ដោយ: ជា សីហ:/ភ្នំពេញ: លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយលោកឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាបានធ្វើដំណើរ ទៅកាន់ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងដើម្បីពិនិត្យ កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្ម កម្ពុជា-អូស្ត្រាលី ហៅកាត់ថា CAVAC (Cambodia-Australia Agriculture Value Chain Program) និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ។
ប៉ាប្លូ ជីហូ កាង ( Pablo Chiho Kang)ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានចាប់អារម្មណ៍អំពីជំនួយនា ពេលនេះ ដែលជាផ្នែកមួយក្នុងការចូលរួមស្តារឡើងវិញផលិតកម្មស្រូវទាំង ១៩ខេត្តទូទាំង ប្រទេសដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងដើម្បីចូលរួមលើកកម្ពស់សន្តិ សុខស្បៀងក្នុងខណ:ដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងជួបវិបត្តិនៃការរីករាលដាល ជាសកលជំងឺឆ្លងកូវីដ-១៩។
លោកឯកអគ្គរាជទូតក៏បានរំលេចជូនអង្គពិធីឲ្យបានឃើញអំពីកម្មវិធី CAVAC ដែលបាន និងកំពុងបំពេញតួនាទីយ៉ាងសំខាន់ និងជាដៃគូចាំបាច់ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការចូលរួមចំណែកជំរុញផលិតភាពផលិតកម្មស្បៀងតាមរយ:ការលើកកម្ពស់គុណភាពគ្រាប់ពូជដំណាំ ការធ្វើពិពិធកម្មកសិកម្ម ការកែលម្អខ្សែច្រវាក់តម្លៃការផ្តល់ធាតុ ចូលកសិកម្ម និងទីផ្សារកសិផល និងការកែលម្អប្រព័ន្ធស្រោចស្រព ក្នុងគោលបំណងបង្កើន ផលិតភាព និងប្រាក់ចំណូលរបស់គ្រួសារកសិករខ្នាតតូច និងពាណិជ្ជកម្មស្រូវ-អង្ករ ដំណាំផ្សេងៗ និងពង្រឹងប្រព័ន្ធទីផ្សារ ហើយថ្ងៃនេះជួយឧបត្ថម្ភឧបករណ៍ដាំគ្រាប់ស្រូវ ផងដែរ។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ជូនថារដ្ឋាភិបាលអូស្ត្រាលីនឹងនៅតែជាដៃគូយ៉ាងជិតស្និទ្ធជា មួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេស និងជាពិសេសស្តារផលិតកម្មស្បៀង ឡើងវិញក្នុងខណ:ដែលកម្ពុជា ក៏ដូចពិភពលោកកំពុងប្រឈបបញ្ហាកូវិដ-១៩។
លោករដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹករបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹត្តបណ្ឌិតមកជូនបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកបរិបូរណ៍ និងជាពិសេសម្ចាស់ស្រែដែលមានវត្តមាននាពេលនេះ និងជូនពរឲ្យជួប តែពុទ្ធពរទាំង ៤ប្រការ។
លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជននិងរដ្ឋាភិបាល អូស្ត្រាលី ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ កសាង និងអភិវឌ្ឍប្រទេស កម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្ម តាមរយ:គម្រោងកម្មវិធី ការស្រាវជ្រាវនិងការបណ្តុះ បណ្តាលធនធានមនុស្ស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យ មួយនេះឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ជាក់ស្តែងថ្ងៃនេះ ឧបករណ៍ដាំគ្រាប់ស្រូវ ចំនួន ១០គ្រឿងបន្ថែមទៀត (២០គ្រឿងបានចែកជូនសហគមន៍កសិកម្មនៅខេត្តកំពង់ធំ រួចហើយ) លោករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បាននាំយកមកចែកជូនសហគមន៍កសិកម្ម ដើម្បីរួមចំណែកពន្លឿនការងារដាំដុះស្រូវរបស់បងប្អូនប្រជាកសិករ កាត់បន្ថយពលកម្ម មនុស្ស ចំណេញពេល និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។
ឆ្លៀតយកឱកាសនេះផងដែរ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ជូនថាដោយស្វែងយល់អំពីតម្រូវ ការចាំបាច់ឧបករណ៍ព្រោះគ្រាប់ស្រូវ ដើម្បីជំរុញល្បឿននៃការស្តារផលិតកម្មដំណាំស្រូវ ឡើងវិញក្រោយពេលជំនន់ទឹកភ្លៀង សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន តាមរយ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយឧបត្ថម្ភឧបករណ៍ព្រោះគ្រាប់ ស្រូវនេះចំនួន ២៨០គ្រឿងដើម្បីយកទៅចែកជូនសហគមន៍កសិកម្មសម្រាប់បម្រើឲ្យ សកម្មភាពស្តារផលិតកម្មដំណាំស្រូវ។
ចប់កម្មវិធីចែកឧបករណ៍ លោករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូតបានអញ្ជើញចូលរួម ប្រមូលផលស្រូវជាមួយបងប្អូនប្រជាកសិករ និងពិនិត្យមើលការលូតលាស់ដំណាំស្រូវ ដែលបានស្តារឡើងវិញរបស់បងប្អូនប្រជាកសិករនៅជាប់ទីតាំងប្រារព្វពិធីផងដែរ៕/PC