ដោយៈ ប.ខុន/ភ្នំពេញៈ សីតុណ្ហភាពអប្បបរមា នៅភ្នំប្រាសាទព្រះវិហារ ចុះដល់ ៨ អង្សាសេ នៅប្រាសាទតាក្របី ១១ អង្សាសេ និងនៅខេត្តមណ្ឌលគិរី ចុះដល់ ១២ អង្សាសេ ឯបណ្តាខេត្តផ្សេងទៀត ក៏បានចុះត្រជាក់ខ្លាំងដែរ នៅព្រឹកថ្ងៃទី១៣ ខែមករានេះ តែ ចាប់ពីថ្ងៃទី១៤ មករាទៅ សីតុណ្ហភាពអប្បបរមា ចាប់ផ្តើមងើបឡើងមកវិញ ប៉ុន្តែនៅត្រជាក់ បន្តរហូតដល់អំឡុង ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជា ដឹងនៅថ្ងៃទី១៣ មករា ថាៈ ថ្ងៃនេះ និង យប់នេះ (១៣ មករា) ត្រជាក់ខ្លាំងទៀត (ដូចយប់មិញ) តែចាប់ពីថ្ងៃទី១៤ មករា ទៅ សីតុណ្ហភាពអប្បបរមា ចាប់ផ្តើមងើបឡើងមកវិញបន្តិច ប៉ុន្តែធាតុអាកាស នៅតែត្រជាក់ បន្តរហូតដល់អំឡុង ថ្ងៃទី២០ មករា។
អ្នកនាំពាក្យក្រសួងជំនាញខាងលើ បាននិយាយទៀតថាៈ សីតុណ្ហភាពអប្បបរមា នៅថ្ងៃទី១៣ ខែមករា ជាទូទៅ ចុះទាបជាងថ្ងៃទី១២ មករា ដូចជានៅខេត្ត មណ្ឌលគិរី ១២ អង្សាសេ, ឧត្តរមានជ័យ ១២,៥ អង្សាសេ (តាក្របី ១១ អង្សាសេ), រតនគិរី ១៣ អង្សាសេ, កំពង់ធំ ១៣,៥ អង្សាសេ, ព្រះវិហារ ១៤ អង្សាសេ (ប្រាសាទព្រះវិហារ ៨ អង្សាសេ) , ស្ទឹងត្រែង ១៤ អង្សាសេ, ប៉ៃលិន ១៤,៩ អង្សាសេ , ពោធិសាត់ ១៥ អង្សាសេ, បាត់ដំបង ១៥ អង្សាសេ ,បន្ទាយមានជ័យ ១៥ អង្សាសេ, សៀមរាប ១៥,៥ អង្សាសេ, កំពង់ចាម ១៧ អង្សាសេ, កំពង់ឆ្នាំង ១៦,៥ អង្សាសេ, ស្វាយរៀង ១៧ អង្សាសេ, កណ្តាល ១៧ អង្សាសេ, តាកែវ ១៧ អង្សាសេ, កែប ១៨,៣ អង្សាសេ , ត្បូងឃ្មុំ ១៨,៥ អង្សាសេ, ព្រះសីហនុ ១៨,៥ អង្សាសេ , កំពត ១៨,៦ អង្សាសេ, ព្រៃវែង ១៩ អង្សាសេ និងកំពង់ស្ពឺ ១៩ អង្សាសេ។
កាលពីថ្ងៃទី១២ ខែមករា សីតុណ្ហភាពអប្បបរមា នៅខេត្តព្រះវិហារ ១៤ អង្សាសេ, រតនគិរី ១៥ អង្សាសេ, ឧត្តរមានជ័យ ១៥ អង្សាសេ (តាក្របី ១៤ អង្សាសេ) មណ្ឌលគិរី ១៥,៥ អង្សាសេ , ស្ទឹងត្រែង ១៧ អង្សាសេ, សៀមរាប ១៧,២ អង្សាសេ, កំពង់ធំ ១៨ អង្សាសេ , បាត់ដំបង ១៨ អង្សាសេ, ប៉ៃលិន ១៨,៧ អង្សាសេ , បន្ទាយមានជ័យ ១៩ អង្សាសេ , កណ្តាល ១៩ អង្សាសេ , ពោធិសាត់ ១៩ អង្សាសេ , ព្រៃវែង ១៩ អង្សាសេ, កំពង់ចាម ២០,៥ អង្សាសេ , តាកែវ ២០ អង្សាសេ, កំពង់ស្ពឺ ១៩ អង្សាសេ និងខេត្តត្បូងឃ្មុំ ២០,៤ អង្សាសេ។
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹង នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីការព្យាករ ស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី១៣ ដល់ ១៩ ខែមករាថា ទ្រនុង សម្ពាធខ្ពស់ ពីភាគខាងជើង បាននិងកំពុងធ្លាក់ចុះមកក្រោម គួបផ្សំជាមួយនឹងខ្យល់ មូសុងឦសានខ្លាំង ពីថ្ងៃទី១៣-១៥ខែមករា។
ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែបនេះ ធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល នាថ្ងៃទី១៣-១៤ ខែមករា មានសីតុណ្ហភាព អប្បបរមា ពី ១៣-១៦ អង្សាសេ, សីតុណ្ហភាពអតិបរមា មានពី ២៣-២៦ អង្សាសេ និងចាប់ផ្តើមងើបឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែមករា។
សម្រាប់ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នៅថ្ងៃទី១៣-១៤ ខែមករា មាន សីតុណ្ហភាព អប្បបរមា ពី ១១-១៤ អង្សាសេ , សីតុណ្ហភាពអតិបរមា មានពី ២៣-២៦អង្សាសេ នៅថ្ងៃទី១៥-១៩ខែមករា សីតុណ្ហភាពអប្បបរមាមានពី១៦-១៩ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី២៧-៣០អង្សាសេ។
នៅតំបន់មាត់សមុទ្រ នាថ្ងៃទី១៣-១៤ ខែមករា មានសីតុណ្ហភាពអប្បបរមា ពី២២-២៤អង្សាសេ , សីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សាសេ ។ នៅលើ ផ្ទៃសមុទ្រ មានខ្យល់ និងរលកសមុទ្រខ្ពស់ៗនៅថ្ងៃទី១២ខែមករា។ពីថ្ងៃទី ១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី១៩-២២អង្សាសេ និង សីតុណ្ហភាពអតិបរ មា មានពី ២៧-៣០អង្សាសេ។
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវ នៅក្នុងសេចក្តីជូនដំណឹងនេះ ទៅប្រជា ពលរដ្ឋ និងជាពិសេសវីរៈកងទ័ព រស់នៅ និងឈរជើងនៅ តំបន់ជួរភ្នំដងរែក និងខ្ពង់រាប ភាគឦសាន សូមបន្តបង្កើនយកចិត្តទុកដាក់ ថែរក្សាសុខភាព ចំពោះធាតុអាកាស ដែលបន្តត្រជាក់ នៅតំបន់នោះ ៕/V-PC