ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសម្នាក់ ដែលអួតអាង ថាជាមន្ត្រីកងរាជអាវុធហត្ថ និងជា នាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន ភ្នំជំរាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវបាន សមត្ថកិច្ច កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បញ្ជូនមកតុលាការ នៅរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដើម្បីចាត់ការតាមច្បាប់។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថ បានថ្លែងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះថាៈ «បុគ្គលដែលបង្កហេតុ ដកកាំភ្លើង និងបានអះអាងខ្លួន ជាអាវុធហត្ថ កើតហេតុ នៅចំណុចផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដែលមានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិករោងចក្រកាត់ដេរ ទីលំនៅផ្ទះលេខ១២ អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានមន្ត្រីនគរបាល យុត្តិធម៌ នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងសម្របសម្រួល ដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ» ។
គួររំលឹកថា គ្រោះថ្នាក់ចរាចរណ៍ បន្តិចបន្តួច ឈានដល់ការបើកឡាន កៀរម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅចំណុចម្តុំផ្សារធំថ្មី ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។
បើតាមបុរសម្នាក់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅកន្លែងកើតហេតុ ថា មុនដំបូងគាត់ឃើញ រថយន្តតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ 2AC-9367 បើកបរដោយបុរសម្នាក់ ដែលមានកាំភ្លើង បានបើកឡានស្របគ្នា តាមបណ្តោយផ្លូវលេខ ៧៣ កៀនផ្សារធំថ្មី ហើយឃើញរថយន្តនេះ បើកកៀរម៉ូតូ បណ្តាលឲ្យដួល រួចបានដក កាំភ្លើងពីចង្កេះ ថែមទាំងស្រែកគំរាម ថា «ហែងចង់យ៉ាងម៉េច» ។ អ្នកឃើញហេតុការណ៍ ដដែលបន្តថា ភ្លាមៗនោះ ជនរងគ្រោះ បានលើកដៃ សុំកុំបាញ់គាត់អី ។
ពេលនោះ ប្រជាពលរដ្ឋ បានរត់មកជួយជនរងគ្រោះ ដែលដួលម៉ូតូ ដោយបានបាក់ឆ្អឹង ដងកាំបិត និងត្រូវត្រង់ប្រអប់ជើង បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ បន្ទាប់មក ជនបង្ក នៅតែបន្តសំញែងកាំភ្លើង នៅមុខសមត្ថកិច្ចដដែលៗ ទើបសមត្ថកិច្ច សុំដកទុកសិន ហើយជនបង្ក បានប្រគល់អោយ តែសំបកកាំភ្លើងទេ ដោយមិនប្រគល់ គ្រាប់អោយនោះទេ រួចបានស្រែកគំហក ដាក់សមត្ថកិច្ច ថែមទៀតផង ។
ជាមួយគ្នានេះ ជនបង្ករូបនេះ បានស្រែកប្រកាសខ្លួនឯងថា «ខ្លួនមានមុខងារ ជាមន្ត្រីកងរាជ អាវុធហត្ថ និងមានតួនាទី ជានាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន ភ្នំជំរាយ» ហើយខ្លួនបានចេញ ពីផឹកស៊ីមួយកន្លែង មានបំណងបើករថយន្ត មកផ្ទះរបស់ខ្លួន នៅជិតកន្លែងកើតហេតុ ។
ជាចុងក្រោយ គឺជនរងគ្រោះ មិនចង់មានរឿងវែងឆ្ងាយទេ ហើយក៏មិនបានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ប៉ូលិសដែរ ដោយសុំត្រឹមតែអោយជនបង្ក សងថ្លៃព្យាបាល នៅមន្ទីរពេទ្យ តែប៉ុណ្ណោះ ដើម្បីបញ្ចប់រឿង។ ប៉ុន្តែ ឥឡូវនេះ ដឹងការពិតហើយ គឺជនបង្កមានមុខរបរ ត្រឹមជាបុគ្គលិករោងចក្រកាត់ដេរ ប៉ុណ្ណោះ ៕/V-PC