ក្រសួង​២​រួមគ្នា​បង្កើត​ថ្នាល​បណ្ដុះបណ្ដាល​និស្សិត​ខ្មែរ លើ​ជំនាញ​បច្ចេកទេស​សាធារណៈ ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​

ដោយ​: ដេប៉ូ / ភ្នំពេញ​: ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​ក្រសួង​សារ​ធា​រណការ និង​ដឹកជញ្ជូន តាមរយៈ​វិទ្យាស្ថាន​តេ​ជោ​សែន សារ​ធា​រណការ និង​ដឹកជញ្ជូន និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​បង្កើត​ថ្នាល​បណ្ដុះបណ្ដាល​និស្សិត​ខ្មែរ លើ​ជំនាញ​បច្ចេកទេស​សាធារណៈ ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ឱ្យ​កាន់តែ​មានការ​រីកចម្រើន​។

​គួរ​បញ្ជាក់ថា នា​កន្លងមក គេ​មិនទាន់​ឃើញ​មាន​គ្រឹះស្ថាន​ណាមួយ​ផ្ដោតលើ​ការបណ្ដុះបណ្ដាល លើ​ជំនាញ​បច្ចេកទេស​សាងសង់​ស្ពាន ថ្នល់ កំពង់ផែ និង​ផ្លូវដែក​នៅឡើយ​ទេ​។​

​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នៅ​ថ្ងៃទី​១៣ ខែ មករា​ឆ្នាំ​២០២១​នេះ​បានឱ្យដឹងថា​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​មានការ​ចូលរួម​ពី​សំណាក់​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង លោក បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ។​

​ប្រភព​ខាងលើនេះ បាន​បញ្ជាក់ថា ការបង្កើត​ថ្នាល​បណ្ដុះបណ្ដាល​និស្សិត​ខ្មែរលើ​ជំនាញ​បច្ចេកទេស​សាធារណៈ​នេះដែរ​គឺ​ដើម្បី​កូន​ខ្មែរ​ជំនាន់​នេះ និង​ជំនាន់​បន្តបន្ទាប់​ទៀត មាន​សមត្ថភាព និង​ទំនុកចិត្ត​គ្រប់គ្រាន់​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​កម្ពុជា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់ បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​នៅក្នុង​វិទ្យាស្ថាន​នេះ​។

​នៅក្នុង​ឆ្នាំ​សិក្សា​២០២០-២០២១ នេះ វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន សហការ​ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នឹង​ជ្រើសរើស​និស្សិត​ចំនួន ២០០​នាក់ ដើម្បី​សិក្សា​នៅ​វិ​ទ្យ​សា្ថ​ន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន ប៉ុន្តែ​ក្រសួង​ទាំងពីរ​កំពុង​ពិភាក្សា​លើ​ថ្លៃ​សិក្សា ឬ​ការផ្ដល់​អាហារូបករណ៍​។ ជាមួយគ្នា​នោះ​ផងដែរ ក្រសួង​នឹង​ខិតខំ​ប្រឹងប្រែង​ស្វែងរក​មូលនិធិ​នានា​ពី​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ផ្ដល់​អាហារូបករណ៍​ជូន​និស្សិត​ដែល​ជួប​ការលំបាក ប៉ុន្តែ​មាន​សមត្ថភាព មាន​មហិច្ឆតា និង​មាន​ឆន្ទៈ​ខ្ពស់​ចង់​សិក្សា​ជំនាញ​នេះ នៅ​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular