ប្រែសម្រួល : កញ្ញាដាលីស ៖ វេបសាយ YouTube របស់ក្រុមហ៊ុន Alphabet Inc បាននិយាយកាលពីថ្ងៃអង្គារទី១២មករាថា ខ្លួនបានផ្អាកឆានែលរបស់លោកដូណាល់ ត្រាំដោយសារតែវាបានរំលោភគោលនយោបាយក្រុមហ៊ុនសម្រាប់ការញុះញង់ហិង្សា បន្ទាប់ពីការលុកលុយកាលពីសប្តាហ៍មុនទៅលើវិមានកាពីតូលពីសំណាក់អ្នកគាំទ្ររបស់ប្រធានាធិបតី។
វេទិកាអនឡាញនិងក្រុមហ៊ុនបណ្តាញសង្គមនានាកំពុងដកខ្លួនឆ្ងាយនិងចាត់វិធានការប្រឆាំងនឹងអ្នកដែលលើកទឹកចិត្តឬចូលរួមក្នុងអំពើហិង្សានៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។
ឆានែលរបស់លោកត្រាំឥឡូវត្រូវបានរារាំងមិនឱ្យបញ្ចូលវីដេអូថ្មីឬផ្សាយផ្ទាល់រយៈពេលយ៉ាងតិច ៧ ថ្ងៃ ដែលអាចត្រូវបានបន្លាយពេលបន្ថែមទៀត។
ក្រុមហ៊ុនក៏បានបិទការបញ្ចេញមតិដោយគ្មានកាលកំណត់នៅក្រោមវីដេអូនៅលើឆានែលផងដែរ។
ក្រុមហ៊ុនបាននិយាយថា ការផ្អាកឆានែលរបស់លោកត្រាំធ្វើឡើងបន្ទាប់ពីមតិដែលលោកបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានចាក់ផ្សាយនៅលើ YouTube កាលពីព្រឹកថ្ងៃអង្គារ។
ចំណាត់ការរបស់ You Tube ប្រឆាំងនឹងប្រធានាធិបតីធ្វើឡើងបន្ទាប់ពីក្រុមអង្គការសិទ្ធិមនុស្សអាម៉េរិកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថាពួកគេនឹងរៀបចំការផ្សព្វផ្សាយស្តីពីការធ្វើពិហការប្រឆាំងនឹងក្រុមហ៊ុន ប្រសិនបើក្រុមហ៊ុនមិនព្រមដកចេញនូវឆានែលរបស់លោកត្រាំ៕
ឆានែល YouTube របស់លោកត្រាំត្រូវបានផ្អាក ៧ ថ្ងៃ គិតចាប់ពីថ្ងៃអង្គារទី១២មករា