ដោយៈ សរិទ្ធ / កណ្ដាលៈ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានស្នើឱ្យបង្កើត គណៈកម្មការមួយ ដែលមានលោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ ជាប្រធាននិងមានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ជាអនុប្រធាន ដើម្បីអនុវត្តលើបញ្ហាឡានដឹកដី ដឹកខ្សាច់ ដែលធ្វើអោយខូចសោភ័ណភាព និង ប៉ះពាល់សុខភាព ប្រជាពលរដ្ឋ នៅក្រុង តាខ្មៅ ដោយលោកបានសង្កត់ធ្ងន់ថាៈ «ក្នុងករណីដែលការអនុវត្តនេះ មិនមានភាពល្អ ប្រសើរទេ លោកបានព្រមានថា នឹងដកប្រធាន និងមន្ត្រីពាក់ព័ន្ធ ដោយត្រូវប្ដូរប្រធានថ្មី ដើម្បីអនុវត្តទៅលើកិច្ចការងារនេះ ជំនួសវិញ»។
លោកអភិបាលខេត្តកណ្ដាល បានលើកឡើងថាៈ បញ្ហារថយន្តដឹកដី ដឹកខ្សាច់ ធ្វើឱ្យហុយ និងស្ទះចរាចរណ៍ ជាញឹកញាប់ នៅក្នុងក្រុងតាខ្មៅ មិនមែនជាបញ្ហាធំដុំនោះទេប៉ុន្តែបណ្ដាល មកពីមន្ត្រី អនុវត្តនៅស្ទើរ ដោយមើលគ្នាទៅវិញទៅមក និងមានការច្រណែនគ្នា ទើបបណ្ដាលឱ្យរថយន្តដឹកដី ដឹកខ្សាច់ បង្ករភាពអនាធិបតេយ្យ ធ្វើឲ្យស្ទះចរាចរណ៍ និងបណ្ដាលឱ្យមានខ្សាច់ ជ្រុះពេញផ្លូវ ធ្វើឱ្យហុយដី ខូចសុខភាព របស់ប្រជាពលរដ្ឋ និង បណ្ដាលឱ្យមាន គ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ ផ្សេងៗផងដែរ ។
លោក បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំពិនិត្យការរៀបចំ សោភ័ណភាព សណ្ដាប់ធ្នាប់ ពាក់ព័ន្ធនឹងការដឹកដី ដឹកខ្សាច់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមមន្ទីរអង្គភាព ជុំវិញខេត្ត កម្លាំងទាំងបី អាជ្ញាធរក្រុង និងម្ចាស់ដេប៉ូទាំងអស់ នៅក្នុងក្រុងតាខ្មៅ។
លោកបានបន្ដថាៈ បើមន្ត្រីទាំងអស់ អនុវត្តទៅតាមតួនាទី ភារកិច្ចរបស់ខ្លួន ដោយចាប់ រថយន្តដែល ខុសលក្ខណៈបច្ចេកទេស ដឹកលើសទម្ងន់ ដឹកខុសបទដ្ឋាន បច្ចេកទេស និងមិនគោរពច្បាប់ចរាចរណ៍ យកមកពិន័យ និងផ្ដន្ទាទោស ទៅតាមច្បាប់ផ្លូវថ្នល់ដែលបាន កំណត់ និងអនុវត្តតាមសារាចរ លេខ០៣១០ របស់ក្រសួងរ៉ែ និងថាមពលស្ដីពីវិធានការ ចំពោះ ការដឹកជញ្ជូនរ៉ែ សំណង់ គ្រប់ប្រភេទ ឱ្យបានខ្ជាប់ខ្ជួន ផ្លូវរបស់យើងនៅក្នុងក្រុង តាខ្មៅ នឹងមិនបណ្ដាលឱ្យមាន ខ្សាច់ជ្រុះពេញផ្លូវច្រើនទេ ព្រមទាំងកាត់បន្ថយនូវការកក ស្ទះចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ។
លោកអភិបាលខេត្ត ក៏បានស្នើឱ្យបង្កើតគណៈកម្មការមួយ ដែលមានអភិបាលក្រុងតាខ្មៅ ជាប្រធាន និងមានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ជាអនុប្រធាន ដើម្បីអនុវត្តនូវលើកិច្ចការងារនេះ ហើយក្នុងករណី ដែលការអនុវត្តនេះ មិនមានភាពល្អ ប្រសើរទេ លោកបានព្រមានថា នឹងដកមន្ត្រីពាក់ព័ន្ធ ទាំងអស់ ដោយត្រូវប្ដូរប្រធានថ្មី ដើម្បីអនុវត្តទៅលើកិច្ចការងារនេះ ជំនួសវិញ។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានសំណូមពរ ដល់ម្ចាស់ដេប៉ូទាំងអស់ សូមចូលរួមគោរពច្បាប់ ឱ្យបានគ្រប់គ្នាៗ បើមិនដូចនោះទេ អាជ្ញាធរខេត្ត ក៏ដូចជា អ្នកពាក់ព័ន្ធទាំងអស់ នឹងត្រូវអនុវត្ត ទៅតាមច្បាប់ ដោយគ្មានការយោគយល់ឡើយ ៕/V-PC