សួនច្បារ​ថ្មី សម្រេចបាន ៨៥% ហើយ​គ្រោង​នឹង​បញ្ចប់ នៅមុន​បុណ្យចូលឆ្នាំ​ខ្មែរ ខាងមុខនេះ

ដោយៈ តាកែវ / តាកែវៈ សមិទ្ធផល​ថ្មី​មួយទៀត​ហើយ នៅក្នុង​ខេត្តតាកែវ ដែល​ត្រូវ សម្រេចបាន នៅ​ដើមឆ្នាំ​២០២១ នេះ កំពុងមាន​ការគាំទ្រ និង​ចាប់អារម្មណ៍ ខ្លាំង​ពី​សំណាក់ បងប្អូន​ប្រជាពលរដ្ឋ រស់នៅក្នុង​ខេត្តតាកែវ ជាមួយ​ការកែលំអ​ពង្រីក​សួនច្បារ មាត់បឹង​តាកែវ ឱ្យ​កាន់​តែមាន សភាព​ធំ​ទូលាយ និង​មាន​សោភ័ណភាព ស្រស់ស្អាត​ឡើង​ថែម​មួយ កម្រិត​ធំ​ទៀត ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ រស់នៅក្នុង​ខេត្ត បាន​មកលេង​កម្សាន្ត ធ្វើ​លំ​ហាត់ប្រាណ ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ បែប​បរិយាកាស ធម្មជាតិ មាត់បឹង​តាកែវ​។​

​ជាមួយនឹង​ការ​ប្រែ​មុខមាត់​ថ្មី លើ​ការអភិវឌ្ឍ នៅក្នុង​ខេត្តតាកែវ​នេះ លោក អ៊ូច ភា អភិបាល ខេត្តតាកែវ បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ នេះ​ថាៈ ពិតណាស់ ក្នុង​ខេត្តតាកែវ បាន​នឹង​កំពុង​ឈានទៅរក​ចំណុច​អភិវឌ្ឍន៍ ទៅ​មុខជា​បន្តបន្ទាប់ មិនថាតែ​សួនច្បារ​ធំៗ ទាំងនេះ​នោះទេ គឺមាន​ប្រព័ន្ធ​ហេ​ដ្ឋា​រចនាសម្ព័ន លើផ្លូវ​ថ្នល់​កៅស៊ូ និង​ថ្នល់​បេតុង​ជាច្រើន​ខ្សែ ដែល​កំពុងផ្តល់​ភាពងាយស្រួល ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ការធ្វើ​ចរាចរណ៍ លើ​ដងផ្លូវ ដឹកទំនិញ​កសិផល មក​លក់​នៅតាម​ទីផ្សារ​នានា​។ លើសពីនោះ​ទៀត ការស្តារ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និង​ប្រព័ន្ធ​លូបង្ហូរទឹក​មិនឱ្យ លិច​នេះ ក៏បាន​ធ្វើឱ្យ​ហាងឆេង​ដី របស់​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត មានការ​កើនឡើង មួយកម្រិត​ថែមទៀត​។​

​លោក អ៊ូច ភា បាន​បន្តថាៈ នៅ​ដើមឆ្នាំ​២០២១ នេះ គឺ​យើង​បានសម្រេច នូវ​ការកែលំអ ពង្រីក​សួនច្បារ​ថ្មី​នេះ គឺ​សម្រេចបាន ៨៥% ហើយនឹង​គ្រោង​បញ្ចប់ គម្រោង​នេះ នៅមុន ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ខាងមុខ ហើយ​មិនតែប៉ុណ្ណោះ ខេត្ត​ក៏បាន​ពង្រីក​ប្រព័ន្ធ​សរសៃឈាម សេដ្ឋកិច្ច ដែល​អាច​និយាយបានថា ជាការ​ជួសជុល ចាក់​ពង្រីក​ថ្នល់​កៅស៊ូ ប្រភេទ DBST ជាច្រើន​ខ្សែ​ថែមទៀត នៅតាម​តំបន់​ជាយក្រុង​ដូន​កែវ ត​ភ្ជាប់​ជាមួយ​បណ្តា​ស្រុក​ផ្សេងៗ នៅជាប់​គ្នា ដើម្បី​សម្រួល​ដល់​ការងារ ដឹកជញ្ជូន​ផលិតផល កសិផល ស្រូវ ដំណាំ បន្លែបង្ការ​ផ្សេងៗ យកមក​ចែកចាយ លក់​នៅតាម​ទីផ្សារ​ធំ នៅក្នុង​ចំណុចកណ្តាល នៃ​បេះដូង​ខេត្តតាកែវ​តែម្តង​។​

​ទន្ទឹមនឹង​ការទទួលបាន នូវ​សមិទ្ធផល​ថ្មីៗ​នេះដែរ លោក​អភិបាលខេត្ត បាន​អំពាវនាវ​ដល់ បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ចូលរួម​ថែរក្សា ឱ្យបាន ចំពោះ​ការសម្អាត បរិស្ថាន​ល្អ ស្អាត​នេះ សម្រាប់​សួនច្បារ ដោយឡែក សម្រាប់​ផ្លូវថ្នល់ សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​លើ​ដងផ្លូវ មេត្តា​ចូលរួម​គោរព ច្បាប់​ចរាចរណ៍​ផ្លូវគោក ទាំងអស់គ្នា ឱ្យបាន​ខ្ជាប់ខ្ជួន រួមគ្នា​ជាមួយនឹង​រាជរដ្ឋាភិបាល ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​កាត់បន្ថយ​អត្រា គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ប្រទេស ឱ្យ​ធ្លាក់​មក​នូវ​កម្រិត​ទាប​បំផុត​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular