ដោយៈ គ្រញូង/បាត់ដំបង: នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះ លោកឧត្តម សេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរង ផែនការងារអន្តោប្រវេសន៍ បានរៀបចំបញ្ជូន ជនជាតិវៀតណាម ចំនួន៨នាក់ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីអនុវត្តតាមនីតិវិធី ក្រោយពេលធ្វើចត្តាឡីស័ករួច ។
លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ បានឲ្យដឹងថាៈ ការរៀបចំបញ្ជូនជនជាតិ វៀតណាម ចំនួន៨នាក់ ទៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នាពេលនេះ គឺអនុវត្តតាម យោបល់ដឹកនាំ របស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបង បន្ទាប់ពីជនជាតិវៀតណាមទាំងនោះ បានធ្វើដំណើរ ចូលពីក្នុងទឹកដី នៃព្រះរាជាណាចក្រថៃ ឆ្លងចូលមក ក្នុងព្រះរាជាណាចក្រកម្ពុជា តាមច្រករបៀង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដោយខុសច្បាប់ ហើយត្រូវបានសមត្ថកិច្ច នៅទីនោះ ធ្វើការពិនិត្យ និងបានដាក់ឱ្យពួកគាត់ ធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ ។
បន្ទាប់ពីរយៈ ពេលធ្វើចត្តាឡីស័ក បានកន្លងផុតទៅហើយ ពួកគាត់មិនមានករណីកូវីដ-១៩ (អវិជ្ជមាន) ទើបសមត្ថកិច្ចរៀបចំបញ្ជូន ពួកគាត់ ទៅកាន់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធី៕/V-PC