ដោយៈខៀវ ណាវី/ភ្នំពេញៈរឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌រមី” នឹងត្រូវថតជាខ្សែភាពយន្តភាគ ដោយផលិតកម្មឯកជន ហើយនឹងត្រូវលក់ទៅឲ្យស្ថានីយ៍វិទ្យុ និងទូរទស្សន៍បាយ័ន្ត ដើម្បីចាក់ផ្សាយជាសាធារណៈជូនប្រជាជនបានទស្សនា ។ រឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌រមី” កន្លងមករឿងនេះត្រូវបានតាក់តែងនិពន្ធជាល្ខោននិយាយ និងចាក់ផ្សាយនៅវិទ្យុបាយ័ន ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រីយមិត្តអ្នកស្ដាប់ទូទាំងប្រទេសជាខ្សែរឿងដែលមានប្រជាប្រិយភាពបំផុត។រហូតមកដល់ពេលដែលមានការវិវត្តចុងក្រោយប្រជាពលរដ្ឋនិយមប្រើបណ្ដាញសង្គមហ្វេសប៊ុកវិទ្យុបាយ័នក៏បានយករឿងមកផ្សាយឃើញថាបងប្អូនប្រជាពលរដ្ឋអ្នកស្ដាប់ជាច្រើនចូលមកបញ្ចេញមតិ(comment)សុំផលិតជាខ្សែភាពយន្តភាគតែម្ដងទៅដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានទស្សនាផង។
តាមរយៈសាច់រឿងនេះ បើទោះបីជាវិធីនិពន្ធមានលក្ខណៈជាប្រលោមលោក ក៏ប៉ុន្តែបានផ្អែកទាំងស្រុងទៅលើដំណើររឿងជីវិតពិត នៃមេដឹកនាំដ៏ឆ្នើមរបស់កម្ពុជាយើង គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា។
រឿងនេះបានរំឭកទៅដល់ខ្សែជីវិតរបស់សម្តេចតេជោដែលបានចាប់ផ្តើមកសាងជីវិតគ្រួសារមួយក្នុងស្ថានភាពដែលប្រទេសជាតិកំពុងស្ថិតក្នុងភាពកលិយុគ ជាពេលវេលាដែលត្រូវឆ្លងកាត់នៅក្នុងភ្នក់ភ្លើងសង្គ្រាម បន្ទាប់មកទៀត គឺរបបប្រល័យពូជសាសន៍ ។ ដូចប្រជាជនកម្ពុជាដទៃទៀតដែរ ជីវិតគ្រួសារដ៏ថ្មីថ្មោងរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឆ្លងកាត់នូវភាពខ្មៅងងឹតដោយសម្តេចទាំងទ្វេបានបាត់បង់ជារៀងរហូតនូវបុត្រាដែលទើបតែប្រសូតសូម្បីតែមាតាដែលខំពរពោះ៩ខែ១០ថ្ងៃក៏មិនបានស្គាល់មុខកូនជារៀងរហូត។បិតាបានឃើញមុខកូនហើយក៏មិនបានបីសពកូនទៅបញ្ចុះនិងជូនដំណើរកូននៅនាទីចុងក្រោយផង។
បន្ទាប់មកការសម្រេចចិត្តដោយជៀសមិនផុតរបស់សម្តេចតេជោដើម្បីយកជីវិតធ្វើដើមទុនក្នុងការសង្គ្រោះជាតិមាតុភូមិបានធ្វើឲ្យគ្រួសារ មួយនេះត្រូវនិរាសព្រាត់ប្រាស់គ្នាម្តងទៀតប៉ុន្តែលទ្ធផលដែលទទួលបានមកវិញនោះគឺប្រទេសយើងត្រូវបានរំដោះចេញផុតពីរបបដ៏យង់ឃ្នងនេះនៅថ្ងៃទី៧មករាឆ្នាំ១៩៧៩។មហាពលិកម្មរបស់សម្តេចតេជោនិងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតមិនមែនត្រឹមតែជាការផ្តិតចេញជាល្ខោននិយាយ ឬក៏ខ្សែភាពយន្តភាគប៉ុណ្ណេះទេ ប៉ុន្តែត្រូវបានចារឹកទុកក្នុងទំព័រមាស នៃប្រវត្តិសាស្ត្ររបស់កម្ពុជាសម្រាប់ការយល់ដឹងរបស់ ប្រជាជនកម្ពុជាគ្រប់ៗជំនាន់ទៀតផង ។
