ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានចេញ ព្រះរាជក្រឹត្យ ស្តីពីការបន្ធូរបន្ថយទោស និងការលើកលែងទោស។ ព្រះរាជក្រឹត្យនេះ កំណត់អំពីពិធីបុណ្យ លក្ខខណ្ឌ បែបបទ និងនីតិវិធី ក្នុងការបន្ធូរបន្ថយទោស និងការលើក លែងទោស ចំពោះទណ្ឌិត ក្នុងគោលបំណង ដើម្បីធ្វើសមាហរណកម្មទណ្ឌិតនោះ ឱ្យចូលទៅរួមរស់ ក្នុងសង្គមវិញ ឬក្នុងគោលបំណងផ្នែកមនុស្សធម៌។
នៅក្នុងព្រះរាជក្រឹត្យ ត្រង់មាត្រា១ បានចែងថាៈ ព្រះរាជក្រឹត្យនេះ កំណត់អំពីពិធីបុណ្យ លក្ខខណ្ឌ បែបបទ និងនីតិវិធី ក្នុងការបន្ធូរបន្ថយទោស និងការលើកលែងទោស ចំពោះទណ្ឌិត ក្នុងគោលបំណង ដើម្បីធ្វើសមាហរណកម្មទណ្ឌិតនោះ ឱ្យចូលទៅ រួមរស់ក្នុងសង្គមវិញ ឬក្នុងគោលបំណង ផ្នែកមនុស្សធម៌។
មាត្រា២ ព្រះរាជក្រឹត្យនេះ មានវិសាលភាព គ្របដណ្តប់ទៅលើ ការបន្ធូរបន្ថយទោស និងការលើកលែងទោស ចំពោះទណ្ឌិតទាំងអស់ ដែលត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារ ដោយសាលក្រម ឬសាលដីកាស្ថាពរ របស់តុលាការ នៃព្រះរាជាណាចក្រកម្ពុជា និងចំពោះទណ្ឌិត ដែលត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារ ដោយតុលាការនៃរដ្ឋបរទេស ប៉ុន្តែត្រូវបានបញ្ជូនមកឱ្យអនុវត្តទោស នៅព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកតាមការ ព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបរទេសនោះ។ ព្រះរាជក្រឹត្យនេះ មិនអនុវត្ត ចំពោះការលើកលែងទោស ឱ្យទណ្ឌិត ដូចមានបញ្ញត្តិក្នុងមាត្រា ៧៧ នៃច្បាប់ស្តីពី ពន្ធនាគារឡើយ។
មាត្រា៣ ពិធីបុណ្យដែលអាចស្នើសុំ ការបន្ធូរបន្ថយទោស និងការលើកលែងទោស ចំពោះទណ្ឌិត ត្រូវកំណត់ ៥ (ប្រាំ) ដង ក្នុងមួយឆ្នាំ ដូចតទៅៈ
១-ទិវាជ័យជម្នះ លើរបបប្រល័យពូជសាសន៍។
២-ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
៣-ពិធីបុណ្យវិសាខបូជា។
៤-ពិធីបុណ្យឯករាជ្យជាតិ។
៥-ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
ការបន្ធូរបន្ថយទោស និងការលើកលែងទោស ក៏អាចធ្វើផងដែរ ក្នុងពិធីបុណ្យ ឬព្រឹត្តិការណ៍ធំៗ របស់ជាតិ។ ការបន្ធូរបន្ថយទោស និងការលើកលែងទោស ក៏អាចធ្វើ សម្រាប់ ពិធីបុណ្យនីមួយៗ ខាងលើ ដាច់ដោយឡែកពីគ្នា ឬរួមគ្នា។
