ដោយ: ពៅនិមល / ភ្នំពេញ: លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានអង្គប្រជុំ បានបើកកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការ លេខាធិការដ្ឋាន និងក្រុមការងារសម្រាប់ត្រៀមរៀបចំវេទិកា “សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១កន្លងទៅ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះជាវេទិកាអមមួយក្នុងក្នុងចំណោមវេទិកាទាំង៧ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ហើយកិច្ចប្រជុំកំពូលនេះ ជាវេទិកាដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្ដិការរវាងតំបន់ និងតំបន់ ដែលផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ដូចជា៖ ១.កិច្ចប្រជុំអាស៊ី-អឺរ៉ុបផ្តល់ឲ្យកម្ពុជានូវឱកាសល្អក្រៃលែង ដើម្បីលើកកម្ពស់មុខមាត់របស់ខ្លួននៅលើឆាកអន្តរជាតិ ២.វេទិកានេះផ្ដល់ឱកាសដល់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា ជាមួយសមាជិកដទៃទៀត តាមរយៈកិច្ចប្រជុំកម្រិតខ្ពស់នានានៃដំណើរការរបស់ ASEM និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាក់លាក់សម្រាប់ការ អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា រួមមានការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងវប្បធម៌ជាដើម ៣.កិច្ចប្រជុំអាស៊ី-អឺរ៉ុប បានរួមចំណែកលើកស្ទួយការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ទាំងក្នុងវិស័យសាធារណៈនិងឯកជន និង៤.ការតភ្ជាប់នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប គឺជាទិដ្ឋភាពដ៏រស់រវើកបំផុតសម្រាប់កម្ពុជា ដើម្បីការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន នៅក្នុងបរិបទដែលតំបន់អាស៊ី-អឺរ៉ុប កំពុងតែមានការតភ្ជាប់គ្នាកាន់តែខ្លាំងឡើងៗ។
លោកលើកឡើងបន្តថា កិច្ចប្រជុំនេះ ជាវេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ីនិងអឺរ៉ុប ដែលផ្តោតលើការពង្រឹងភាពជាដៃគូជំរុញឱ្យមានសន្តិភាព និងសន្តិសុខ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។ លើសពីនេះកិច្ចប្រជុំនេះ មានវិសាលភាពគ្របដណ្តប់លើទិដ្ឋភាពនយោបាយ និងសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទិដ្ឋភាពវប្បធម៌-សង្គម ហើយយន្តការនេះក៏ជាវេទិកាដ៏ល្អប្រសើរសម្រាប់ថ្នាក់ដឹកនាំដោះស្រាយបញ្ហាប្រឈមសកលនានាផងដែរ។
បន្ទាប់ពីសេចក្ដីរាយការណ៍របស់ក្រុមការងារទាំង៤ រួមមាន ក្រុមការងារលេខាធិការដ្ឋាន ក្រុមការងារឯកសារ និងផ្សព្វផ្សាយព័ត៌មាន ក្រុមការងារពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន សិល្បៈ និងសន្ដិសុខ ក្រុមការងារផ្គត់ផ្គង់ និងហិរញ្ញវត្ថុរួចមក លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ក្នុងវេទិកានេះត្រូវត្រៀមជាលក្ខណៈ Virtual និង Physical ហើយការអញ្ចើញត្រូវពិនិត្យឱ្យបានច្បាស់លាស់ព្រោះអ្នកចូលរួមសុទ្ធតែមានសក្ដានុពលខ្ពស់ ព្រមទាំងត្រៀមវីដេអូឱ្យបានរួចរាល់ជាមុន។ ម្យ៉ាងវិញទៀត ដោយបច្ចុប្បន្នស្ថិតក្នុងបរិការណ៍នៃការរាតត្បាតជំងឺកូវីដ១៩ ត្រូវគិតគូពីឧបករណ៍សុវត្ថិភាពដើម្បីត្រៀមរៀបចំវេទិកាដ៏មានសារៈសំខាន់នេះ ព្រមទាំងចំនួនភ្ញៀវចូលរួមបន្ទប់ប្រជុំ គម្លាតសុវត្ថិភាព ម៉ាស ទឹកអាល់កុល ឬជែលលាងដៃ និងឧបករណ៍ថតសីតុណ្ហភាព ដោយអនុលោមតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវត្រៀមគ្រូពេទ្យសម្រាប់សង្គ្រោះនៅពេលមានបញ្ហាអ្វីមួយកើតឡើង៕