ដោយ: បញ្ញាសាស្ត្រ / ភ្នំពេញ: កម្មវិធីរត់ដើម្បីសប្បុរសធម៌ របស់តារាចម្រៀង សាយ ក្រោមពាក្យស្លោក «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» បានដល់ទីបញ្ចប់ហើយ ក្រោយពេលប្រើរយៈពេលរត់៩៩ ថ្ងៃ ប៉ុន្តែ កម្មវិធីរ៉ៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរគឺនៅតែបន្ត។
យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់តារាចម្រៀង Original សាយ បានបង្ហោះសារដ៏រំភើបនៃថ្ងៃរត់ចុងក្រោយ និងបានមកដល់គោលដៅមុនកំណត់ «ថ្ងៃចុងក្រោយនៃកម្មវិធី រត់ដើម្បីសប្បុរសធម៌ជាមួយសាយ បានមកដល់ទីបញ្ចប់ហើយ ថ្ងៃទី ៩៩នៃកម្មវិធី ពួកយើងពិតជាសប្បាយរីករាយ និងរំភើបសម្រាប់ការគាំទ្រ រាល់ការឧបត្ថម្ភ រាល់ការជួយ ការសម្របសម្រួល ការគោរពស្រឡាញ់រាប់អាន ដែលបានមកពីអ្នកទាំងអស់គ្នា ពួកយើងសូមអរគុណយ៉ាងក្រៃលែង ពួកយើងនឹងចងចាំកម្មវិធីនេះ ចងចាំរាល់សកម្មភាព ចងចាំស្នាមញញឹម ចងចាំការទទួលរាក់ទាក់ ការផ្ដល់កិត្តិយសឱ្យតម្លៃ ពីរអ្នករាល់គ្នាទូទាំងប្រទេស ហើយពួកយើងចង់និយាយថា ពួកយើងគោរពស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់ ការចូលរួមរបស់អ្នកទាំងអស់គ្នាបានធ្វើអោយកម្មវិធីពួកយើងទទួលជោគជ័យ នឹងធ្វើដំណើរមកដល់គោលដៅវិញយ៉ាងសុវត្ថិភាព សង្ឃឹមថាពួកយើងនឹងបានជួបគ្នាទៀតនៅពេលក្រោយ និងបានចូលរួមធ្វើការងារល្អៗជួយដល់សង្គមជាតិរួមគ្នា ជាចុងក្រោយពួកយើងសូមជូនពរដល់អ្នកទាំងអស់គ្នាទទួលបាននូវសុខភាពល្អ សុភមង្គល និងសម្រេចបានគ្រប់ភារកិច្ច។ ជាថ្មីម្ដងទៀត អរគុណ អរគុណ អរគុណ អរគុណមែនទែន ស្រឡាញ់អ្នកទាំងអស់គ្នា #រត់ដើម្បីសប្បុរសធម៌ជាមួយសាយ #រត់ដើម្បីកុមារកម្ពុជា #RUNWITHSAI #SaiRunCharityKH #PhnomPenhArrival #Day99 #crossthefinishline @ Phnom Penh»។
សូមរំលឹកថា លោក អ៊ួន បឋម ហៅ សាយ ស្ថាបនិក របស់បេសកកម្ម រត់ដើម្បីសប្បុរសធម៌តារាចម្រៀង សាយ ប្រើរយៈពេល៩៩ថ្ងៃ លើចម្ងាយផ្លូវប្រមាណ២៣០០គីឡូម៉ែត្រ ឆ្លងកាត់២១ ខេត្តក្រុង និងរកថវិកាបាន ប្រមាណជិត៥០ម៉ឺនដុល្លារអាមេរិក៕