ជំពូកទី៣ : លក្ខខណ្ឌ នៃការបន្ធូរបន្ថយទោស និងការលើកលែង ផ្នែកទី១ : លក្ខខណ្ឌទូទៅ នៃការបន្ធូរបន្ថយទោស និងការលើកលែងទោស មាត្រា ៤ : ការទទួលលបានការ បន្ធូរបន្ថយទោស និងការលើកលែងទោស មិនមែនជាសិទ្ធិ របស់ទណ្ឌិតនោះទេ ទណ្ឌិតដែលបានបំពេញ តាមលក្ខខណ្ឌ ដូចមានចែង ក្នុងព្រះរាជក្រឹត្យនេះ អាចទទួល បានការ ជាការបន្ធូរបន្ថយទោស ឬជាការលើកលែងទោសបាន ។ ការបន្ធូរបន្ថយទោស និងការលើកលែងទោស អាចអនុវត្តបានតែចំពោះទណ្ឌិតដែលត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារដោយសាលក្រម ឬសាលដីកាស្ថាពរប៉ុណ្ណោះ។
មាត្រា៥. ការបន្ធូរបន្ថយទោស និងការលើកលែងទោស អាចអនុវត្តចំពោះទណ្ឌិត ដែលបានបំពេញលក្ខខណ្ឌ ដូចខាងក្រោមៈ
– ភ្ញាក់រលឹកខិតខំកែប្រែគំនិតមារយាទឱ្យក្លាយជាពលរដ្ឋសុចរិត ដើម្បីធ្វើសមាហរណកម្ម ចូលរួមរស់ក្នុងសង្គមវិញ
– គោរពប្រតិបត្តិ បានយ៉ាងហ្មត់ចត់ និងត្រឹមត្រូវ តាមបទបញ្ជាផ្ទៃក្នុង របស់ពន្ធនាគារ និងជាគំរូ ល្អដល់ទណ្ឌិត និងជនជាប់ឃុំដទៃទៀត
– ចូលរួមអនុវត្តយ៉ាងសកម្ម និងទៀងទាត់នូវកម្មវិធីអប់រំកែប្រែ កម្មវិធីបណ្តុះបណ្តាល វិជ្ជាជីវៈនិងកម្មវិធីសមាហរណកម្ម
– គោរពប្រតិបត្តិ បានយ៉ាងហ្មត់ចត់ និងត្រឹមត្រូវ តាមសេចក្តីណែនាំផ្សេងទៀត របស់ពន្ធនា គារ។ ប្រធានពន្ធនាគារ ត្រូវធ្វើការវាយតម្លៃ និងបញ្ជាក់ អំពីការបំពេញលក្ខខណ្ឌ ខាងលើ របស់ទណ្ឌិត ដែលត្រូវបញ្ចូលឈ្មោះ ក្នុងបញ្ជីទណ្ឌិត ដែលត្រូវស្នើសុំទៅគណៈកម្មការ រាជធានី ខេត្ត និងគណៈកម្មការ ក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងវាយតម្លៃ អំពីកម្រិតកែប្រែ របស់ទណ្ឌិត។
មាត្រា៦. ការបន្ធូរបន្ថយទោស និងការលើកលែងទោស អាចអនុវត្តផងដែរ ក្នុងហេតុផល មនុស្សធម៌ ចំពោះទណ្ឌិត ដែលមានវ័យចាស់ជរា ជាស្ត្រីមានគភ៌ ឬមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ វិបល្លាសស្មារតី ឬពិការភាព ដោយ មានលិខិតបញ្ជាក់ពីគ្រូពេទ្យ ដែលទទួលស្គាល់ ដោយក្រសួងមានសមត្ថកិច្ច។ ប្រធានពន្ធនាគារ ត្រូវធ្វើការបញ្ជាក់ អំពីការបំពេញលក្ខខណ្ឌ តាមស្ថានភាពនីមួយៗរបស់ទណ្ឌិត ដូចមានចែងក្នុងកថាខណ្ឌខាងលើ ដើម្បីរៀបចំបញ្ជី ឈ្មោះទណ្ឌិត ដែលត្រូវស្នើសុំទៅ គណៈកម្មការ រាជធានី ខេត្ត និងគណៈកម្មការ ក្រសួងមហាផ្ទៃ ។
