Home ព័ត៌មានជាតិ សន្តិសុខ នាយរង​អធិការក...

នាយរង​អធិការកិច្ច​ចតុមុខ​និង​គូកន ប្រឈម​នឹង​ការចោទប្រកាន់​ករណី​វាយ​ប្រជាពលរដ្ឋ​

ដោយ​: ស​រិ​ទ្ធ / តាកែវ​: លោក គឹម សារិទ្ធ នាយរង​អធិការកិច្ច​ចតុមុខ និង បក្ខពួក​ចំនួន​៩​នាក់ ផ្សេងទៀត រង​ការចោទប្រកាន់ថា បាន​ប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ខណៈ​ចុះបង្ក្រាប​បទល្មើស​នេសាទ​។​

​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ បានបញ្ជាក់​នៅ​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ នេះ​ថា លោក​បាន​បញ្ជា​អោយ​ស្នងការរង​នគរបាល​ខេត្តតាកែវ ទទួល​ផែន​ព្រហ្មទណ្ឌ ស៊ើបអង្កេត​ករណីនេះ​ហើយ​។​

​អំពើហិង្សា​នេះ កើតឡើង​កាលពី​យប់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ កន្លងទៅ នៅ​ចំណុច​កោះ អញ្ចាញ ក្នុង​ឃុំ​ទ្រា ស្រុក​សំរោង ខេត្តតាកែវ​។​

​តាម​ការរៀប​រាប់រប​ស់បង​ថ្លៃ​ជនរងគ្រោះ បានអោយដឹងថា នៅ​យប់កើតហេតុ នោះ ជនរងគ្រោះ ឈ្មោះ ភឹម វី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្គាំ ( គ ) ស្រុក​អង្គរបុរី ខេត្តតាកែវ និង អ្នកភូមិ ចំនួន​២​នាក់​ទៀត បានចេញ​ទូក​ទៅ​ឆក់​ត្រី នៅ​ចំណុច​កោះ​អញ្ចាញ ស្ថិតនៅក្នុង​ឃុំ​ទ្រា ស្រុក​សំរោង ។​

​សាច់ញាតិ​ជនរងគ្រោះ បន្តថា នៅពេលនោះ ក៏មាន​ទូក​របស់​មន្ត្រីជលផល មាន​មនុស្ស ចំនួន​១០​នាក់ ដឹកនាំ​ដោយ លោក គឹម សារិទ្ធ នាយរង​អធិការកិច្ច​ចតុមុខ បានមក​ដល់ ហើយ អ្នកភូមិ​២​នាក់ ដែល​ទៅជា​មួយ ក៏បាន​លោត​ចូល​ទឹក ហើយក៏​រត់​រួច ដោយ​នៅសល់តែ​ជនរងគ្រោះ ត្រូវបាន​មន្ត្រីជលផល និង បក្ខពួក វាយ​បណ្តាលអោយ​រងរបួស​ធ្ងន់ ទើប​គេ​បញ្ជូន ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ និង បាន​ទូរស័ព្ទ​អោយ​ក្រុមគ្រួសារ​ទៅ​មើល​ជនរងគ្រោះ នៅ មន្ទីរពេទ្យ ។​

​ប៉ុន្តែ ដោយសារ​ស្ថានភាព ជនរងគ្រោះ ធ្ងន់ធ្ងរ ពេក ទើប​ក្រុមគ្រួសារ​បញ្ជូន​ជនរងគ្រោះ បន្ត មកកាន់​មន្ទីរពេទ្យ កាល់ម៉ែត រាជធានី ភ្នំពេញ ។ រហូតមកដល់​ពេលនេះ ជនរងគ្រោះ នៅ មិនទាន់​ដឹងខ្លួន​នៅឡើយ ទេ ហើយ ក្រុមគ្រូពេទ្យ ក៏ អស់​លទ្ធភាព​ព្យាបាល​ដែរ ដោយ​អោយ​ក្រុមគ្រួសារ យក ជនរងគ្រោះ មក​ផ្ទះ​វិញ ព្រោះតែ​ជនរងគ្រោះ មាន​ឈាមកក​នៅក្នុង​ខួរក្បាល ។​

​ជុំវិញ​បញ្ហា​នេះ លោក គឹម សារិទ្ធ នាយរង​អធិការកិច្ច​ចតុមុខ បាន​បដិសេធ ថា លោក​មិនបាន​ប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ នោះទេ ពោលគឺ នេះ​ជា​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ទូក​របស់​មន្ត្រីជលផល និង ទូក​របស់​ជនសង្ស័យ ។​

​ប្រជាពលរដ្ឋ ស្ទើរ​ទូទាំង​ខេត្តតាកែវ នរណាៗ​ក៏​ស្គាល់​លោក គឹម សារិទ្ធ នាយរង​អធិការកិច្ច​ចតុមុខ ដែរ ដោយ​ល្បី​រឿង​បទល្មើស​នេសាទ ជំរិត​ទារប្រាក់​ពី​ក្រុម​ប្រព្រឹត្ត​បទល្មើស​នេសាទ ហើយ​បើ​មិនបាន​នោះទេ ក៏​កើតជា​អំពើហិង្សា​ដូច​ករណី​ជាក់ស្តែង​នេះ ជាដើម​។​

​ប៉ុន្តែ រហូតមកទល់​ពេលនេះ លោក គឹម សារិទ្ធ នាយរង​អធិការកិច្ច​ចតុមុខ នៅតែ​អាចឈរជើង​បានជា​ធម្មតា មិនមាន​រឿង​អ្វី​កើតឡើង​ឡើយ ដោយ​មិនដឹង​មូលហេតុ អ្វី​ទេ ដោយ​សង្ស័យថា មាន​ខ្សែ និង ខ្នង ធំ​ហើយ​មើលទៅ បានជា​ប្រព្រឹត្ត​បទល្មើស​ជា​បន្តបន្ទាប់ នៅតែ​មិន​មានទោស បែបនេះ​។​

​ករណី​នៃ​អំពើហិង្សា នេះ ក្រុមគ្រួសារ​ជនរងគ្រោះ បាន​សំណូមពរ​អោយ​សមត្ថកិច្ច ជាពិសេស​លោក​ព្រះរាជអាជ្ញា​ខេត្តតាកែវ មេត្តា​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​លោក គឹម សារិទ្ធ នាយរង​អធិការកិច្ច​ចតុមុខ និង បក្ខពួក ផង ដើម្បី​ផ្តល់​ភាពយុត្តិធម៌​ដល់​ជនរងគ្រោះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular