ដោយៈ ភ្នំខៀវ/ប៉ៃលិនៈ ថ្នាក់ដឹកនាំក្រសួងការពារជាតិ បានចុះសាកសួរសុខទុក្ខ និងនាំ ស្បៀងអាហារ ទៅចែកជូនដល់ កងកម្លាំងឈរជើង នៅតាមបន្ទាត់ព្រំដែនស្របពេល ដែលអាកាសធាតុ ចុះត្រជាក់ខ្លាំង។
ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ លោក អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយ មូលដ្ឋាន ខេត្តប៉ៃលិន បានលើកការកោតសរសើរ និងលើកទឹកចិត្ត ចំពោះវីរ:ភាពក្លាហាន និងឆន្ទៈលះបង់ខ្ពស់ នូវកម្លាំងកាយចិត្ត មិនខ្លាចការនឿយហត់ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។ ទោះប្រទេសឋិត ក្នុងដំណាក់កាល ឆ្លងកាត់នូវជំងឺកូវីដ-១៩ យ៉ាងណាក្តី គ្រប់កងកម្លាំងទាំងអស់ នៅតែមានស្មារតីមុះមុត សាមគ្គីភាព ឯកភាពផ្ទៃក្នុង បានល្អ រួមគ្នាបំពេញភារកិច្ច បានសម្រេចតាមផែនការគ្រោងទុក ពិសេសការរួមគ្នាទប់ស្កាត់ ការរីករាលដាល នៃវីរុសកូវីដ-១៩ ដែលកំពុងតែបៀតបៀន នៅប្រទេសជិតខាង។
លោក អ៊ី ឈាន បានបន្តថាៈ ក្រៅពីបេសកកម្ម រួមគ្នាប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩ កងកម្លាំងទាំង៣ប្រភេទ ក៏ត្រូវផ្តោតការតាមដាន យកចិត្តទុកដាក់ ជាសំខាន់បន្ថែមទៀត ចំពោះការរក្សាសណ្តាប់ធ្នាប់ សន្តិសុខ តាមព្រំដែន និងទប់ស្កាត់ បង្ក្រាបរាល់បទល្មើស ឆ្លងដែន ក៏ដូចជា ការជួញដូរខុសច្បាប់ផ្សេងៗ។
ក្នុងដំណើរសាកសួរសុខទុក្ខនេះដែរ ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ បាននាំយកនូវ ស្បៀងអាហារ និងសម្ភារ:មួយចំនួន ប្រគល់ជូនដល់ កងកម្លាំងប្រចាំ គោលដៅ ទាំងអស់ រួមមានៈ ម៉ាស កៅស៊ូតង់ អង្ករ ទឹកស៊ីអ៊ីវ មី ទឹកត្រី ទឹកសុទ្ធ ទឹកក្រូច ពងទា ជែល អាល់កុល និងថវិកាមួយចំនួនទៀត៕/V-PC