ផ្នែកទី២ : លក្ខខណ្ឌដោយឡែកនៃការបន្ធូរបន្ថយទោស មាត្រា៧. ទណ្ឌិតដែលបាន បំពេញលក្ខខណ្ឌ តាមបញ្ញត្តិនៃមាត្រា៥ នៃព្រះរាជក្រឹត្យនេះ អាចទទួលការបន្ធូរបន្ថយ ទោសបាន លុះត្រាតែទណ្ឌិតនោះ បានទទួលរងទោស ១/៣ (មួយភាគបី) នៃទោសដាក់ ពន្ធនាគារដែលតុលាការ បានកំណត់។ ចំពោះទោសដាក់ពន្ធនាគារ មួយជីវិត ទណ្ឌិតត្រូវ ទទួលរងទោស ១០ (ដប់) ឆ្នាំជាមុនសិន។
រយៈពេល នៃការបន្ធូរបន្ថយទោស ត្រូវបានកំណត់ ដូចខាងក្រោមៈ
១. ទោសដែលដាក់ពន្ធនាគារពន្ធនាគារកំណត់ពី ១ (មួយ) ឆ្នាំ ដល់ក្រោម ៥ (ប្រាំ) ឆ្នាំ អាចនឹងបន្ថយរយៈពេលជាប់ពន្ធនាគារចំនួន ៣ (បី) ខែ។
២-ទោសដាក់ពន្ធនាគារកំណត់ពី ៥ (ប្រាំ) ឆ្នាំ ដល់ក្រោម ១០ (ដប់) ឆ្នាំ អាចនឹងបន្ថយ រយៈពេលជាប់ពន្ធនាគារចំនួន ៦ (ប្រាំមួយ) ខែ ឬ៣ (បី) ខែ។
៣-ទោសដាក់ពន្ធនាគារកំណត់ពី ១០ (ដប់) ឆ្នាំ ដល់ក្រោម ២០ (ម្ភៃ) ឆ្នាំ អាចនឹងបន្ថយ រយៈពេលជាប់ពន្ធនាគារចំនួន ៩ (ប្រាំបួន) ខែ ឬ៦ (ប្រាំមួយ) ខែ ឬ៣ (បី) ខែ។
៤-ទោសដាក់ពន្ធនាគារកំណត់ពី ២០ (ម្ភៃ) ឆ្នាំ ដល់ ៣០(សាមសិប) ឆ្នាំ អាចនឹងបន្ថយរយៈ ពេលជាប់ពន្ធនាគារចំនួន ១២ (ដប់ពីរ) ខែ ឬ៩ (ប្រាំបួន) ខែ ឬ៦ (ប្រាំមួយ) ខែ ឬ៣ (បី) ខែ។
៥-ទោសដាក់ពន្ធនាគារមួយជីវិត អាចនឹងបន្ថយទោសលើកទី១ មកនៅត្រឹម ៣០ (សាមសិប) ឆ្នាំ។
មាត្រា៩.ទណ្ឌិតអាចទទួលការបន្ធូរបន្ថយទោសបានតែម្តងគត់ ក្នុងរយៈពេល ១២ (ដប់ពីរ) ខែ។ ទណ្ឌិតអាចទទួល ការបន្ធូរបន្ថយទោស ច្រើនដងបាន លុះត្រាតែទណ្ឌិតនោះ បានទទួលរងទោស ពាក់កណ្តាល នៃទោសដាក់ពន្ធនាគារ ដែលតុលាការបានកំណត់ ប៉ុន្តែត្រូវគោរព តាមលក្ខខណ្ឌ ដូចមាន ចែងក្នុងកថាខណ្ឌទី១ ខាងលើ។ ចំពោះទណ្ឌិត ដែលត្រូវបានកំណត់ទោស ដាក់ពន្ធនាគារមួយជីវិត ក្រោយពីបានបន្ថយមកនៅ ត្រឹម ៣០ (សាមសិប) ឆ្នាំ អាចនឹងបានទទួល ការបន្ធូរបន្ថយទោស ច្រើនដងទៀតបាន។ ប៉ុន្តែ ទោះជាទណ្ឌិតនោះ បានទទួលការបន្ធូរបន្ថយទោស ច្រើនដងក៏ដោយ ក៏រយៈពេល នៃការទទួលរងទោសទាំងអស់ ត្រូវឱ្យបានយ៉ាងតិច ២០ (ម្ភៃ) ឆ្នាំ។
ផ្នែកទី៣ : លក្ខខណ្ឌដោយឡែកនៃការលើកលែងទោស មាត្រា១០. ទណ្ឌិតដែលបាន បំពេញលក្ខខណ្ឌ តាមបញ្ញត្តិនៃ មាត្រា៥ នៃព្រះរាជក្រឹត្យនេះ អាចទទួលការលើកលែង ទោស ក្នុងករណីទណ្ឌិត បានទទួលរងទោសដាក់ពន្ធនាគារៈ
១-ចំនួនពីរភាគបីនៃទោស។
