ដោយៈ ចាន់តូ / ភ្នំពេញៈ បុរសមានវិបត្តិម្នាក់ បានផឹកថ្នាំពុលសម្លាប់ខ្លួន បន្ទាប់ប្រពន្ធទី២ បានរត់ចោល។ ទោះបីយ៉ាងណា បុរសម្នាក់នោះ ពុំទាន់ស្លាប់នោះទេ គាត់ត្រូវបាន នគរបាល ហៅរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះបន្ទាន់។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១និង២០នាទី រសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅក្បែរមាត់ស្រះទឹក មួយកន្លែង ក្នុងភូមិកាកាប២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
បុរសរូបនេះ មិនត្រូវបានគេស្គាល់ ឈ្មោះនោះទេ ប៉ុន្តែមិត្តភក្ដិ បានហៅឈ្មោះ នាគ មានអាយុប្រហែល ៤០ ឆ្នាំ មុខរបរ ជាកម្មករសំណង់ នៅការដ្ឋានជិត នោះដែរ។
មិត្តភក្ដិរួមការងារ ជាមួយបុរសនេះ បានប្រាប់ថាៈ បុរសនេះ ធ្លាប់បានប្រាប់ពួកគាត់ ពីវិបត្តិផ្លូវចិត្ត ដែលបានកើតឡើង លើខ្លួនគាត់ ជាបន្តបន្ទាប់ ដែលធ្វើឲ្យគាត់លែងចង់រស់ នៅតទៅទៀត ដោយមានប្រពន្ធ ២ ប៉ុន្តែប្រពន្ធដើម បានលែងលះគ្នា ក្នុងពេលកន្លងមក។ ក្រោយពីមានការលែងលះប្រពន្ធដើម បុរសនេះ បានយកប្រពន្ធទី២ ម្នាក់ទៀត ដើម្បីសាង គ្រួសារថ្មី ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ ក្រោយពីការរួមរស់ជាមួយគ្នា បានមួយរយៈប៉ុណ្ណោះ ក៏ស្រាប់តែប្រពន្ធទី២នេះ បានរត់ចោលគាត់ទៀត។
ប្រភពដដែល បានបន្តទៀតថាៈ ព្រោះតែមានវិបត្តិគ្រួសារនេះហើយ ទើបនៅថ្ងៃកើតហេតុ គឺនៅពេលទៅរកត្រី ធ្វើម្ហូបនៅចំណុចស្រះទឹក ជិតកន្លែងកើតហេតុ បុរសនេះ បានយក ថ្នាំពុល ១ដបទឹកសុទ្ធ ទៅតាម ដើម្បីផឹកសម្លាប់ខ្លួន ហើយត្រូវបានមិត្តភក្ដិទាំងអស់ នាំគ្នាហាមឃាត់ និងយកថ្នាំពុលនោះ បោះចោល បន្ទាប់មក ក៏បានបែកគ្នាទៅរកត្រី ជាធម្មតា ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែឃើញ បុរសនេះ ដើរសុខៗស្រាប់តែដួល ប្រកាច់ បែកពពុះមាត់ ក៏នាំគ្នារត់ទៅមើល ហើយបានឃើញដបថ្នាំពុលដែលយកទៅ ចោលនោះ ស្ថិតនៅក្បែរខ្លួនគាត់ ទើបដឹងថា បុរសនោះ បានទៅរើសយកថ្នាំពុលមកវិញ ហើយផឹកសម្លាប់ខ្លួនឯង។
ក្រោយពេលកើតហេតុ នគរបាល បានចុះទៅពិនិត្យមើល និងបានហៅរថយន្តពេទ្យ ដឹកយកបុរសខាងលើ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ហើយក៏បានរកឃើញ នៅក្នុងទូរស័ព្ទបុរសនោះ មានវីដេអូឃ្លីប១ ដែលបុរសនោះ ថតដោយខ្លួនឯងមុនពេល ផឹកថ្នាំ ធ្វើអត្តឃាត ដោយបានសុំឲ្យ ប្រពន្ធខមាទោស សុំឲ្យមិត្តភក្ដិ ជួយយកសាកសពគាត់ បូជាក្នុងវត្ត ព្រមទាំងបញ្ជាក់ថា គ្មាននរណា សម្លាប់គាត់ទេ គឺគាត់សម្លាប់ខ្លួនឯង៕/V-PC