ប្រែសម្រួលៈវាសនា/ហូជីមីញ(vnexpress)៖តុលាការមួយនៅក្រុងហូជីមីញភាគខាងត្បូងកាលពីថ្ងៃអង្គារបានកាត់ទោសប្រហារជីវិតអ្នកលួចដឹកជញ្ជូនថ្នាំញៀនចំនួន១៣,៨គីឡូក្រាម ទៅពីកម្ពុជាចូលទៅក្នុងទីក្រុងនេះ ។
ង្វៀន ថាញ់ ផាត អាយុ៣៣ឆ្នាំ ដែលជាមេដឹកនាំក្រុមនេះ និងជនសមគំនិត៥នាក់ទៀត អាយុ២៧ដល់២៩ឆ្នាំ ត្រូវបានតុលាការផ្តន្ទាទោសប្រហារជីវិត នៅពេល២នាក់ទៀតទទួលទោសជាប់គុកម្នាក់ៗ២០ឆ្នាំ។
ពួកគេទាំងអស់ត្រូវបានរកឃើញទោសកំហុសពីបទជួញដូរនិងលួចចរាចរសារធាតុញៀនខុសច្បាប់។
យោងតាមឯកសារកាត់ទោស នៅខែកញ្ញាឆ្នាំ២០១៩ ប៉ូលិសបានឆ្មក់ចូលឆែកផ្ទះល្វែងមួយក្នុងសង្កាត់លេខ៧នៃក្រុងហូជីមីញ និងបានរកឃើញថ្នាំញៀនសំយោគនិងកេតាមីនចំនួន៧គីឡូក្រាមលាក់ក្នុងបន្ទប់ដេកនិងកន្លែងផ្សេងទៀត។សមត្ថកិច្ចក៏បានចាប់ខ្លួនផាតនិងជនសមគំនិតនៅពេលក្រោយពីនោះបន្តិច។
ការស៊ើបអង្កេតបន្ថែម ប៉ូលិសបានដឹងថា ក្រុមដែលដឹកនាំដោយឈ្មោះផាតនេះបានដឹកជញ្ជូនថ្នាំញៀន១៣,៣គីឡូក្រាមពីកម្ពុជាតាមរថយន្តចូលក្រុងហូជីមីញមុនពេលចែកចាយវាទៅកាន់អតិថិជនរបស់គេ។
សូមបញ្ជាក់ថា វៀតណាមមានច្បាប់ថ្នាំញៀនតឹងរឹងបំផុតមួយក្នុងចំណោមច្បាប់ថ្នាំញៀនតឹងរឹងនានាក្នុងលោក។ជនណាដែលត្រូវបានកាត់ទោសចំពោះការមាន ឬដឹកជញ្ជូនថ្នាំញៀនហេរ៉ូអ៊ីចាប់ពី០,៦គីឡូក្រាម ឬមេតំហ្វេតាមីន២,៥គីឡូក្រាមឡើង ប្រឈមការប្រហារជីវិត។ការផលិតឬលក់ហេរ៉ូអ៊ីនចាប់ពី១០០ក្រាម ឬថ្នាំញៀនខុសច្បាប់ផ្សេងទៀតចាប់ពី៣០០ក្រាមក៏ប្រឈមទោសប្រហារជីវិតផងដែរ។
តែទោះជាមានច្បាប់ប្រឆាំងថ្នាំញៀនដ៏តឹងរឹងក្តី ក៏ប្រទេសនេះក្លាយជាមណ្ឌលប្រើប្រាស់និងឆ្លងកាត់ថ្នាំញៀនយ៉ាងសកម្មរីឯការបង្ក្រាបធ្វើឡើងជារឿយៗ៕
សមាជិក៨នាក់នៃក្រុមជួញដូរថ្នាំញៀនមួយត្រូវបាននាំឡើងសវនាការនៅក្រុងហូជីមីញកាលពីថ្ងៃ១២មករា