ដោយៈប.ខុន/ភ្នំពេញៈប្រឡាយបេតុងលេខ៧៨ ដែលមានមុខងារសំខាន់ក្នុងការដោះទឹក ជំនន់ស្ទឹងព្រែកត្នោត និងជាប្រឡាយនាំទឹកពីស្ទឹងព្រែកទៅទន្លេបាទី ដែលរងការខូច ខាតដោយសារជំនន់ទឹកស្ទឹងព្រែកកាលពីក្នុងរដូវវស្សាកន្លងទៅ កំពុងធ្វើការ ជួសជុលឡើងវិញដោយក្រសួងធនធានទឹកនិងឧតុនិយម សម្រេចបានលទ្ធផល ៧០ភាគរយ នៃគម្រោងដែលត្រូវបញ្ចប់នៅក្នុងរដូវប្រាំងនេះហើយ។
លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និង ឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ថាប្រឡាយបេតុងលេខ៧៨ ជាប្រឡាយមានមុខងារសំខាន់ក្នុងការនាំទឹក និង ដោះទឹកជំនន់ ស្ទឹងព្រែកត្នោត តែវាបានរងការខូចខាតដោយសារទឹកជំនន់កាលពីក្នុងរដូវវស្សាកន្លង ទៅដោយពេលនេះក្រសួងកំពុងធ្វើការជួសជុលឡើងវិញ។
លោកហៀង ម៉េងប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹកនិងឧតុ និយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៣ខែមករាឆ្នាំ២០២១ថា ការជួសជុល កែលម្អប្រឡាយមេលេខ៧៨ ស្ថិតនៅក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល ដែលបាក់ដាច់ខូចខាតដោយជំនន់ទឹកភ្លៀងក្នុងរដូវវស្សាកន្លងទៅ គិតត្រឹមថ្ងៃ១៣ មករា នេះសម្រេចបានលទ្ធផលប្រមាណជា៧០ភាគរយនៃគម្រោងហើយ។
ការងារដែលត្រូវជួសជុលកែលម្អឡើងវិញ នៅប្រឡាយបេតុងលេខ៧៨ នេះ លោកហៀង ម៉េង បញ្ជាក់ថា រួមមានការងារជួសជុលជើងទេរភ្លឺប្រឡាយ ដែល ទឹកហូរ ច្រោះ ខូចប្រវែង ៦០០ម៉ែត្រ ជួសជុលសាងសង់ជើងទេរប្រឡាយបេតុង ប្រវែង២០០ម៉ែត្រ និងសាងសង់លូដោះទឹកចំនួន២កន្លែង។គម្រោងនេះនឹង បញ្ចប់ នៅ ក្នុងរដូវប្រាំងនេះ៕