ដោយ:អង្គារ៍ហេង/ភ្នំពេញ: បុរសម្នាក់ជាគ្រូបង្រៀនផ្នែកគណិតវិទ្យាធ្វើអត្តឃាតចងកសម្លាប់ខ្លួនក្នុងផ្ទះដោយមិនដឹងមូលហេតុ កាលពីរសៀលថ្ងៃទី១៣ ខែមករាឆ្នាំ២០២១ ផ្ទះលេខ១២១ តាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិដំណាក់សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ បូ ចាន់ថន អាយុ៤០ ភេទប្រុស មានស្រុកកំណើត នៅស្រុកកងមាស ខេត្តកំពង់ចាម មុខរបរជាគ្រូបង្រៀនផ្នែកគណិតវិទ្យា។
សាច់ញាតិជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុ ជនរងគ្រោះបានមកស្នាក់នៅជាមួយបងស្រីរបស់ខ្លួននៅទីតាំងកើតហេតុខាងលើហើយនៅប្រហែលវេលាម៉ោង៣រសៀលជនរងគ្រោះបានចេញពីក្នុងផ្ទះមកសុំទឹកសណ្ដែករបស់បងស្រីមួយកំប៉ុងហើយក៏ដើរចូលទៅក្នុងផ្ទះវិញ។ មួយសន្ទុះក្រោយមកបងស្រីជនរងគ្រោះបានចូលទៅក្នុងផ្ទះស្រាប់តែឃើញជនរងគ្រោះ(ត្រូវជាប្អូនបង្កើត) បានចងកជាប់ទៅនឹងចម្រឹងដែកបង្កាន់ដៃផ្លូវដើរស្លាប់បាត់ទៅហើយ ទើបរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញកោសល្យវិច័យនិងធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