ដោយ៖ ម៉េងឆៃ/ភ្នំពេញ៖ ក្នុងខែធ្នូ ចុងឆ្នាំ២០២០ មានព្រឹត្តិការណ៍ជាតិសំខាន់ៗជាច្រើន។ ក្នុងនោះ ជំងឺកូវីដ១៩ នៅតែបន្តគំរាមកំហែងនៅឡើយ ខណៈដែលរាជរដ្ឋាភិបាល បានបន្តចាត់វិធានការយ៉ាងហ្មត់ចត់ និងមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃ២៨វិច្ឆិកា និងតាមរយៈការរឹតបន្តការឆ្លងដែនរបស់ពលករខ្មែរ មកពីប្រទេសថៃ និងអ្នកធ្វើដំណើរតាមយន្តហោះ មកពីក្រៅប្រទេស។
១- ខួប ៤២ឆ្នាំ ថ្ងៃកំណើតចលនារំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបខ្មែរក្រហម ថ្ងៃ២ធ្នូ ១៩៧៨៖
កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ចំថ្ងៃខួបទី៤២ឆ្នាំ ថ្ងៃកំណើតចលនារំដោះជាតិ និងជីវិតប្រជាពលរដ្ឋកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញនូវព្រឹត្តិការណ៍ជាច្រើន ពាក់ព័ន្ធនឹងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលត្រូវបានបង្កើតដំបូង នៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ ក្រោមគំនិតផ្តួចផ្តើម និងការជ្រុំជ្រែងពីថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិករណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា អះអាងថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗ ដូចថ្ងៃនេះដែរ។ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។
២-កម្ពុជាផ្តល់ម៉ាស និងសម្ភារៈបរិក្ខារពេទ្យ ដល់ទីម័រខាងកើត៖
ម៉ាសជាង ១លាន និងសម្ភារៈបរិក្ខារពេទ្យមួយចំនួនទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដឹកតាមយន្តហោះពិសេស ចាកចេញពីរាជធានីភ្នំពេញ កាលពីម៉ោង ៥ព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ដើម្បីយកទៅប្រគល់ជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត ឬទីម័រឡេស្ត។ ម៉ាស និងសម្ភារៈបរិក្ខារពេទ្យ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទាំងនេះ ត្រូវបានពន្យារពេលដឹកជញ្ជូន យកទៅប្រទេសទីម័រ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ដោយសារតែកម្ពុជា ប្រឈមនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ នេះជាលើកទី៣ហើយ ដែលកម្ពុជា ផ្តល់ម៉ាស និងសម្ភារៈបរិក្ខារពេទ្យដល់ប្រទេសជាមិត្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ កាលពីថ្ងៃទី១៦វិច្ឆិកា កម្ពុជាបានផ្តល់ម៉ាសជាង ២លាន និងបរិក្ខារពេទ្យជាច្រើនទៀត ដល់ប្រទេសឡាវ។ នៅថ្ងៃទី២៦ ខែវិចិ្ឆកា កម្ពុជាបានដឹកជញ្ជូនម៉ាសជាង ២លាន និងបរិក្ខារពេទ្យជាច្រើន ជូនដល់ប្រទេសមីយ៉ាន់ម៉ា។
៣-កម្ពុជា បញ្ចេញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ដើម្បីងាយស្រួលទប់ស្កាត់ការឆ្លងរាលដាល៖
កាលពីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារពិសេសជាសំឡេង ជូនជនរួមជាតិ។ នោះគឺសម្តេចតេជោ បានប្រកាសពីការសម្រេចឲ្យក្រសួងសុខាភិបាល ផ្សព្វផ្សាយនូវអត្តសញ្ញាណរបស់អ្នកជំងឹកូវីដ១៩ ដូចជា រូបថត ឈ្មោះ អាសយដ្ឋាន ជាដើម។ ការធ្វើដូច្នេះ ត្រូវបានសម្តេចតេជោ ពន្យល់ថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលឆាប់រហ័ស និងដើម្បីឲ្យអ្នកពាក់ព័ន្ធនឹងអ្នកជំងឺ បានដឹងច្បាស់ ហើយចេញមកធ្វើតេស្ត និងធ្វើចត្តាឡីស័ក។
ពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័ក ក៏ត្រូវបានសម្តេចតេជោ សម្រេចឲ្យក្រសួងសុខាភិបាល អនុវត្តលើគ្រប់អ្នកដំណើរមកពីក្រៅប្រទេស ពិសេសជនបរទេស ដែលជាពាណិជ្ជករ ឬអ្នកជំនាញការបរទេសទាំងអស់ ដោយពីមុន ជនបរទេសទាំងនោះ រង់ចាំលទ្ធផលតេស្តតែ២ថ្ងៃទេ គឺបើមិនមានផ្ទុកកូវីដ អាចទៅប្រកបការងារនៅកម្ពុជាបានហើយ។
ប៉ុន្តែចាប់ពីថ្ងៃទី១២ ខែធ្នូតទៅ ការអនុវត្តបែបនេះ ត្រូវលុបចោល ពោលគឺជនបរទេសទាំងអស់ រាប់ទាំងពលរដ្ឋខ្មែរ ដែលមកពីក្រៅប្រទេស ត្រូវតែធ្វើចត្តាឡីស័ក ពេញលេញ រយៈពេល ១៤ថ្ងៃ។ ការសម្រេចដូច្នេះ ដោយសារតែករណីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានេះ ត្រូវសម្តេចប៉ាន់ស្មានថា អាចមកពីជនបរទេស ចូលមកកម្ពុជា ហើយធ្វើចត្តាឡីស័ក មិនបានពេញលេញនេះឯង។
៤-កម្ពជា មិនបិទប្រទេស ខេត្ត ឬបិទរាជធានីភ្នំពេញឡើយ៖
កាលពីថ្ងៃចន្ទ ទី៧ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ជាថ្មីម្តងទៀតថា គ្មានទេ ការបិទប្រទេស ឬរាជធានីភ្នំពេញ។ ព័ត៌មាន ដែលបានផ្សព្វផ្សាយតៗគ្នាថា នឹងការមានការបិទប្រទេស ឬរាជធានីភ្នំពេញ ដោយសារតែការរីករាលដាលជំងឺកូវីដ១៩នោះ ជាព័ត៌មានបំភ្លើស ភូតកុហក ដើម្បីបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុកប៉ុណ្ណោះ។
ទោះជាមិនការបិទប្រទេស ឬរាជធានីភ្នំពេញ តែសម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្តទទួចស្នើសុំ អោយប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាអោយអាជ្ញាធររាជធានីខេត្ត ប្រើអំណាចរដ្ឋ បិទទីតាំងលក់ដូរណាមួយ ក្នុងករណីដែលទីតាំងនោះ មិនអនុវត្តន៍តាមវិធានការក្រសួងសុខាភិបាល ដើម្បីការពារ កុំឲ្យឆ្លងកូវីដ១៩ ឲ្យបានត្រឹមត្រូវទេ។
៥-សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ៖
កាលពីព្រលប់ថ្ងៃទី៧ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីបំណងទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចាក់ជូនប្រជាជនកម្ពុជា ឱ្យបាន ១០លាននាក់ ដែលត្រូវការវ៉ាក់សាំងរហូត ២០លានដូស។ តែតម្រូវការចំពោះមុខ នាដំណាក់កាលទីមួយនេះ កម្ពុជានឹងទិញវ៉ាក់សាង ចំនួន ១លានដូស សម្រាប់ចាក់ជូនប្រជាជន ៥០ម៉ឺននាក់ ដែលកំពុងបំពេញការងារនៅកន្លែង ដែលមានហានិភ័យ និងកំពុងមានហានិភ័យ ដែលអាទិភាព ផ្តល់ជូនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ប្រភេទ រហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន។ល។ ដែលត្រូវទទួលបាននៅដំណាក់កាលទីមួយនេះ។
ចាប់តាំងពីយប់ថ្ងៃទី៧ ខែធ្នូ សប្បុរសជន រួមមាន ឧកញ៉ា ប្រជាពលរដ្ឋ មន្ត្រីរាជការ អ្នកតំណាងរាស្ត្រ ជាដើម បានចូលរួមបរិច្ចាគថវិកាតាមតិច តាមច្រើនជាបន្តបន្ទាប់។ ចលនាផុសផុលរបស់មហាជននេះ ត្រូវបានសម្តេចតេជោ ចាត់ទុកថា ជាខឿនការពារសុខភាពប្រជាជនកម្ពុជា បន្ទាប់ពីចលនាចូលរួមដូចគ្នា បានកើតឡើងជាខឿនការពារជាតិ កាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ក្នុងពេលកម្ពុជា មានបញ្ហាព្រំដែនជាមួយប្រទេសថៃ។
៦-កូវីដ ឆ្លងតាមលុយ៖
