ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ នៅក្នុងយុទ្ធនាការបង្ក្រាប គ្រឿងញៀន រយៈពេល ១ឆ្នាំ ក្នុងឆ្នាំ២០២០ សមត្ថកិច្ច បានដកហូតសារធាតុញៀន គ្រប់ប្រភេទជាង ៣ ពាន់គីឡូក្រាម និងសារធាតុគីមីផ្សំ ជាង ៥ ពាន់គីឡូក្រាម និងឃាត់ខ្លួនមនុស្សជាង ២ ម៉ឺននាក់។
បើយោងតាមរបាយការណ៍ របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀន ខុសច្បាប់ បានបង្ហាញថាៈ លទ្ធផលអនុវត្តន៍ច្បាប់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ ប្រចាំឆ្នាំ២០២០ សមត្ថកិច្ច បង្ក្រាបបាន ១០.៤៦១ ករណី ឃាត់ខ្លួនមនុស្ស ចំនួន ២១.៥៦៦ នាក់ (ស្រី ១.៣៣៤ នាក់) ក្នុងនោះមានជនបរទេស ចំនួន ៣៨៩នាក់ ស្រី ៥២នាក់ មាន ១៩សញ្ជាតិ។
របាយការណ៍ បានបន្តថាៈ ករណីជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ បង្ក្រាបបាន ៦.៧១៥ ករណី ឃាត់ ១២.៧៣៩ នាក់ (ស្រី ១.០០៣នាក់)។ ករណីប្រើប្រាស់ បង្ក្រាបបាន ចំនួន ៣.៧៤៦ ករណី ឃាត់ ៨៨២៧នាក់ (ស្រី ៣៣១នាក់)។ អនុវត្ដន៍ដីកាបាន ចំនួន ៥៣៦ដីកា ឃាត់ ៤៩៦នាក់ (ស្រី ១៣នាក់)។
ប្រភពដដែល បានបញ្ជាក់ថាៈ យុទ្ធនាការបង្ក្រាបគ្រឿងញៀន រយៈពេល ១ឆ្នាំ ក្នុងឆ្នាំ២០២០ សនត្ថកិច្ច បានដកហូតសារធាតុញៀន គ្រប់ប្រភេទ ចំនួន ៣.១៧៩ គីឡូក្រាម ១៧០,៧៣ ក្រាម និងសារធាតុគីមីផ្សំ ៥.០២៥ គីឡូក្រាម, កញ្ឆាចំនួន ២៩២ គីឡូក្រាម ២២៩,២១ក្រាម និង ២៩៧.៨៩៨ ដើម។ សម្ភារៈចាប់យកមាន រថយន្ដចំនួន ១៦០ គ្រឿង ម៉ូតូចំនួន ២.៨៣១ គ្រឿង ទូរស័ព្ទចំនួន ៨.៦១២ គ្រឿង ជញ្ជីង ៥៧៩ គ្រឿង អាវុធខ្លី ៣២ ដើម អាវុធវែង ២៦ ដើម។ ចលនៈ និងអចលនៈទ្រព្យ ស្នើសុំបង្កក ចំនួន ៦ កន្លែង ផ្ទះ ២កន្លែង ដីផ្ទះ ២កន្លែង ខុនដូ ១កន្លែង និងឃ្លាំង ១កន្លែង។ លុយខ្មែរ ១៥១.៣៩០.១០០ រៀល លុយអាមេរិក ២៦៨.៩៥៣ ដុល្លារ លុយថៃ ១៧៩.៤២០ បាត និងលុយវៀតណាម ១៥៤.៩៩៥.០០០ ដុង៕/V-PC