ដោយៈ រ៉ាម៉ន/ភ្នំពេញៈ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអះអាងថាៈ ពេញមួយឆ្នាំ ២០២០ កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់ ការគ្រប់ គ្រង ទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយនឹងការគ្រប់គ្រង រដ្ឋបាលទូទៅ បានយ៉ាងល្អប្រសើរ រហូតទទួលបាននូវការគាំទ្រ និងការជឿទុកចិត្ត ពីសំណាក់បងប្អូនប្រជាពលរដ្ឋ នៅរាជធានី ភ្នំពេញ យ៉ាងពេញទំហឹង។
នេះបើតាមការលើកឡើង របស់លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ដោយមានវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថាៈ បញ្ហាសន្តិសុខ សណ្ដាប់ ធ្នាប់សាធារណៈ ការទប់ស្កាត់ជំងឺកូវីដ-១៩ និងការគ្រប់គ្រងរដ្ឋបាលទូទៅ ឃើញថា ក្នុងមួយឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ រក្សាបានយ៉ាងល្អប្រសើរ ។ ប៉ុន្តែក៏នៅមាន ចំណុចខ្វះខាត សេសសល់មួយចំនួន ដែលអាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់ ថែមទៀតដែរ។
លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ ខិតខំប្រមូល ផ្ដុំកម្លាំង ដើម្បីអនុវត្តធ្វើយ៉ាងណា ឱ្យភូមិ សង្កាត់ មានសុវត្ថិភាព និងត្រៀមបង្ហាញពី សមិទ្ធផលនានា ជាមួយនឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ទាំងនេះបង្ហាញឲ្យ សាធារណជន បានឃើញ ដើម្បីយើងត្រៀម ទទួលយកជោគជ័យ ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាសង្កាត់ នៅឆ្នាំ២០២២ ខាងមុខនេះ ។ លោកក៏បានស្នើសុំឲ្យ ពង្រឹងតួនាទីគ្រប់ថ្នាក់ ទាំងថ្នាក់ខណ្ឌ និងសង្កាត់ ពីរបៀបរបបធ្វើការងារ ឲ្យកាន់តែល្អ ប្រសើរ កាន់តែទំនើប ធានាបានស្ថេរភាព ១០០ ភាគរយ។
ជាមួយគ្នានោះដែរ ក្រុមប្រឹក្សារាជធានី បានសម្តែងការកោតសរសើរ ចំពោះរដ្ឋបាល រាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ដល់ការខិតខំពង្រឹង ការបង្ក្រាបបទល្មើស គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជា ការដោះស្រាយបញ្ចប់ទំនាស់ និងពាក្យបណ្តឹង ក្នុងឆ្នាំ ២០២០ កន្លងមកនេះ ដែលថ្នាក់ខណ្ឌ បានដោះស្រាយបញ្ចប់ ចំនួន ១៨៨ ករណី និងថ្នាក់សង្កាត់ ដោះស្រាយបញ្ចប់បាន ២៤៨ ករណី។
ចំណែកមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំសិក្សាស្រាវជ្រាវ រកឃើញសំណង់ចាស់ៗ នៅតាមវត្តចំនួន៦៩ លើ ៨៩វត្ត ក្នុងខណ្ឌទាំង១៤ ព្រមទាំងរកឃើញ វត្ថុបុរាណ ដែលមាន នៅតាមវត្តទាំង ៣៦ លើ ១១០វត្ត និងទួលបុរាណចំនួន ២ទៀត (ទួលសំរោង និងទួលចាស់)។ កោតសរសើរ ចំពោះសកម្មភាព ការបំបែកសហកម្មសិទ្ធិ តាមបុរីមួយ ចំនួន។
ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង បានបញ្ជាក់ថាៈ ចំពោះរាល់សំណើ និងសំណូមពរ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ សុំឱ្យរដ្ឋបាលរាជធានី ពង្រឹងតួនាទី គ្រប់ថ្នាក់ទាំងថ្នាក់ ខណ្ឌ និងសង្កាត់ ពីរបៀបរបបធ្វើការងារ ឲ្យកាន់តែល្អប្រសើរនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងខិតខំធ្វើកិច្ចការនេះ ឱ្យប្រសើរឡើង ថែមទៀត ក្នុងឆ្នាំ២០២១នេះ៕/V-PC