ដោយៈ គង់ហេង / កំពង់ចាមៈ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវ ដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ សូមបន្តរួមគ្នា ថែរក្សាការពារផ្ទៃដី បឹងបួរ ត្រពាំង ដែលជាកម្មសិទ្ធិរដ្ឋ សម្រាប់មនុស្សជំនាន់ក្រោយៗទៀត។
លោកអភិបាលខេត្តកំពង់ចាម បានអំពាវនាវយ៉ាងដូច្នេះ នៅក្នុងឱកាសលោក បានដឹកនាំ មន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យមើល ទីតាំងដីសាធារណ: របស់រដ្ឋ មួយកន្លែង នៅតំបន់បឹង ឈ្មោះ « ទំនប់តាសេក» ស្ថិតក្នុងភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម នៅថ្ងៃទី១៣ មករា ២០២១។
លោក ផន ផូ មេឃុំកោះរកា បានឱ្យដឹងថាៈ ទីតាំងដីដែលលោក អ៊ុន ចាន់ដា បានដឹកនាំ ចុះត្រួតពិនិត្យនេះ ជាដីរបស់រដ្ឋ នៅជាប់មាត់បឹងទំនប់តាសេក ដែលកន្លងមក ប្រជាពលរដ្ឋ ចំនួនជាង ៣០ គ្រួសារ បានអាស្រ័យផលដាំដំណាំ បានស្នើសុំទៅកាន់អាជ្ញាធរ និងខាង មន្ត្រីសុរិយោដី ធ្វើប័ណ្ណកាន់កាប់ស្របច្បាប់ ដូចខាងប្រជាពលរដ្ឋ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម មានដីនៅជាប់តំបន់នោះដែរ។
លោកមេឃុំកោះរកា បានបន្តថាៈ ដីជាចំណីបឹងទំនប់តាសេក បានស្នើសុំធ្វើជាកម្មសិទ្ធិ ឯកជន ចំនួនជាង ៣០ គ្រួសារ មានទំហំប្រមាណជាង បី ហិកតា នៃផ្ទៃបឹងសរុប ប្រហែលពី ប្រាំមួយ ទៅប្រាំពីរ ហិកតា។ ប៉ុន្តែការចុះត្រួតពិនិត្យ របស់លោក អ៊ុន ចាន់ដាអភិបាលខេត្ត កំពង់ចាម គឺជាលទ្ធផល លោកបានសម្រេច ឱ្យខាងជំនាញ សិក្សាពីផលប៉ះពាល់សិន៕/V-PC