ប្រែសម្រួល : កញ្ញាដាលីស ៖ លោកដូណាល់ ត្រាំបានក្លាយជាប្រធានាធិបតីអាម៉េរិកដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានចោទប្រកាន់ពីរដងខណៈដែលសភាតំណាងរាស្ត្របោះឆ្នោតកាលពីថ្ងៃពុធទី១៣មករាដើម្បីចោទប្រកាន់គាត់ពីបទញុះញង់ឱ្យហ្វូងមនុស្សលុកលុយវិមានរដ្ឋសភាកាលពីសប្តាហ៍មុន។
ប្រធានាធិបតីអាម៉េរិកទី១ ដែលត្រូវសភាចោទទោសទម្លាក់តំណែង២លើក
ព្រឹទ្ធសភានឹងមិនបើកសវនាការជំនុំជម្រះនៅមុនថ្ងៃទី ២០ ខែមករាទេ នៅពេលបេក្ខជនបក្សប្រជាធិបតេយ្យលោកចូ បៃដិនចូលកាន់តំណែងប្រធានាធិបតី មានន័យថាមហាសេដ្ឋីអចលនៈទ្រព្យរូបនេះនឹងរួចផុតពីហានិភ័យនៃការបង្ខំឱ្យចាកចេញមុនអាណត្តិ។
ទោះយ៉ាងណាលោកនឹងចាកចេញយ៉ាងអាម៉ាស់និងប្រឈមនឹងការកាត់ទោសនៅព្រឹទ្ធសភានៅពេលក្រោយ ហើយប្រសិនបើត្រូវបានផ្តន្ទាទោសនោះគាត់ទំនងជានឹងត្រូវហាមឃាត់នៅក្នុងការបោះឆ្នោតសម្រាប់មួយអាណត្តិប្រធានាធិបតីម្តងទៀតក្នុងឆ្នាំ ២០២៤ ។
ព្រឹទ្ធសមាជិករបស់បក្សប្រជាធិបតេយ្យលោកឆាក់ សូមឺ ដែលក្នុងរយៈពេលមួយសប្តាហ៍ទៀតនឹងក្លាយជាប្រធានព្រឹទ្ធសភា បាននិយាយថា “លោកដូណាល់ត្រាំក្លាយជាប្រធានាធិបតីដំបូងគេក្នុងប្រវត្តិសាស្ត្រអាម៉េរិក ដែលប្រឡាក់ស្នាមនៃការចោទប្រកាន់ពីរដង។ ព្រឹទ្ធសភាត្រូវតម្រូវឱ្យធ្វើសកម្មភាពហើយនឹងបន្តដំណើរការជំនុំជម្រះរូបគាត់”។
នៅក្នុងសភាតំណាងរាស្ត្រ សំណួរតែមួយគត់គឺថាតើសមាជិកគណបក្សសាធារណរដ្ឋរូបណាខ្លះបានចូលរួមជាមួយសមាជិកបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតក្នុងសំឡេង ២៣២-១៩៧ ។នៅឯការរាប់ចុងក្រោយ សមាជិកសភាបក្សសាធារណរដ្ឋចំនួន ១០ នាក់បានបោះឆ្នោតចោទប្រកាន់លោកត្រាំ ក្នុងនោះរួមមានទាំងសមាជិកលេខ៣របស់គណបក្សនៅក្នុងសភាតំណាងរាស្ត្រ គឺ លោកស្រី លីហ្ស ចេននី៕
លោកស្រីណាន់ស៊ី ប៉េឡូស៊ី ប្រធានសភា (ឆ្វេង)ដឹកនាំសភាចោទប្រកាន់ត្រាំកាលពីថ្ងៃ១៣មករា