ដោយៈសុផល/ភ្នំពេញ៖ ប្រជាជនក្រីក្រ ចាស់ជរានិងលោកតាស៊ីក្លូប្រមាណជាង៣០០នាក់បានទទួលគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់ ថ្នាំសង្កូវ និងថវិកាមួយចំនួន ព្រម ទាំង កាត់សក់ជូនដោយឥតគិតថ្លៃ។
នេះជាកម្មវិធីសប្បុរសធម៌ “ចែករំលែកផ្តល់ភាពកក់ក្តៅលើកទី៥” របស់វីតាល់និងមីជាតិដែលត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅបរិវេណសួនច្បារប្រាជ្ញាបារមី ក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។
កម្មវិធីនេះឡើង ក្នុងគោលបំណងដើម្បីពង្រីក វប្បធម៌នៃការចែករំលែក ក្នុងគោលការណ៍ស្រលាញ់រាប់អាន ផ្តល់អធ្យាស្រ័យ និងគោរពគ្នាដោយស្មោះស្ម័គ្រ។ជាងនេះទៅទៀត កម្មវិធីសប្បុរសធម៌នេះក៏ចូលរួមរំលែកការលំបាកនិងផ្តល់ភាពកក់ក្តៅដល់អ្នកខ្សត់ខ្សោយដែលត្រូវការជំនួយជាពិសេសនៅក្នុងកាលៈទេសៈដ៏តានតឹងនៃជម្ងឺរាតត្បាតជាសកលកូវីដ ១៩ ផងដែរ។
ស្ថិតក្នុងឱកាសដ៏មានអត្ថន័យនេះ លោកស្រីអគ្គនាយិកានៃក្រុមហ៊ុនបានមានប្រសាសន៍ ថា “រដូវលំហើយបានមកដល់ វាពិតបង្កការលំបាកណាស់សម្រាប់មនុស្សចាស់លោកពូ អ្នកមីង បងៗដែលមានជីវភាពខ្សត់ខ្សោយ។ក្នុងនោះពួកគាត់ខ្លះមិនមានទីជំរកសមរម្យ អ្នកខ្លះមិនមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ និងអ្នកខ្លះមិនមានលទ្ធភាពទិញអាហារបរិភោគ និងថ្នាំសង្កូវប្រើប្រាស់។”
លោកស្រីបានបន្តថា “អាស្រ័យហេតុដូចនេះទើប វីតាល់ និងមីជាតិ បន្តរៀបចំកម្មវិធីនេះឡើង ដោយក្រុមហ៊ុន សង្ឃឹមថា នឹងអាចចូលរួមចំណែក រំលែកការលំបាកមួយចំនួន និងផ្តល់ភាពកក់ក្តៅ ជូនដល់ លោកតា លោកពូ អ្នកមីង បងៗ ដែលមានការលំបាក។”
គួរបញ្ជាក់ផងដែរ ចំពោះអំណោយដែលក្រុមហ៊ុនបានចែកជូននាថ្ងៃនេះ មានដូចជា អង្ករ ទឹកពិសាវីតាល់ មីជាតិ និងឃីត ក្នុងនោះមានភួយក្រមាថ្នាំសង្កូវនិងថវិកាមួយចំនួនផងដែរ។ចាស់ជរានិងប្រជាជនដែលចូលរួមភាគច្រើនប្រកបរបបតិចតួចដើម្បីចិញ្ចឹមជីវិតតួយ៉ាង ធាក់ស៊ីក្លូ លក់អំបោស សំលៀងកាំបិត កាន់ជញ្ជីងថ្លឹងគីឡូ និងជនពិការខ្វះខាតជាដើម។
គួរកត់សម្គាល់ថា៖វីតាល់ និងមីជាតិ ជាក្រុមហ៊ុនក្នុងស្រុកដែលទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាជនកម្ពុជា ចំពោះការងារសប្បុរសធម៍និងសង្គម អស់រយៈជាង១០ឆ្នាំមក ហើយ។ ក្រុមហ៊ុនទាំងពីរ ក៏បានអំពាវដល់សាធារណជន យុវជនសម័យថ្មី សូមចូលរួមក្នុងសកម្មភាពសប្បុរសធម៌ និងសង្គម ឲ្យកាន់តែទូលំទូលាយបន្តទៅទៀតដើម្បីសង្គមជាតិយើងទាំងអស់គ្នា៕ph