​រថយន្ត​លុច​ស៊ី​ស បុក​គោយន្ត​កន្ត្រៃ របួសធ្ងន់​ស្រាល ចំនួន​៦​នាក់

​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ រថយន្ត​លុច​ស៊ី​ស RX.300 បាន​បុក​ជាមួយ​គោយន្ត​កន្ត្រៃ បណ្តាល​ឲ្យ​អ្នកជិះ​លើ​គោយន្ត​នោះ របួសធ្ងន់ ស្រាល ចំនួន​៦​នាក់ កាលពី​វេលា​ម៉ោង ៧​និង​២០​នាទី យប់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A ស្ថិតនៅ​ចំណុច​ផ្លូវ​ប្រសព្វ មុខ​ខ្លោងទ្វារវត្ត​ម្កាក់ ក្នុងភូមិ​ដូន​ឡី សង្កាត់​ម្កាក់ ក្រុង​សិរីសោភ័ណ ។​

​លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយរង​ការិយាល័យ នគរបាល​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង នៅ​ថ្ងៃទី​១៣ ខែមករា​នេះ​ថាៈ មុនពេល​កើតហេតុ​នោះ មាន​រថយន្ត​ម៉ាក​តូយ៉ូតា លុច​ស៊ី​ស RX.300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2U.0799 (​អ្នកបើក មិនទាន់​ស្គាល់ អត្តសញ្ញាណ ហើយ​រត់​គេចខ្លួនបាត់​) បាន​បើកបរ​ពី​ទិស​ខាងជើង ទៅខាង​ត្បូង ក្នុង​ល្បឿន​លឿន​។​

លុះ​បើក​មកដល់​ចំណុច កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​រថយន្ត បាន​បើក​ប្តូរ​គន្លង បត់​ឆ្វេង ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន បណ្តាល​ឲ្យ​រថយន្ត ជាន់​ហ្វ្រាំង​មិន​ជាប់ ក៏​ទៅបុក​គោយន្ត​កន្ត្រៃ ពេញទំហឹង បាន​បណ្ដាលឱ្យ​អ្នកបើក​គោយន្ត​កន្ត្រៃ និង​អ្នករួមដំណើរ សរុប​៦​នាក់ រងរបួស ក្នុងនោះ​របួសធ្ងន់ ៣ នាក់ (​ស្រី​១​នាក់​) និង​របួសស្រាល ៣ នាក់​។​

​នគរបាល​ចរាចរណ៍​ផ្លូវគោក​ក្រុង និង​អ្នក​ជួយសង្គ្រោះ បាន​ដឹកបញ្ជូន​ជនរងគ្រោះ ទៅ​សង្គ្រោះ នៅ​មណ្ឌល​សុខភាព​ម្កាក់ រួច​បន្ត ទៅ​មន្ទីរពេទ្យក្រុង និង​ខេត្ត ។​
​ឯ​រថយន្ត និង​គោយន្ត​កន្ត្រៃ ត្រូវ​នគរបាល យកមក​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល ក្រុង​សិរីសោភ័ណ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular