Home ព័ត៌មានសំខាន់ៗ ពលករ​ខ្មែរ វិ...

ពលករ​ខ្មែរ វិល​ពី​ថៃ មក​បន្ទាយមានជ័យ វិជ្ជមាន​កូ​វីដ​-១៩ កើន​ដល់ ១៣ នាក់​, សម្តេចនាយក​រដ្ឋមន្ត្រី បន្ថែម​ជំនួយ​

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ពលករ​ខ្មែរ បាន​វិល​ពី​ថៃ មក​ខេត្តបន្ទាយមានជ័យ បាន​ត្រូវ​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ កើន​ដល់​ចំនួន ១៣ នាក់ ក្នុងនោះ​ស្រី ៨ នាក់ ហើយ​ឥឡូវ នេះ ក្រុមគ្រូពេទ្យ​ជួរមុខ បាន​កំពុង​បន្ត​ទទួល​ពិនិត្យ ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​នានា នៅក្នុង​ខេត្ត​នេះ​។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធ ជំងឺ​កូ​វីដ​-១៩ បាន​ប្រាប់​គេហទំព័រ រស្មី​កម្ពុជា កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១​ថាៈ ពលករ​ខ្មែរ វិលត្រឡប់​ពី​ថៃ កាត់​តាម​ព្រំដែន​កម្ពុជា ថៃ នៃ​ភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បាន​ត្រូវ​ក្រុមគ្រូពេទ្យ​ជួរមុខ ទទួល​ពិនិត្យ និង​យក​វត្ថុ​សំណាក រក​មេរោគ​កូ​វីដ ១៩ នៅតាម មណ្ឌល​ច​ត្តា​ឡី​ស័ក​នានា ក្នុង​ខេត្ត គិត​ត្រឹម​ថ្ងៃទី​១៣ ខែមករា គឺ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ កើន​ដល់​ចំនួន ១៣ នាក់ ក្នុងនោះ​មាន​ស្រី ៨ នាក់​។ ក្នុងនោះ រកឃើញ​វិជ្ជា​មាន មុន​ថ្ងៃទី​១២ មាន ៨ នាក់ និង​ពី​ថ្ងៃទី​១២ និង ១៣ មាន ៥ នាក់​ទៀត ។ ៥ នាក់​ក្រោយនេះ គឺ​រកឃើញ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក កម្រិត​២ វិទ្យាល័យ​កូប ស្រុក​អូរជ្រៅ ចំនួន ៣ នាក់ និង​នៅ​មណ្ឌល ច​ត្តា​ឡី​ស័ក កម្រិត​២ កង​វ៉ា ចំនួន ២ នាក់​។ ក្នុងចំណោម​នោះ មាន​ពលករ មាន​លំនៅ នៅ​ខេត្តបន្ទាយមានជ័យ ៤​នាក់ ខេត្តបាត់ដំបង ៧​នាក់ និង​ខេត្តព្រៃវែង ២ នាក់ ។​

​មកទល់ពេលនេះ ពួកគាត់​បាន​នឹង​កំពុង ទទួល​ការពិនិត្យ​ព្យាបាល ពិសេស​គឺ​ថែទាំ​សុខភាព នៅតាម​មន្ទីរពេទ្យ​ខេត្ត និង​មន្ទីរពេទ្យបង្អែក​ស្រុក ក្រុង​នានា នៅក្នុង​ខេត្ត ។ ហេតុនេះ សូម​បងប្អូន​ពលករ ក៏​ដូច​ពលរដ្ឋ មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង​ទាំងឡាយ​ត្រូវ​បង្កើន ការប្រុងប្រយ័ត្ន អនុវត្តតាម​អនុសាសន៍ សម្តេច​តេ​ជោ និង​ការណែនាំ​របស់​ក្រសួង​សុខា ភិ​បាល អោយ​តឹងរ៉ឹង​បន្ថែមទៀត ក្នុងការ​ការពារ ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ។​

​លោក អ៊ុំ រាត្រី ដែល​បាន​បន្ត ក្នុងពេល​ដឹកនាំ​ក្រុមការងារ​ចម្រុះ ខេត្ត​/ ក្រុង ចុះ​ពិនិត្យ ស្ថានភាព ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ តាម​មណ្ឌល​នានា​នា ថ្ងៃនេះ​ទៀត បាន​ថ្លែងថាៈ មកទល់ពេលនេះ អំណោយ​ឧបត្ថម្ភ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​បញ្ជូន​បន្ថែម​ទៀត ដល់​បងប្អូន​ពលករ​ខ្មែរ​មកពី ប្រទេស​ថៃ សរុប​ជិត ៤.០០០ នាក់ ដែល​បាន​នឹង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤ ថ្ងៃ នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក កម្រិត​១ និង​កម្រិត​២ នៅ​ទាំង ១៣ មណ្ឌល​ក្នុង​ខេត្ត​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular