ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការ នីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងតំណាងសហភាពអឺរ៉ុប ព្រមទាំងតំណាងដៃគូអឺរ៉ុបប្រចាំកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងមន្ត្រីជំនាញនៃប្រទេសទាំងនេះ ដឹកនាំដោយ លោក ហ្វ្រេន ហ្វូល ( Franck fault) អគ្គទីប្រឹក្សា និងជាប្រធានទទួលបន្ទុកផ្នែកកិច្ច សហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ។
មន្ត្រីនៃក្រុមប្រឹក្សាអភវឌ្ឈន៍កម្ពុជាបានអះអាងថា គោលដៅចម្បងនៃជំនួបនេះ គឺដើម្បី ពិភាក្សាអំពីការត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាព អឺរ៉ុប-ដៃគូអឺរ៉ុប លើសេចក្តីព្រាងយុទ្ធសាស្ត្រ រួមរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ ២០២១-២០២៧និងសេចក្តីព្រាងកម្មវិធីណែនាំពហុឆ្នាំ របស់សហភាពអឺរ៉ុប ឆ្នាំ២០២១- ២០២៧ ។
នាឱកាសនោះ លោក ឈៀង យ៉ាណារ៉ា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ តំណាងសហភាពអឺរ៉ុប និងដៃគូអឺរ៉ុបទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងជំនួបពិភាក្សា ផ្ទាល់នាពេលនោះ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល សម្រេចបានដ៏ល្អប្រសើរ ក្នុងការអនុវត្តយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ ២០១៤-២០២០ និងកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុប ឆ្នាំ២០១៤-២០២០ ក៏ដូចជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុង កិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ននៅកម្ពុជា ឆ្លៀតក្នុង ។
លោក រដ្ឋមន្ត្រីប្រតិភូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាពអឺរ៉ុប និងដៃគូអឺរុបទាំងអស់ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតប ទៅនឹងការទប់ស្កាត់, ការប្រយុទ្ធប្រឆាំងនឹងការរីករាល ដាលនៃជំងឺកូវី៥-១៩ និងការកាត់ បន្ថយផលប៉ះពាល់ដល់សង្គម សេដ្ឋកិច្ចនៅប្រទេសកម្ពុជានាពេលកន្លងមក ។
តំណាងដៃគូអឺរ៉ុប បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពល្អប្រសើរដែលសម្រេចបានតាម រយៈវឌ្ឍនភាពនៃវិស័យ អាទិភាពចំនួន ៤ រួមមាន ៖ ១) ការអភិវឌ្ឍវិស័យសង្គមកិច្ច ចីរភាព , ២) ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៍ ៣, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅទីក្រុង និងជនបទ និង ៤ ) អភិបាលកិច្ច និងអន្តរវិស័យ ។
លោកបានមានប្រសាសន៍ថា សមិទ្ធផល ទាំងនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាបន្តគាំទ្ររបស់ សហភាពអឺរ៉ុប និងប្រទេសជាសមាជិកសហភាពអឺរ៉ុប និងសហព័ន្ធស្វីសសម្រាប់ដំណើរការ នៃកិច្ចអភិវឌ្ឍន៍នៅកម្ពុជា តំណាងដៃគូអឺរ៉ុប ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ភាពជា ដៃគូ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងគ្រប់ដៃគូអឺរ៉ុបទាំងអស់ប្រចាំនៅ កម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កន្លងមក ។
ទន្ទឹមនឹងនេះ តំណាងដៃគូអឺរ៉ុប ក៏បានជម្រាបជូន លោករដ្ឋមន្ត្រីប្រតិភូ អំពីវឌ្ឍនភាពនៃការ រៀបចំ សេចក្តីព្រាងយុទ្ធសាស្ត្ររួមរបស់អឺរ៉ុប ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់ កម្ពុជា ឆ្នាំ២០២១-២០២៧ និងសេចក្តីព្រាងកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុប ឆ្នាំ២០២១-២០២៧ គឺនឹងត្រូវបញ្ចប់នាចុងខែមករា ឆ្នាំ២០២១ នេះ ដើម្បីត្រៀមសម្រាប់ដាក់ ពិភាក្សា និងប្រមូលធាតុចូល និងអនុសាសន៍ ក្នុងកិច្ចពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល កម្ពុជា និងសហភាពអឺរ៉ុប-ដៃគួអឺរ៉ុបប្រចាំកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ។
គួរបញ្ជាក់ផងដែរថា ក្នុងចន្លោះឆ្នាំ១៩៩២-២០២០ ដៃគូអឺរ៉ុប (សហភាពអឺរ៉ុប និងប្រទេស សមាជិកចំនួន ១០ ព្រមទាំងសហព័ន្ធស្វីស បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ សរុបប្រមាណ ៤.២០០ លានដុល្លារអាមេរិក សមមូល ១៩% នៃហិរញ្ញប្បទានសរុបដែល ផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់បានផ្តល់ដល់កម្ពុជា ៕/PC