២-ទណ្ឌិតដែលទទួលទោសដាក់ពន្ធនាគារ អស់មួយជីវិត អាចទទួលការលើកលែងទោស ប្រសិនបើទណ្ឌិតនោះ បានអនុវត្តទោសយ៉ាងតិច ៣០ (សាមសិប) ឆ្នាំ ឬ ២០ (ម្ភៃ) ឆ្នាំ ក្នុងករណីដែលមានការបន្ធូរបន្ថយទោស។
ជំពូកទី៤ : បែបបទ និងនីតិវិធីនៃការបន្ធូរបន្ថយទោស និងការលើកលែងទោស មាត្រា១១. ប្រធានពន្ធនាគារត្រូវរៀបចំ បញ្ជីឈ្មោះទណ្ឌិត ដែលមានលក្ខណៈសម្បត្តិ អាចស្នើសុំ បន្ធូរបន្ថយ និងលើកលែងទោស រួមនឹងសំណុំឯកសារពាក់ព័ន្ធ បញ្ជូនមកគណៈកម្មការ រាជធានី ខេត្ត និង កម្មករក្រសួងមហាផ្ទៃ។ គណៈកម្មការរាជធានី ខេត្ត និងគណៈកម្មការ ក្រសួងមហាផ្ទៃ ត្រូវពិនិត្យ និងវាយតម្លៃ អំពីប្រវត្តិរបស់ទណ្ឌិតម្នាក់ៗដែលបំពេញគ្រប់ លក្ខខណ្ឌ អាចស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស និងត្រូវរៀបចំបញ្ជីឈ្មោះ ទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស រួមនិងសំណុំឯកសារពាក់ព័ន្ធបញ្ជូន ទៅគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស យ៉ាងយឺតបំផុត ៣០ (សាមសិប) ថ្ងៃ មុនថ្ងៃកំណត់ ដូចមានចែង ក្នុងមាត្រា ៣ នៃ ព្រះរាជក្រឹត្យនេះ។ គំរូបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស រួមនិងសំណុំឯកសារពាក់ព័ន្ធ ដូចមានកំណត់ក្នុងកថាខណ្ឌទី១ ខាងលើ ត្រូវកំណត់ដោយគណៈកម្មការថ្នាក់ជាតិ។
មាត្រា១២. ទណ្ឌិតដែលយល់ឃើញថា ខ្លួនបានបំពេញលក្ខខណ្ឌ ក្នុងការស្នើសុំបន្ធូរ បន្ថយទោស ឬលើកលែងទោស ប៉ុន្តែមិនត្រូវបានប្រធានពន្ធនាគារ ធ្វើការស្នើសុំឲ្យខ្លួន សាមីខ្លួន ឬអ្នកតំណាងស្របច្បាប់ មានសិទ្ធិ ប្តឹងតវ៉ាទៅគណៈកម្មការថ្នាក់ជាតិ ដោយមាន ការគាំទ្រ ពីក្រុមការងារប្រឡងប្រណាំង នៃពន្ធនាគារ។ ពាក្យបណ្តឹងតវ៉ានេះ ត្រូវដាក់នៅ គណៈកម្មការថ្នាក់ជាតិ ដោយផ្ទាល់ ឬតាមរយៈប្រធានពន្ធនាគារ។ បន្ទាប់ពីបានទទួល ពាក្យបណ្តឹងតវ៉ានេះ ប្រធានពន្ធនាគារ ត្រូវបញ្ជូនពាក្យប្តឹងនេះ មកគណៈកម្មការថ្នាក់ជាតិ ដោយភ្ជាប់មកជាមួយ នូវរបាយការណ៍ ពាក់ព័ន្ធនឹងការអនុវត្តទោស របស់ទណ្ឌិតនោះ។
មាត្រា១៣. គណៈកម្មការថ្នាក់ជាតិ ត្រូវប្រជុំពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិត ដែលត្រូវស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោស និងរៀបចំបែបបទ ជូនប្រមុខរាជ រដ្ឋាភិបាល ពិនិត្យ និងសម្រេច ដើម្បីដាក់សំណើថ្វាយ ព្រះមហាក្សត្រ សុំបន្ធូរបន្ថយទោស និងលើកលែងទោសឱ្យទណ្ឌិត យ៉ាងយឺត បំផុត ១០ (ដប់) ថ្ងៃ មុនថ្ងៃកំណត់ដូចមានចែង ក្នុងមាត្រា៣ នៃព្រះរាជក្រឹត្យនេះ។
