ៏​ស័ក្តិ​សិទ្ធ​នៃ​ផលិតផល​ខុសច្បាប់​នេះ​នៅក្នុង​ការ​ឃោស​​នា​របស់​ពួកគេ​អាច​នាំអោយ​មាន​ការចោទប្រកាន់​៣​គឺ ផ្តល់​សារ​ឃោសនា​មិន​ពិត​ដល់​អ្នក​ប្រើ​(​អាច​ជាប់គុក​៣​ឆ្នាំ​និង​ពិន័យ​ប្រាក់​៣​សែន​បាត​) ផ្តល់​ព័ត៌មាន​ក្លែងក្លាយ​​អំពី​ផលិតផល​អាហារ​បំប៉ន​(​អាច​ជាប់គុក​៣​ឆ្នាំ​និង​ពិន័យ​ប្រាក់​៣​ម៉ឺន​បាត​)​និង​ឃោសនា​ខុសច្បាប់​អំពី​គុណប្រយោជន៍​ផលិតផល​ដើម្បី​ផល​ចំណេញ​ពាណិជ្ជកម្ម​(​អាច​ជាប់គុក​៣​ឆ្នាំ​និង​ពិន័យ​ប្រាក់​៥​ពាន់​បាត​)​។​លោក​បាន​អំពាវនាវ​អោយ​ពួក​តារា និង​បុគ្គល​សាធារណៈ​ត្រូវ​ពិនិត្យ​ទំនិញ​ណាមួយ​អោយ​លម្អិត ជាពិសេស​ឋានៈ​ផ្លូវ​​ច្បាប់​របស់​វា​មុន​ទទួលយក​មក​ឃោសនា​។​

​កាលពី​ថ្ងៃ​អង្គារ​ទី​២៤​មេសា ប៉ូលិស​បាន​ចុះ​ឆែកឆេរ​រោងចក្រ​មួយ​នៅ​ខេត្ត​សាមុត សា​ខន ដែល​រង​ការចោទប្រកាន់​ថា​ផលិត​គ្រឿងសំអាង​សំរាប់​ក្រុមហ៊ុន​Magic Skin​។​​សារធាតុ​គីមី​ត្រូវបាន​ប្រមូល​យក​ទៅ​ធ្វើតេស្តិ៍ បន្ទាប់​ពី​ការស៊ើបអង្កេត​ដំបូង​របស់​ប៉ូលិស​បាន​រកឃើញថា ផលិតផល​របស់​ក្រុមហ៊ុន​លួច​ប្រើ​សញ្ញា​សំគាល់​របស់​រដ្ឋបាល​​ស្បៀង​និង​ចំណីអាហារ​(FDA)​។​ក្រុមហ៊ុន​នេះ​ត្រូវបាន​គេ​ចោទប្រកាន់​ថា​ផលិត​គ្រឿងសំអាង​មិន​តាម​ស្តង់ដា ពោល​មិនមាន​ផ្ទុក​ជាតិ​សុក​សត្វ​ចៀម​ដូច​ការអះអាង​ទេ​និង​​ថា​ការឃោសនា​ត្រូវបាន​បំផ្លើស​។​

​តារា​ថៃ​ជាច្រើន​ទៀត សរុប​៥៦​នាក់ ក៏​នឹង​ត្រូវ​កោះហៅ​នៅពេល​បន្តបន្ទាប់​។​

​ប៉ូលិស​ថៃ​បាន​អះអាង​ថា មាន​មនុស្ស​ជាង​២០០​នាក់​បាន​ប្តឹង​ប្រឆាំង​ផលិតផល​របស់​ក្រុមហ៊ុន​Magic Skin តែ​ម្ចាស់​ក្រុមហ៊ុន​បាន​ឆ្លើយថា​ខ្លួន​ជា​ជនរងគ្រោះ​ពី​ជម្លោះ​​ក្នុងការ​រកស៊ី​មួយ​៕​ដោយ​៖​វាសនា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