ក្រោយពេលដែលសាច់រឿងនេះ ត្រូវបានសម្រេចឲ្យផលិតកម្មឯកជនយកទៅថតជាខ្សែភាពយន្តភាគ បណ្តាញឃោសនាពួកប្រឆាំង រួមទាំងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូចដែលងុបងល់ទៅនឹងល្បែងប្រឆាំងបានឆ្លៀតផ្សព្វផ្សាយវោហាសាស្ត្រជំទាស់ទៅនឹងការផលិតខ្សែភាពយន្តនេះដែលមានបង្កប់ទៅដោយការច្រណែនឈ្នានីសគួរឲ្យស្អប់ខ្ពើមបំផុត។បើមិនមែនជាពពួកជនដែលរស់តាមសភាវៈគតិទេនោះ ពួកគេក៏អាចមានការយល់ដឹងតិចតួចដែរ ដើម្បីនឹងធ្វើការវិនិច្ឆ័យទៅលើអង្គវត្ថុមួយ ឬព្រឹត្តិការណ៍មួយដោយប្រើប្រាស់ វិចារណញ្ញាណដែលនៅមានសេសសល់តិចតួចក្នុងប្រអប់ខួរក្បាលដ៏ខ្មៅកខ្វក់របស់ពួកគេបានខ្លះដែរ ។
ហេតុអ្វីចាំបាច់ត្រូវផលិតជាខ្សែភាពយន្ត?
ភាពយន្តភាគនេះមិនបម្រើឲ្យប្រយោជន៍នយោបាយរបស់សម្តេចតេជោឡើយប៉ុន្តែវាជាដំណើរ រឿងដែលមានលក្ខណៈប្រវត្តិសាស្ត្រ គ្មានអ្នកណាអាចបំភ្លៃបានឡើយ ។ សម្តេចតេជោ ហ៊ុន សែន មិនមែនត្រឹមតែជាបិតាស្ថាបនិក ៧ មករា ប៉ុណ្ណោះទេប៉ុន្តែសម្តេចក៏ជា បិតានៃសន្តិភាពនិងការអភិវឌ្ឍ។មានន័យថាក្នុងប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើបចាប់ពីឆ្នាំ១៩៧០មកដល់បច្ចុប្បន្នសម្តេចគឺជាតួអង្គនយោបាយតែមួយគត់ដែលបានដើរតួនាទីជាគន្លឹះក្នុងព្រឹត្តិការណ៍ធំៗបំផុតដែលមានអត្ថន័យជាការស្លាប់រស់របស់ប្រទេសជាតិ។ជាពិសេសក្នុងរយៈពេល៤២ឆ្នាំចុងក្រោយសម្តេចតេជោបានឈរជើងយ៉ាងរឹងមាំក្នុងសង្វៀននយោបាយរបស់កម្ពុជាដោយគ្មានអ្នកណាអាចប្រៀបផ្ទឹមបាននិងបានក្លាយទៅជាក្តីសង្ឃឹមតែមួយគត់របស់កម្ពុជា។ហេតុនេះការសរសេរនិងផ្សព្វផ្សាយជាល្ខោននិយាយមិនទាន់មានលក្ខណៈគ្រប់គ្រាន់ក្នុងការបញ្ជ្រាបចូលដល់ក្នុងស្រទាប់មហាជនបានទូលំទូលាយទាំងស្រុងដើម្បីឆ្លុះបញ្ចាំងឲ្យឃើញនូវវីរភាពនេះទេប៉ុន្តែការថតជាភាពយន្តវាមានលក្ខណៈរស់រវើកជាងកាន់តែងាយស្រួលជាងដើម្បីឲ្យប្រជាជនងាយទទួលបាននូវការទស្សនាការយល់ដឹងកាន់តែជ្រាលជ្រៅ ។
ខ្សែភាពយន្តភាគនេះ ផលិតដោយក្រុមហ៊ុនឯកជន :