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា វីរុសកូវីដ១៩ គឺអាចឆ្លងតាមក្រដាសប្រាក់បាន ហើយការឆ្លងនេះ គឺលឿនជាទីបំផុត។ បើតាមក្រសួង ការចម្លងជំងឺកូវីដ១៩ តាមរយៈទឹករំអិលផ្លូវដង្ហើម ដូចជា សំបោរ ឬស្លេសទឹកមាត់ ដែលតោងលើក្រដាសប្រាក់ ហើយវីរុសនេះ អាចរស់នៅលើក្រដាសប្រាក់ និងផ្ទៃផ្សេងៗ រហូតដល់ ២៨ថ្ងៃឯណោះ។
៧-ក្រសួងមហាផ្ទៃ និងរដ្ឋសភា ត្រូវបិទទ្វារជាបណ្តោះអាសន្ន៖
បន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ជាបន្តបន្ទាប់ ក្នុងចំណោមមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី៧ ខែធ្នូ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជា ផ្អាកការចេញចូល បំពេញការងារជាបណ្តោះអាសន្ន នៅក្រសួងមហាផ្ទៃ។ សម្តេចក៏បានចេញបញ្ជាឱ្យមន្ត្រីរាជការទាំងអស់ នៅក្រសួងមហាផ្ទៃ ត្រូវធ្វើតេស្តរកជំងឺកូវីដ១៩ ទាំងអស់។ ការធ្វើតេស្ត ២លើកកន្លងមក ទាំងសម្តេចក្រឡាហោម ក្រុមគ្រួសារ និងមន្ត្រីរាជការនៅក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំកំពូលៗដទៃទៀត គឺមិនមានឆ្លងជំងឺកូវីដ១៩ ឡើយ។ នៅរដ្ឋសភា ក៏បានផ្អាកដំណើរការរយៈពេល ១៤ថ្ងៃ រហូតដល់ការធ្វើចត្តាឡីស័ក បញ្ចប់ផងដែរ។
៨- ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានព្រះរាជទ្រព្យ ១លានដុល្លារ ជូនរាជរដ្ឋាភិបាល៖
កាលពីថ្ងៃទី១០ ខែធ្នូ ព្រះកុរណា ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី បានប្រោសព្រះរាជទានព្រះរាជទ្រព្យ ១លានដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរូមចំណែក ទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩។ គិតត្រឹមល្ងាចថ្ងៃ១១ ខែធ្នូ រាជរដ្ឋាភិបាល ទទួលថវិកាពីសប្បុរសជន បានជាង ៤៥លានដុល្លារហើយ។
៩-កម្ពុជា ប្រកាសគ្រប់គ្រងបានលើព្រឹត្តិការណ៍ឆ្លងសហគមន៍២៨វិចិ្ឆកា៖
កាលពីថ្ងៃទី១៥ ខែធ្នូ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថ្លែងសារពិសេស ទៅកាន់ជនរួមជាតិ ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ និងដំណើរការនៃការបញ្ជាទិញវ៉ាក់សាំងកូវីដ។ សម្តេចតេជោ បានប្រកាសពីជោគជ័យ ក្នុងការគ្រប់គ្រងបាននូវព្រឹត្តការណ៍សហគមន៍២៨វិច្ឆិកា តែមិនទាន់បិទបញ្ចប់នៅឡើយទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីការត្រៀមថវិកា ចន្លោះពី ១០០ ទៅ ២០០លានដុល្លារ ដើម្បីបញ្ជទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីត១៩ ដោយប្រើប្រាស់យន្តការកូវ៉ាក់ ( COVAX ) ផងដែរ។
ក្នុងពេលថ្លែងសារទៅកាន់ជនរួមជាតិ កាលពីថ្ងៃទី១៥ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបន្តដំណើរការផ្តល់សាច់ប្រាក់ដល់គ្រួសារក្រីក្រ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅជុំទី៤ រយៈពេល ៣ខែតទៅទៀត ចាប់ពីខែមករា ឆ្នាំ២០២១។ កម្មវិធីផ្តល់សាច់ប្រាក់ ដែលចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០២០ មកដល់ពេលនេះ រាជរដ្ឋាភិបាល បានចំណាយ ប្រមាណ ១៦៥ លានដុល្លារហើយ។
១០-បេក្ខជនប្រឡងឌីប្លូម និងបាក់ឌុប ជាប់ទាំងអស់ ជាស្ថាពរ៖
