ដោយៈ អូរស្មាច់ / ឧត្តរមានជ័យៈ លោកអភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថាៈ ទន្ទឹមនឹងបរិបទវិស័យអប់រំ បច្ចុប្បន្ន មានការរីកចម្រើន ប្រទេសមាន សុខសុវត្ថិភាព សង្គមមានឱកាស កសាងនូវសមិទ្ធផលជាច្រើន និងមានការយកចិត្តទុកដាក់ខ្ពស់ ពីក្រសួង ក្នុងការកំណែទម្រង់ លើវិស័យអប់រំ លោកគ្រូ អ្នកគ្រូ បង្កើនការផលិត នូវធនធានមនុស្ស ប្រកបដោយសមត្ថភាព សម្រាប់បន្តវេនការអភិវឌ្ឍ ប្រទេសជាតិ។
លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ ដូចនេះ នៅក្នុងពិធី ប្រកាសតែងតាំង មន្ត្រីគ្រប់គ្រង រួមមាន នាយក នាយករង វិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សា ចំនួន ៦៨ រូប នៅក្រោមឱវាទមន្ទីអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។
លោក ប៉ែន កុសល្យ បានមានប្រសាសន៍ថាៈ ការកសាងនូវធនធានមនុស្ស នៅតាមគ្រប់ តំបន់មូលដ្ឋានបាន មានតែលោកគ្រូ អ្នកគ្រូតែប៉ុណ្ណោះ គឺមនុស្សដែលមានចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ និងចេះរស់នៅ ក្នុងសង្គម ទើបមានការចូលរួមចំណែក សម្រេច ទៅទិសដៅ ជាមួយគ្នាបាន។
លោកបានបន្តថាៈ លោកគ្រូ អ្នកគ្រូ ត្រូវខិតខំរកវិធីសាស្ត្រល្អៗ ស្របតាមបរិបទបច្ចុប្បន្ន ជួយដល់សិស្ស បានបញ្ចប់ភូមិសិក្សា មានចំណេះដឹង ស្របតាមកម្រិតថ្នាក់ កាត់បន្ថយ អត្រាបោះបង់ និងត្រួតថ្នាក់។ បន្ថែមពីនេះ ត្រូវមានការរៀបចំ បរិស្ថានសាលា មានសួនច្បារ សួនបំណិន បន្ទប់ទឹកស្អាត និងណែនាំ ដល់សិស្ស ចេះថែរក្សា ការពារសុខភាពអនាម័យ ខ្លួនប្រាណជានិច្ច។ បើទោះបីស្ថានភាពបច្ចុប្បន្ន ខេត្តឧត្តរមានជ័យ ស្ថិតក្នុងការការពារ ការរីករាលដាល ជំងឺកូវីដ.១៩ រាជរដ្ឋាភិបាល មានការខិតខំរិះរកយន្តការ ដើម្បីទប់ស្កាត់ ហើយការការសិក្សារបស់សិស្ស និងការបម្រើការងារ របស់មន្ត្រីរាជការ និងការងារ របស់ប្រជាពលរដ្ឋ ក៏មិនបានបញ្ឈប់ គឺនៅដំណើការជាធម្មតា តែនៅអនុវត្តតាមការណែនាំ ការការពារសុខភាពជាចាំបាច់។
លោក ប៉ិច រតនា ប្រធានមន្ទីអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ បានឱ្យដឹងថាៈ ខេត្តឧត្តរមានជ័័យ សាលាចំនួន ២៥៦ នាយកសាលា ទទូលបាន ការគ្រប់គ្រង ចំនួន ២៣០ សាលា គិតទាំងនាយកគ្រប់គ្រង ដែលបានប្រកាសនៅថ្ងៃនេះ បន្ថែមចំនួន ៦៨ នាក់ ហើយនៅសល់សាលា ចំនួន ២៦ សាលាទៀត កំពុងគ្រប់គ្រងបណ្តោះអាសន្នដោយ សាលាកើតថ្មី និងនាយក បានចូលនិវត្តន៍។ ឯក្នុងស្ថានភាពបច្ចុប្បន្ន ការប្រឡង សញ្ញាបត្រ ឆ្នាំ២០២០ កន្លងមកនេះ មិនបានប្រឡង សម្តេចតេជោ ផ្តល់ឲ្យជាប់ស្វ័យប្រវត្តិទាំងអស់ មានចំនួន ១.៤៣៣នាក់ ស្រី ៧៣៥នាក់៕/V-PC