ជំពូកទី៥ : ការអនុវត្តព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោស មាត្រា១៤. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវរៀបចំសំណៅ ចែកផ្សាយ ជូនក្រសួងយុត្តិធម៌ ដើម្បីចាត់ចែងអនុវត្ត ក្រោយពីបានទទួលព្រះរាជក្រឹត្យ បន្ធូរបន្ថយទោស និងលើក លែងទោស ។
មាត្រា១៥. រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រូវចាត់បញ្ជូនព្រះរាជក្រឹត្យ បន្ធូរបន្ថយទោស និងលើក លែងទោស ទៅព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងរាជធានី ខេត្តដែលមាន សមត្ថកិច្ច ដើម្បីអនុវត្ត។
មាត្រា១៦. ចំពោះទណ្ឌិតដែលត្រូវបានលើកលែងទោស ដោយព្រះរាជក្រឹត្យនឹងត្រូវដោះ លែង ឱ្យមានសេរីភាពវិញភ្លាម ដោយប្រធានពន្ធនាគារ បន្ទាប់ពីទទួលបានដីកាបង្គាប់ ឱ្យដោះលែងទណ្ឌិតរបស់ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងរាជធានី ខេត្ត ដែលមានសមត្ថកិច្ច។ ទណ្ឌិតដែលត្រូវបាន បន្ធូរបន្ថយទោស ដោយយព្រះរាជក្រឹត្យ លើកលែងឲ្យទណ្ឌិតនោះ រួចផុតពីការអនុវត្តទោស សម្រាប់រយៈពេល ដែលត្រូវបាន បន្ធូរបន្ថយ។ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងរាជធានី ខេត្ត ដែលមានសមត្ថកិច្ច និងប្រធានពន្ធនាគារ ត្រូវធ្វើប្រកាសផ្សព្វផ្សាយ ព្រះរាជក្រឹត្យបន្ធូរបន្ថយដល់ទណ្ឌិតដែល ត្រូវបានបន្ធូរបន្ថយទោស។
មាត្រា ១៧ . ការបន្ធូរបន្ថយទោស និងការលើកលែងទោស មិនមែនជាឧបសគ្គដល់ សិទ្ធិរបស់ជនរងគ្រោះ ក្នុងការទទួលសំណង ជួសជុលការខូចខាតទេលើកលែងតែមាន បញ្ញត្តិ ផ្ទុយនឹងព្រះរាជក្រឹត្យ ដែលពាក់ព័ន្ធនឹងការបន្ធូរបន្ថយទោស និងលើកលែង ទោសនោះ។
ជំពូកទី៦ : អវសានបញ្ញត្តិ
មាត្រា ១៨. ក្រឹត្យលេខ ២៨ក្រ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៨៨ និងបទបញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងព្រះរាជក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា ១៩. សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហត្ថលេខាតទៅ៕/V-PC