ដោយ: ម៉េងឆៃ/ ភ្នំពេញ: នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ គឺជាខួបលើកទី៣៦ ឆ្នាំ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកាន់តំណែងជា “នាយករដ្ឋមន្ត្រីនៃកម្ពុជា” ថ្ងៃទី១៤មករា ១៩៨៥-ថ្ងៃទី១៤ មករា ២០២១។ ប៉ុន្តែបើគិតតាំងពីពេល ដែលសម្តេចតេជោ ហ៊ុន សែន បានចូលរួម ក្នុងរដ្ឋាភិបាល គឺចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ មកទល់ពេលនេះ មានរយៈពេល ៤២ឆ្នាំហើយ។
ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្គ្រាមទាំងស្រុង នៅកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះដែលបានបង្រួបបង្រួមជាតិនាំមកនូវសន្តិភាពពេញលេញនិងការអភិវឌ្ឍគ្រប់វិស័យរួមទាំងសមិទ្ធផលផ្លូវស្ពានសាលារៀនជាច្រើនរាប់មិនអស់។ជាប្រវត្តិសាស្ត្រមួយទៀតមិនអាចភ្លេចបានគឺតំណក់ប្រេងដំបូងរបស់កម្ពុជានាថ្ងៃទី២៩ខែធ្នូឆ្នាំ២០២០។
កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរយៈពេល ៣៦ឆ្នាំមកនេះ ត្រូវបានគេទទួលស្គាល់ដោយច្រើនថា ប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់ជាពិសេសការអភិវឌ្ឍន៍លើគ្រប់វិស័យព្រមទាំងនាំមកនិងរក្សានូវសន្តិភាពស្ថិរភាពនយោបាយ និងវិបុលភាពជាតិ។
ជាងនេះទៅទៀត កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែនក៏បានឆ្លើយតបយ៉ាងមានប្រសិទ្ធភាពលើរាល់សកម្មភាពទាំង ក្នុងស្រុក ក៏ដូចជា បរទេស ក្នុងកិច្ចពង្រឹង និងថែរក្សាអធិបតេយ្យភាពជាតិ អត្តសញ្ញាណជាតិ ព្រមទាំងក្តាប់បានគ្រប់ជ្រុងជ្រោយ ដែលអាចបង្ក និងថែរក្សាមោទកភាពជាតិ។
ក្នុងតំណែងជានាយករដ្ឋមន្ត្រី ដែលត្រូវបានជ្រើសតាំងពីការបោះឆ្នោត និងការគាំទ្រផ្តល់សេចក្តីទុកចិត្តរបស់សភាក៏ដូចជាព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងដឹកនាំកម្ពុជា អស់ពីកម្លាំងកាយចិត្ត ពិសេសក្នុងអតីតកាល គឺសម្តេចតេជោ ហ៊ុនសែន នេះហើយ បានយកជីវិតជាដើមទុន ដើម្បីសង្គ្រោះប្រទេស និងប្រជាជនកម្ពុជា ចេញពីរបបវាលពិឃាតប្រល័យពូជសាសន៍ប៉ុលពត។ កាលណោះ សម្តេចរត់ភៀសខ្លួនទាំងគ្រោះថ្នាក់ ទាំងយប់ ទៅសុំជំនួយពីវៀតណាម ដើម្បីវាយផ្តួលរំលំរបបខ្មែរក្រហមរហូតដល់ទទួល ជ័យជម្នះ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។
បន្តមកទៀត ក្នុងអំឡុងទស្សវត្សរ៍ឆ្នាំ៨០ សម្តេចតេជោ ហ៊ុន សែន នៅពេលឡើងដឹកនាំកម្ពុជា ក្នុងនាមជានាយករដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ គឺដៃម្ខាងដឹកនាំ អភិវឌ្ឍប្រទេស ដែលងើបពីបាតដៃទទេ រីឯដៃម្ខាងទៀតទប់ទល់នឹងការប៉ុនប៉ងវិលត្រឡប់ របស់ក្រុមខ្មែរក្រហម។