ក្នុងពេលថ្លែងសារទៅកាន់ជនរួមជាតិ កាលពីថ្ងៃទី១៥ ខែធ្នូ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាស សម្រេចឲ្យសិស្សថ្នាក់ទី១២ ជាប់បាក់ឌុបទាំងអស់គ្នា ដោយមិនចាំបាច់ប្រឡង។ សម្តេច ក៏បានប្រកាសអនុញ្ញាតឲ្យសិស្សថ្នាក់ទី៩ ដែលទើបប្រឡងឌីប្លូមរួច កាលពីថ្ងៃទី៣០វិច្ឆិកា ក៏ជាប់ដោយស្ថាពរ ដូចសិស្សបាក់ឌុបដែរ។ នេះដោយសារតែបញ្ហាកូវីដ១៩ ដែលបន្តអូសបន្លាយ ពិសេសព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២៨វិច្ឆិកា ដែលមិនទាន់បិទបញ្ចប់នៅឡើយ។
១១-កម្ពុជា អបអរសាទរលោក ចូ បៃដិន ជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក៖
កាលពីថ្ងៃទី១៥ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិត អបអរសាទរលោក ចូ បៃដិន ជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក។ ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចមានកិត្តិយសដ៏ធំធេង និងសេចក្ដីសោមនស្សរីករាយឥតឧបមា សូមសម្ដែងនូវអំណរសាទរជូនចំពោះឯកឧត្តម ដែលបានជាប់ឆ្នោតជាប្រវត្តិសាស្ត្រ ជាប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៦។ តាមសម្តេចតេជោ បទពិសោធជាច្រើន រួមនឹងភាពជាអ្នកដឹកនាំដ៏វៀងវៃរបស់ឯកឧត្តម គឺជាកត្តាសត្យានុម័ត ក្នុងការទទួលបាននូវទំនុកចិត្តពីប្រជាជនអាមេរិក។
សម្តេចមានជំនឿយ៉ាងមុតមាំថា «ក្រោមការដឹកនាំរបស់ឯកឧត្តម សហរដ្ឋអាមេរិក នឹងបន្តរីកចម្រើនទៅមុខ និងរួមចំណែកនាំឱ្យពិភពលោក មានសេរីភាព និងវិបុលភាពកាន់តែល្អប្រសើរថែមទៀត»។
១២-សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនវេទិកានិពន្ធនាយក៖
សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិត ទៅកាន់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ។ សម្តេច បានស្នើអោយអ្នកសារព័ត៌មានទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្សព្វផ្សាយព័ត៌មានអប់រំ និងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋឲ្យបានយល់ដឹងច្បាស់ ដើម្បីរួមគ្នាប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងចូលសហគមន៍កម្ពុជា។
១៣-កម្ពុជាដាក់ចេញវិធានការរឹតបន្តឹងតាមព្រំដែន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីប្រទេសថៃ៖
កាលពីថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញជាបន្ទាន់នូវវិធានការរឹតបន្តឹងតាមព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីប្រទេសថៃ ខណៈដែលថៃ ផ្ទុះការឆ្លងកូវីដ ក្នុងសហគមន៍។ វិធានការទាំងនោះ រួមមាន ការត្រួតពិនិត្យសុខភាព យកសំណាកធ្វើវិភាគ និងការរឹតបន្តឹងការធ្វើចត្តាឡីស័កឲ្យបានហ្មត់ចត់ ជាដើម។
១៤-ផ្លាស់ប្តូរអភិបាលខេត្តប៉ៃលិន ដោយតែងតាំងស្ត្រីទី២ កាន់តំណែងអភិបាលខេត្ត៖
កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលថ្មីនៃគណៈអភិបាលខេត្តប៉ៃលិនហើយ។ នោះគឺលោកស្រី បាន ស្រីមុំ បានចូលកាន់តំណែងជាអភិបាលខេត្តប៉ៃលិន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន ជំនួសលោក ផាន់ ចាន់ធុល។ លោកស្រី បាន ស្រីមុំ ក្លាយជាស្ត្រីទី២ បន្ទាប់ពីអភិបាលខេត្តកោះកុង ដែលបានកាន់តំណែង ជាអភិបាលខេត្ត នៅកម្ពុជា។
១៥-កម្ពុជា ជាប់លេខ១ លើពិភពលោក ក្នុងការគ្រប់គ្រងការឆ្លងរាតត្បាកូវីដ១៩៖
