ដោយ: ពៅនិមល / ភ្នំពេញ: ក្រោយទទួលបានព័ត៌មានពីការផ្ទុះករណីជំងឺផ្តាសាយបក្សី លើសត្វមាន់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីកន្លងទៅថ្មីនេះ ប្រជាពលរដ្ឋ និងអាជីវករ បានសម្តែងការព្រួយបារម្ភ។ ក្នុងនោះអាជីវករលក់សាច់មាន់ បានអះអាងថា ការទិញមាន់ គឺមានប្រភពច្បាស់លាស់ និងមានការបញ្ជាក់យ៉ាងត្រឹមត្រូវពីអាជ្ញាធរសុខភាពសត្វ។
តាមការឱ្យដឹងរបស់ក្រុមអាជីវករលក់សាច់មាន់ នៅផ្សារច្បារអំពៅ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ បានប្រាប់រស្មីកម្ពុជាថា ពួកគាត់មានការព្រួយបារម្ភជុំវិញការផ្ទុះឆ្លងជំងឺផ្តាសសាយបក្សី លើសត្វមាន់ក្នុងស្រុក ដោយលើកឡើងថា ការទិញសាច់មាន់យកមកលក់លើទីផ្សារ គឺមានប្រភពច្បាស់លាស់ ពិសេសទទួលយកតែចំពោះអ្នកស្គាល់ប៉ុណ្ណោះ (ម៉ូយ)។
រីឯ អ្នកទិញសាច់មាន់បរិភោគវិញ បានលើកឡើងស្រដៀងគ្នាថា មុននិងទិញទំនិញណាមួយនោះ គឺ ពិនិត្យច្បាស់លាស់ និងសួរនាំយ៉ាងត្រឹមត្រូវពីប្រភពសាច់មាន់ ដើម្បីចៀសសវាងពីបញ្ហាកើតឡើងជាយថាហេតុ ព្រោះថាគ្រប់មុខទំនិញ មិនថាតែចំពោះសាច់មាន់ទេ គឺគ្រប់មុខទំនិញតែម្តង ដែលដាក់លើទីផ្សារ មិនអាចធានាថា ជាទំនិញល្អទាំងអស់បានទេ។
សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសបន្ទាន់អំពីការកំណត់តំបន់ផ្ទុះនៃជំងឺផ្តាសាយបក្សី ហៅកាត់ H5N1នេះ ដែលរួមមាន៖ មាន់ ទា ចំនួនជិត០២ពាន់ក្បាលបានងាប់ ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវដល់កសិករចិញ្ចឹមសត្វ និងម្ចាស់កសិដ្ឋានទាំងអស់ត្រូវអនុវត្តវិធានការអនាម័យជាប្រចាំ រួមមានការបាញ់សម្លាញ់មេរោគនៅក្នុងទីតាំងចិញ្ចឹម ឬកសិដ្ឋាននោះចំនួន ០២ដងរៀងរាល់មួយសប្តាហ៍ ដើម្បបង្ការមេរោគផ្សេងៗ ក្នុងនោះម្ចាស់កសិដ្ឋានត្រូវចូលរួមការទប់ស្កាត់ ឬមិនត្រូវអនុញ្ញាតបុគ្គលដែលធ្លាប់ទៅទីតាំងដែលមានសត្វឈឺនោះចូលកសិដ្ឋានរបស់ខ្លួនឡើយ ដើម្បីបង្ការការចម្លងជំងឺផ្តាសាយបក្សីទៅតំបន់ផ្សេងទៀតផងដែរ៕