សម្តេចតេជោ ហ៊ុន សែន ក៏បានជម្នះឧបសគ្គផ្ទៃក្នុងបក្សជាថ្មីទៀតដើម្បីដឹកនាំកម្ពុជាចេញពីទីផ្សារផែនការហើយនៅឆ្នាំ១៩៨៧ សម្តេចតេជោក៏បានបើកការចរចាជាមួយសម្តេចព្រះនរោត្តមសីហនុ ទាំងផ្ទៃក្នុងបក្សមួយចំនួនហាក់មិនគាំទ្រសម្តេច។ ប៉ុន្តែដោយសារ តែមានទស្សនៈវិស័យវែងឆ្ងាយ និងដើម្បីខ្មែរ ឈប់បង្ហូរឈាមគ្នាតទៅទៀត សម្តេចតេជោ ហ៊ុន សែន បានពុះពារគ្រប់ឧស័គ្គទាំងឡាយ រហូតដល់សម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១។
ក៏ប៉ុន្តែកិច្ចព្រមព្រៀងនេះមិនបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជានោះទេ។ពោលគឺខ្មែរក្រហមមិនត្រូវបានរំសាយអង្គការចាត់តាំងនៅឡើយ។ក្រុមខ្មែរក្រហមបន្តកាន់កាប់ទឹកដីកម្ពុជាមួយចំនួនតូចនៅខេត្តជាប់ព្រំដែនថៃដូចជាប៉ៃលិន,បាត់ដំបង,និងខេត្តឧត្តរមានជ័យ ជាដើម។
ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទុនទៀតដោយសម្តេចចូលទៅកាន់តំបន់ខ្មែរក្រហម កាន់កាប់នៅប៉ៃលិន និងនៅសំឡូត ជាដើម ដើម្បីប្រកាសកងទ័ពខ្មែរក្រហម ធ្វើសមាហរណកម្ម ក្នុងជួររាជរដ្ឋាភិបាលក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។
រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបអង្គការចាត់តាំងខ្មែរក្រហម ត្រូវបានរំលាយទាំងស្រុង ដោយសារតែខៀវសំផន អៀងសារី នួនជាបានមកចុះចូលដល់ផ្ទះរបស់សម្តេចតេជោនៅតាខ្មៅខេត្តកណ្តាល។នេះជាជោគជ័យនៃការអនុវត្តនយោបាយឈ្នះឈ្នះរបស់សម្តេច ត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រ ដែលបញ្ចប់អង្គការចាត់តាំងរបស់ខ្មែរក្រហម នាំសុខសន្តិភាពពេញលេញដល់កម្ពុជា។
ក្រោយពីរំលាយអង្គការចាត់តាំងរបស់ខ្មែរក្រហម ដោយជោគជ័យ តាមរយៈនយោបាយឈ្នះឈ្នះ រួចមក សម្តេចតេជោ ហ៊ុន សែន មានឱកាសពេញលេញក្នុងការងារអភិវឌ្ឍប្រទេសកម្ពុជា។ ផ្លូវជាតិ ផ្លូវលំ ស្ពាន សាលារៀន និងវត្តអារាមជាច្រើនត្រូវបានសាងសង់ឡើង ជាបន្តបន្ទាប់។
ជីវភាពប្រជាជន ពិសេសអ្នកនៅជនបទ ត្រូវបានផ្លាស់ប្តូរយ៉ាងខ្លាំង។ តាមស្រុកស្រែចម្ការមកដល់ពេលនេះ ប្តូរពីរទេះគោ មកជាគោយន្ត ។ប្តូរពីកង់ មកជាម៉ូតូ និងឡានស្ទើរគ្រប់ផ្ទះ។ ប្តូរពីផ្ទះស្លឹក មកផ្ទះក្បឿង ផ្ទះបេតុងជាបន្តបន្ទាប់។ផ្លូវថ្នល់ ដែលពីមុន ជាផ្លូវដី លំបាកធ្វើដំណើរ តែពេលនេះ បានប្រែក្លាយជាផ្លូវបេតុង និងផ្លូវកៅស៊ូ។ ក្នុងនោះ ឆ្លងទន្លេពីម្ខាងទៅម្ខាង ដោយប្រើទូកដ ឬស្រឡាង តែពេលនេះប្រែក្លាយជាស្ពានថ្មចង់ឆ្លងនិងដឹកជញ្ជូនទំនិញផលិតផលកសិកម្មនៅម៉ោងណាក៏បានហើយមិនប្រថុយនឹងគ្រោះថ្នាក់ទៀតឡើយ។
