ដោយៈ ជាសីហៈ/ភ្នំពេញៈ សេចក្តីព្រាងយុទ្ធសាស្ត្ររួមរបស់អឺរ៉ុប ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ និងសេចក្តីព្រាងកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុប ឆ្នាំ២០២១-២០២៧ គឺនឹងត្រូវបញ្ចប់នាចុងខែមករា ឆ្នាំ២០២១ នេះ ដើម្បីត្រៀមសម្រាប់ដាក់ពិភាក្សា និងប្រមូលធាតុចូល និងអនុសាសន៍ ក្នុងកិច្ចពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប-ដៃគួអឺរ៉ុបប្រចាំកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ។ នេះបើតាមមន្ត្រីក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានអះអាង ។
ឯកសារទាំងពីរនេះត្រូវបានបង្ហើបដោយមន្ត្រីមួយរូបនៃក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា ក្រោយពេលដែល លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា អគ្គលេខាធិការគណៈកម្មាធិការ នីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, តំណាងសហភាពអឺរ៉ុប និងតំណាងដៃគូអឺរ៉ុបប្រចាំកម្ពុជា មានឆែក, បារាំង អាល្លឺម៉ង់, ស៊ុយអ៊ែត និងស្វីស ដែល ដឹកនាំដោយ លោក ហ្វ្រេន ហ្វូល ( Franck fault) អគ្គទីប្រឹក្សា និងជាប្រធានទទួលបន្ទុកផ្នែកកិច្ចសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំកម្ពុជាប្រជុំ កាលពីរសៀលថ្ងៃច័ន្ទកន្លងទៅ ។
គួរបញ្ជាក់ផងដែរថា ក្នុងចន្លោះឆ្នាំ១៩៩២-២០២០ ដៃគួអឺរ៉ុប (សហភាពអឺរ៉ុប និងប្រទេសសមាជិកចំនួន ១០ ព្រមទាំងសហព័ន្ធស្វីស នឹង ១៩ ) បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបប្រមាណ ៤ ២០០ លានដុល្លារអាមេរិក សមមូល % នៃហិរញ្ញប្បទានសរុបដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់បានផ្តល់ដល់កម្ពុជា ៕