របាយការណ៍វាយតម្លៃ ស្ដីពី សន្ទស្សន៍នៃស្ថានភាពធ្ងន់នៃជំងឺ COVID-19 បង្ហាញថា កម្ពុជា ជាប់ចំណាត់លេខ១ ក្នុងចំណោមប្រទេស ចំនួន ១៦៦ លើពិភពលោក ក្នុងការគ្រប់គ្រងការឆ្លងរាតត្បាត COVID-19 បានល្អជាងគេ។ កាលពីខែវិច្ឆិកា កម្ពុជា បានជាប់ចំណាត់លេខ១ នៅទ្វីបអាស៊ី និងលេខ៣ ក្នុងកម្រិតពិភពលោក ក្នុងនាមជាប្រទេស ដែលគ្រប់គ្រងការឆ្លងរាតត្បាតនៃ COVID-19 បានល្អជាងគេ មិនឲ្យឆ្លងចូលសហគមន៍ក្នុងទ្រង់ទ្រាយធំ។
១៦-តុលាការ ចាត់វិធានការ ប្រឆាំងទណ្ឌិត សម រង្ស៊ី ដែលបន្តប្រមាថអង្គព្រះមហាក្សត្រ៖
កាលពីថ្ងៃទី២៥ ខែធ្នូ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានផ្ញើលិខិតទៅលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជ ធានីភ្នំពេញ ដើម្បីចាត់វិធានការតាមច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុត លើលោក សម រង្ស៊ី ចំពោះករណីប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។ ភ្លាមៗ ព្រះរាជអាជ្ញា បានចោទប្រកាន់ទណ្ឌិតសមរង្ស៊ី។ ទង្វើរបស់លោកសមរង្ស៊ី គឺជាការរំលោភបំពានលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌ។ មាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌ បានកំណត់ថា ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។
១៧- កម្ពុជាបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងសហគមន៍២៨វិច្ឆិកា៖
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ បានប្រកាសពីជោគជ័យ ក្នុងការគ្រប់គ្រងបាន និងឈានទៅបិទបញ្ចប់នូវព្រឹត្តការណ៍ឆ្លងកូវីដ នៅក្នុងសហគមន៍ ថ្ងៃ២៨វិច្ឆិកា ដែលជាករណីឆ្លងជំងឺកូវីដ១៩ ចូលសហគមន៍កម្ពុជា ជាលើកដំបូង។ ទន្ទឹមនឹងការប្រកាសពីជោគជ័យនេះ សម្តេចតេជោ ក៏បានដាក់ចេញនូវវិធានការចាំបាច់បន្ថែមមួយចំនួនទៀត ដើម្បីបន្តគ្រប់គ្រងរលកថ្មីនៃជំងឺកូវីដ១៩ ដែលទាមទារឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមអនុវត្តន៍វិធានការសុខាភិបាល ដែលបានដាក់ចេញ អោយបានហ្មត់ចត់ ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីដំណើរការវិវត្តន៍នៃការបញ្ជាទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ និងការអនុវត្តន៍បន្តកម្មវិធីឩបត្ថម្ភសាច់ប្រាក់ ជូយដល់កម្មករកម្មការិនី និងពលរដ្ឋក្រីក្រ ដោយសារជំងឺកូវីដ១៩ ផងដែរ។
១៨-កម្ពុជា ទទួលបានតំណក់ប្រេងលើកដំបូង ចំថ្ងៃខួប ២២ឆ្នាំ នៃនយោបាយឈ្នះឈ្នះ៖
ក្នុងពេលថ្លែងសារជូនជនរួមជាតិ កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រកាសពីជោគជ័យនៃការចាប់ផ្តើមផលិតប្រេងតំណក់ដំបូង នៅតំបន់ប្លុក A ក្នុងដែនសមុទ្រកម្ពុជា។ តំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបាន គឺចំថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្គ្រាម នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ ថ្ងៃទី២៩ធ្នូ ឆ្នាំ១៩៩៨-ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ដូច្នេះតំណក់ប្រេងដំបូងនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ស្នើទៅរដ្ឋមន្ត្រីក្រសួងការពារជាតិ យកទៅតម្កល់ទុកជាភស្តុតាងប្រវត្តិសាស្ត្រ នៅវិមានឈ្នះឈ្នះ ផងដែរ៕