ដោយៈសុផល / ភ្នំពេញៈ គម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែ ក្នុងក្រុងសៀមរាប សម្រេចបានជាង ១៤ ភាគរយហើយ គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ វឌ្ឍនភាពនេះ រួមបញ្ចូលការងារសាងសង់រួច និងសម្ភារៈដែលបានបញ្ជូន ដល់ការដ្ឋាន។
នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅទីស្តីការគណៈរដ្ឋមន្ត្រី មានកិច្ចប្រជុំចង្អៀតមួយ ដើម្បីពិភាក្សាលទ្ធផល ការងារអនុវត្តគម្រោង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មការ អន្តរក្រសួង ដោយមានការចូលរួមពី លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការអន្តរក្រសួង ព្រមទាំងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធ។
ជាជំហានបន្ទាប់ គណៈកម្មការអន្តរក្រសួង នឹងធ្វើការបន្ត ការត្រួតពិនិត្យ តាមដានការងារ ព្រមទាំងធ្វើការដោះស្រាយ កែតម្រូវចំណុចខ្វះចន្លោះ ដើម្បីធានាថា ការស្ថាបនា នឹងពិតជាមានគុណភាព តាមបទដ្ឋាបច្ចេកទេសផ្លូវថ្នល់ និងសៀវភៅបន្ទុក ព្រមទាំងជំរុញដោះស្រាយ នូវផលប៉ះពាល់ ដែលនៅសេសសល់ មួយចំនួនតូច ឱ្យបានចង់សព្វគ្រប់។
គួររម្លឹកថា គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែ នៅសៀមរាប បានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពរបស់ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ ខ្សែផ្លូវសរុបទាំង ៣៨ នេះមានប្រវែង ១០៨,៧៤ គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិ សរុបប្រមាណ ១៤០ លានដុល្លារអាមេរិក។
គម្រោងនេះ នឹងសាងសង់ ក្នុងរយៈពេល ១៣ ខែ ដោយគ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២១ ខាងមុខនេះ។ បន្ថែមពីនេះ ថវិកាប្រមាណ ៩ លានដុល្លារអាមេរិកទៀត នឹងត្រូវបានចំណាយ សម្រាប់ការងារចាំបាច់ ក្នុងការរៀបចំស្ថាបនា ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅគម្រោងសាងសង់ ខ្សែផ្លូវទាំង ៣៨ នេះ។
ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំ ដែលមានចំនួន ៣៨ ខ្សែនេះ នឹងជួយលើកស្ទួយ ដល់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញ ដល់កំណើនសេដ្ឋកិច្ចជាតិ នៅក្រោយជំងឺកូវីដ១៩៕/V