នៅទូទាំងប្រទេស ពិសេសនៅភ្នំពេញ អគារខ្ពស់ៗ ស្ពានអាកាស ត្រូវបានសាងសង់ឡើងយ៉ាងស្អេកស្កះ ហើយអ្នកវិនិយោគបរទេស និងអ្នកវិនិយោគកម្ពុជា មិនស្ទាក់ស្ទើរក្នុងការបោះទុនវិនិយោគនៅកម្ពុជានោះទេ ពិសេសលើវិស័យអចលនទ្រព្យសំណង់អគារខ្ពស់ៗ ដ៏ច្រើន។ នៅមានសមិទ្ធផលច្រើនវិស័យទៀត ដែលយើងរាប់មិនអស់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី។
ថ្មីៗនេះទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើសង្គ្រាមប្រឆាំងនឹងកូវីដ១៩ រហូតដល់ទទួលបានជោគជ័យជាបន្តបន្ទាប់ បើទោះបីជាមានការឆ្លងក្នុងសហគមន៍លើកដំបូង តាមរយៈព្រឹត្តិការណ៍ថ្ងៃ២៨វិច្ឆិកា តែទីបំផុតកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលមិនដល់ ួយខែផង គឺបានគ្រប់គ្រងលើកូវីដ១៩ និងបញ្ចប់ព្រឹត្តិការណ៍ឆ្លងសហគមន៍ ដោយជោគជ័យ។
ក្នុងសង្គ្រាមប្រឆាំងកូវីដ១៩ ចាប់តាំងពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ មកដល់សព្វថ្ងៃកម្ពុជាទោះបីជារកឃើញអ្នកឆ្លងកូវីដរហូតដល់ជិត ៤០០នាក់ ប៉ុន្តែស្ទើរតែទាំងអស់ ត្រូវបានព្យាបាលជាសះស្បើយជាបន្តបន្ទាប់។ ពោលគឺនៅសល់តែអ្នកជំងឺ ២២នាក់ប៉ុណ្ណោះ គិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អ្វីដែលកត់សម្គាល់នោះ គឺកម្ពុជា មិនមាននរណាម្នាក់ ឈឺស្លាប់ដោយជំងឺកូវីដ១៩ ឡើយ។
សរុបមក ក្នុងរយៈពេល ៣៦ឆ្នាំ ជានាយករដ្ឋមន្ត្រី និយាយដោយឡែក និងក្នុងរយៈពេលជាង ៤០ឆ្នាំ និយាយជារួម សម្តេចតេជោ ហ៊ុនសែន បានចូលរួមធ្វើជាស្នូលនិងដឹកនាំកម្ពុជា នាំមកនូវសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ប៉ុន្តែក្នុងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កន្លងមក ក៏មានមនុស្សមួយចំនួនណានោះ មិនគាំទ្រ និងមិនពេញចិត្ត ដែលតែងតាំង រារាំង និងប្រឆាំង ដោយសារតែជនទាំងនោះជាក្រុមបរទេសនិយម។ ពោលគឺយើងមិនអាចបំពេញចិត្តមនុស្សឲ្យបានគ្រប់គ្នាឡើយ។ នេះជារឿងធម្មតាទេ នៅលើលោក។
ប៉ុន្តែសំខាន់ ដោយច្រើន ប្រជាជនកម្ពុជា ទាំងក្នុង និងទាំងក្រៅប្រទេស បន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ហើយបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តជូនសម្តេចតេជោ បន្តដឹកនាំកម្ពុជា ឆ្ពោះទៅមុខ តាមរយៈការអភិវឌ្ឍន៍ និងរក្សាសុខសន្តិភាពជូនជាតិមាតុភូមិ។
ចូរកុំភ្លេចថា បើមិនមានសន្តិភាពទេ កុំថាឡើយការអភិវឌ្ឍប្រទេស សូម្បីតែសេចក្តីសុខផ្ទាល់ខ្លួន ក៏មិនអាចកើតមានបានឡើយ៕សរន