បើទោះបីជាដំណើររឿង”កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី”មានលក្ខណៈជាសាច់រឿងប្រវត្តិសាស្ត្ររបស់រដ្ឋបុរសជាតិនៃយើងក៏ដោយ ប៉ុន្តែខ្សែភាពយន្តនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុនឯកជនសុទ្ធសាធមានន័យថារាល់ការទទួលខុសត្រូវក្នុងការចំណាយដើមទុន គឺជាម្ចាស់ផលិតកម្មហើយខ្សែភាពយន្តភាគនេះក៏ជាកម្មសិទ្ធផ្តាច់មុខរបស់ផលតកម្មឯកជននោះដែរ។ប៉ុន្តែម្ចាស់ផលិតកម្មបានចុះកិច្ចសន្យាយកខ្សែភាពយន្តភាគនេះទៅចាក់ផ្សាយនូវស្ថានីយវិទ្យុនិងទូរទស្សន៍បាយ័ន្តដែលនេះវាជារឿងធម្មតាណាស់ដូចផលិតកម្មឯកជនដទៃទៀតបានធ្វើ និងកំពុងធ្វើជាមួយស្ថានីយ៍ទូរទស្សន៍ទាំងឡាយនៅកម្ពុជា ក៏ដូចជានៅលើពិភពលោកដែរ ។
ហេតុអ្វីចាំបាច់បង្កើតគណៈកម្មការផលិតខ្សែភាពយន្តភាគនេះ?
ដោយសារដំណើររឿងនៃខ្សែភាពយន្តមានលក្ខណៈប្រវត្តិសាស្ត្រកម្រិតថ្នាក់ជាតិជាប្រវត្តិនៃខ្សែជីវិតជាក់ស្តែងរបស់សម្តេចតេជោផងនោះ ទើបសម្តេចសម្រេចឲ្យបង្កើតគណៈកម្មការផលិតខ្សែភាពយន្តនេះឡើង ។ ទោះជាខ្សែភាពយន្តនេះផលិតដោយក្រុមហ៊ុនឯកជន ប៉ុន្តែ គណៈកម្មការមានភារកិច្ចដឹកនាំត្រួតពិនិត្យខ្លឹមសារ និងទីតាំងប្រវត្តិសាស្ត្រជាក់ស្តែង ។ សមាសភាពនៅក្នុងជួរគណៈកម្មការទាំងអស់ សុទ្ធតែជាអ្នកមានជំនាញពិតប្រាកដក្នុងការផលិតខ្សែភាពយន្តដែលទទួលបាននូវជំនឿទុកចិត្តពីសម្តេចតេជោជាម្ចាស់ដើមនៃប្រវត្តិ សាច់រឿង។ម្យ៉ាងទៀតសមាសភាពនេះតែងទទួលបានការគាំទ្រជានិច្ចពីសាធារណជននូវរាល់ស្នាដៃទាំងឡាយដែលធ្លាប់បានផលិតឡើងកាលពីពេលកន្លងមក ។
សម្តេចតេជោ ហ៊ុន សែន មានសិទ្ធិ និងកាតព្វកិច្ចក្នុងការសរសេរ
ក្រុមប្រឆាំងបានសម្តែងការជំទាស់ទៅនឹងការសរសេររបស់សម្តេចតេជោ ហ៊ុន សែន ដោយពួកគេលើកហេតុផលថាសម្តេចសរសេរលើក តម្កើងតែបុគ្គលសម្តេច និងក្រុមគ្រួសារ ។ ប៉ុន្តែពួកគេត្រូវចងចាំថា សម្តេចតេជោបានសរសេរសារណា សៀវភៅ អត្ថបទ ចម្រៀង កំណាព្យ រាប់សិប ហើយរាល់សំណេររបស់សម្តេចតេជោមានលក្ខណៈ ជាការវិភាគ ការវាយតម្លៃ និងការបង្ហាញអំពីចក្ខុវិស័យវែងឆ្លាយ ទូលំទូលាយ ជាក់ស្តែង ដូចជា សៀវភៅ «១០ឆ្នាំ នៃដំណើរកម្ពុជា»នៅតែមានតម្លៃរហូតមកដល់បច្ចុប្បន្ន។ម្យ៉ាងវិញទៀតសំណេររបស់ សម្តេចតេជោសុទ្ធតែបង្កប់នូវអត្ថន័យស្នេហាជាតិដ៏ជ្រាលជ្រៅ និងការបំផុសកម្លាំងមហាសាមគ្គីជាតិ ចូលរួមថែរក្សាការពារសន្តិភាព និងជំរុញការអភិវឌ្ឍ។អត្ថន័យនៃសំណេររបស់សម្តេចតេជោគ្មានមួយពាក្យណាដែលមានចរឹតជាការញុះញង់បំផុសឲ្យប្រជាជនបំផ្លិចបំផ្លាញជាតិ និងបង្កើតឲ្យមានសង្គ្រាមដូចដែលពួកឧទ្ទាមក្បត់ជាតិធ្លាប់បានធ្វើកន្លងមកទេ ។ សម្តេចតេជោ ហ៊ុន សែន មានសិទ្ធ និងកាតព្វកិច្ចក្នុងការសរសេរដូចប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលក្នុងតំណែងឬក៏អតីតប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលបរទេសទាំងឡាយនៅលើពិភពលោកដែរ ។ សូមកុំភ្លេចថា ក្នុងអំឡុងចុងទសវត្សន៍ ឆ្នាំ១៩៨០ និងដើមទសវត្សន៍ ឆ្នាំ១៩៩០ សម្តេចបានសរសេរអត្ថបទជាច្រើន ចុះផ្សាយក្នុងកាសែតប្រជាជន ហើយសម្តេចតេជោតែងតែមានប្រសាសន៍ជាញឹកញាប់ថា នៅពេលសម្តេចចូលនិវត្តន៍ពីឆាកនយោបាយ សម្តេចនឹងបន្តសរសេរកាសែតទៀត ។
ពួកប្រឆាំង ឬអង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធឃោសនាដែលមាននិន្នាការប្រឆាំងគួរតែស្វះស្វែងសិក្សាឲ្យបានស៊ីជម្រៅអំពីបញ្ហានេះ មុននឹងធ្វើប្រតិកម្ម ដើម្បីឲ្យវាមានភាពឡូស៊ិកជាងនេះបន្តិច ជៀសវាងទទួលនូវការវាយតម្លៃទាបពេកពីសំណាក់សាធារណៈមតិ ។ ដោយធ្លាប់ឆ្លងកាត់ជីវិតជាអ្នកនិពន្ធម្នាក់ដែរនោះ យើងសូមបង្ហាញនូវក្តីអាមាស់ខ្លាំងណាស់ចំពោះភាពច្រណែនឈ្នានីសដែលផ្តើមឡើង ដោយសារតែខ្វះការយល់ដឹងខ្សត់សតិសម្បជញ្ញៈក្នុងការរិះគិតខ្វះវិចារណញ្ញាណក្នុងការវិនិច្ឆ័យនិងភាពគ្មានមនសិកាជាមនុស្សបន្តិចណាទាល់តែសោះ ដែលមិនគួរនឹងកើតមាននៅក្នុងក្រុមមនុស្សមួយក្តាប់តូចរបស់កម្ពុជានាសតវត្សន៍ទី២១ ទៅហើយនោះ ។
យើងខ្ញុំសូមជូនពរឲ្យការផលិតភាពយន្តភាគរឿង «កូនប្រុស ក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី» ដំណើរការទៅដោយជោគជ័យ និងបានចាក់ផ្សាយជូនប្រជាជនទស្សនា និងទទួលបាននូវការយល់ដឹងថ្មីៗទៀត អំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាក្នុងសម័យកលយុគ និងដំណើរជីវិតរបស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ដែលជាកលបុត្រដ៏ឆ្នើមរបស់មាតុភូមិកម្ពុជា ។ កូនប្រុស ក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី គឺជាឆព្វណ្ណរង្សី ដែលចែងចាំងរស្មីជាអមតៈ ៕ សរន