ប្រែសម្រួល : កញ្ញាដាលីស ៖ លោក អូឡេ ហ្គាន់ន័រ សូលក្យែរ រីករាយចំពោះជ័យជម្នះដ៏តានតឹងនៅឯក្លិប Burnley ដែលបានរុញក្រុមបិសាចក្រហម Manchester Unitedឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League នៅមុនតេស្តិ៍ដ៏លំបាកនៅទឹកដីរបស់ក្រុមការពារតំណែងជើងឯក Liverpool នៅថ្ងៃអាទិត្យខាងមុខ។
ការស៊ុតវ៉ូឡេផ្លាតពីចម្ងាយរបស់កីឡាករ ផូល ផុកបា បានធ្វើឱ្យក្រុមបិសាចក្រហមទទួលជ័យជម្នះយ៉ាងលំបាកក្នុងលទ្ធផល ១-០ នៅក្រោមអាកាសធាតុសូន្យអង្សាសេនៅឯកីឡដ្ឋាន Turf Moor កន្លែងដែលការស៊ុតបញ្ចូលទីដើមតង់របស់កីឡាករ ហារី ម៉ាកខ្វាយអឺ ត្រូវបានលុបចោលវិញយ៉ាងចម្រូងចម្រាស។
លទ្ធផលនេះបានធ្វើឱ្យក្រុមបិសាចក្រហមឡើងដល់កំពូលតារាងក្នុងដំណាក់កាលនេះនៃរដូវកាលជាលើកដំបូងចាប់តាំងពីកូនក្រុមរបស់លោក សឺ អាឡិច ហ្វើហ្គោសុន គ្រងជើងឯកកាលពីរដូវកាលឆ្នាំ ២០១២-១៣ ដែលនេះបានផ្តល់ឱ្យពួកគេនូវ ៣ ពិន្ទុដាច់ពីលើ Liverpool មុនដំណើរទៅកាន់ទឹកដី Anfield នៅថ្ងៃអាទិត្យ។
លោកសូលក្យែរបានឈ្នះមេដាយ Premier League ចំនួន៦ក្នុងអំឡុងពេលដែលគាត់នៅជាកីឡាករនៅទឹកដី Old Trafford ហើយគាត់រីករាយដែលក្រុមរបស់គាត់អាចផ្តោតអារម្មណ៍លើការប្រជែងពានឡើងវិញ បន្ទាប់ពីបញ្ចប់ពាក់កណ្តាលរដូវកាលឆ្នាំនេះ។
វីរបុរសលើកពាន៣ក្នុងឆ្នាំ ១៩៩៩ រូបនេះបាននិយាយថា “យើងជិតចប់ពាក់កណ្តាលរដូវកាលហើយ ដូច្នេះវាជាការចង្អុលបង្ហាញតិចតួចពីកន្លែងដែលអ្នកកំពុងឈរជើង។ ប៉ុន្តែគ្មាននរណាម្នាក់នឹងចងចាំអ្នកឈរកំពូលតារាងលីកនៅថ្ងៃទី ១២ ខែមករានោះឡើយ”។
លោកបន្តថា “ការខកចិត្តបានបង្ហាញយ៉ាងច្បាស់ឱ្យអ្នករាល់គ្នាបានឃើញ (នៅពាក់កណ្តាលរដូវកាល) ហើយវាបានជះឥទ្ធិពលដល់ការប្រកួតរបស់យើង ដូច្នេះយើងមិនអាចអនុញ្ញាតឱ្យរឿងនោះកើតឡើងបានទៀតទេ។ យើងត្រូវតែទទួលស្គាល់ថា ការសម្រេចចិត្តខ្លះគឺប្រឆាំងនឹងអ្នក ហើយគ្រាប់បាល់របស់ហារីគឺជាការបញ្ចប់ទីបានយ៉ាងល្អ ដូច្នេះវាជាការសម្រេចចិត្ត ដែលយើងមិនគួរដាក់គូទអង្គុយចុះហើយជជែកវែកញែកតទៅទៀតនោះទេ”៕
បិសាចក្រហម Manchester United របស់លោកសូលក្យែរឡើងឈរលើកំពូលតារាង Premier League ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៣ ក្រោយឈ្នះ ១-០ នៅទឹកដីរបស់ Burnley