ដោយៈ អង្គារ៍ហេង-សរិទ្ធ /ភ្នំពេញៈ ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលមានកាំភ្លើង និងអះអាងថា ជាមន្ត្រីកងរាអាវុធហត្ថ លើផ្ទៃប្រទេសនោះ បានត្រូវមន្ត្រី នគរបាលយុត្តិធម៌ នៃកងរាជ អាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រោមការ ដឹកនាំ និងសម្របសម្រួល ដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង តំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ហើយនៅថ្ងៃទី១៣ ខែមករា នេះ កងរាជអាវុធហត្ថ បានប្រកាសព័ត៌មាន ជូនសាធារណជន និងអ្នកសារព័ត៌មាន ជ្រាបអំពីបុគ្គលដែលបង្ក ហេតុម្នាក់នេះ។
យោងសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នៅព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថាៈ ” ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន ជ្រាបថា បុគ្គលដែលបង្កហេតុ ដកកាំភ្លើង និងបានអះអាងខ្លួន ជាអាវុធហត្ថ កើតហេតុនៅចំណុចផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដែលមានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិករោងចក្រកាត់ដេរ ទីលំនៅផ្ទះលេខ១២អ៊ីសូន្យ ផ្លូវលេខ៨៨ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថ សង្កាត់ រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង តំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ” ។
កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ កងរាជអាវុធហត្ថ បានចេញសេចក្តី ប្រកាសព័ត៌មាន និងបានបញ្ជាក់ច្បាស់ថាៈ ក្នុងករណីបុគ្គលណា ប្រព្រឹត្តល្មើសច្បាប់ ត្រូវតែបញ្ជូនបុគ្គលនោះ ទៅតុលាការផ្តន្ទាទោស តាមច្បាប់ ។
ឆ្លៀតក្នុងឱកាសនេះ កងរាជអាវុធហត្ថ ក៏សូមអំពាវនាវ ដល់បុគ្គលគ្រប់រូប សូមចូលរួម គោរពច្បាប់ទាំងអស់គ្នា ដើម្បីរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មាន និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន។
សូមបញ្ជាក់ថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តកៀរម៉ូតូ បណ្ដាលឱ្យជនរងគ្រោះ របួសបាក់ឆ្អឹងដងកាំបិត បាក់ម្រាមជើង និងមានអាវុធជាប់ចង្កេះ ត្រូវបានសមត្ថកិច្ច នគរបាលបញ្ចប់រឿង ត្រឹមសំណងចំនួន ១.០០០ ដុល្លារ នឹងធ្វើការចោទប្រកាន់ ទៅលើសារព័ត៌មាន មួយចំនួន ថាសរសេរមិនពិត ។ ទីបំផុត ! ជនបង្កត្រូវបានកម្លាំង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បន្តនីតិវិធីឃាត់ខ្លួន ជនខាងលើនេះ បានហើយ៕/V-PC