បុរស​ម្នាក់ ឈប់​រថយន្ត មក​អង្គុយ​លើ​កៅអី​ថ្ម បែកពពុះមាត់​ស្លាប់

ដោយៈ សម្បត្តិ/ភ្នំពេញៈ បុរស​ម្នាក់ ទំនង​ជាមាន​ជំងឺ​ប្រចាំកាយ បាន​ឈប់​រថយន្ត មក​អង្គុយ​នៅលើ​កៅអី​ថ្ម ហើយ​បាន​បែក ពពុះមាត់ ស្លាប់​នៅនឹងកន្លែង នោះ​តែម្តង​។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅវេលា​ម៉ោង ៦ និង​៤៥ នាទី ព្រឹក ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ ពុទ្ធសាសនា​បណ្ឌិត្យ ផ្លូវ​រដ្ឋសភា ក្រុម​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យដឹងថាៈ បុរសរងគ្រោះ ឈ្មោះ អ៊ូ ប៊ុន​សុង អាយុ ៤៧​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ​១០ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មានមុខ​របរ ជា​យោធា​។​

​តាម​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថាៈ នៅ​មុនពេល​កើតហេតុ គេ​ឃើញ បុរស​ម្នាក់ បើកបរ​រថយន្ត ម៉ាក Mercedes S500 ពណ៌​ស ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 02 2-7258 មួយគ្រឿង ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​រដ្ឋសភា ក្នុងទិសដៅ​ពី​ខាងត្បូង ទៅខាង​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ ខាងលើ គាត់​ក៏បាន​បើករថយន្ត មក​ឈប់​នៅលើ​ចិញ្ចើមផ្លូវ រួច​ចុះ​ពីលើ​រថយន្ត ដើរមក​អង្គុយ នៅលើ​កៅអី​ថ្ម ស្រាប់តែ​អង្គុយ​សុខៗ ក៏​ធ្លាក់​ពីលើ​កៅអី ថ្ម​នោះ បែកពពុះមាត់ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង​។ អ្នក​ដែល​បានឃើញ​ហេតុការណ៍ នេះ ក៏បាន​រាយការណ៍ ទៅ​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ចុះ​មកដល់​ទីតាំង​កន្លែង​កើតហេតុ តែម្តង​។​

​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ បាន​ដឹក​សព​យកមក​វត្ត​ទឹកថ្លា ដើម្បី​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ មុននឹង​ប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​៕/V-PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular