ចិន​ព្រមាន​ចាត់វិធានការ​បន្ថែម​ក្រោយ​សម្ញែង​កម្លាំង​យោធា​នៅ​ជិត​កោះ​តៃវ៉ាន់​

3426
ចែករម្លែក

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៥​មេសា​ថា សមយុទ្ធ​យោធា​ចិន​ជា​បន្តបន្ទាប់​នៅ​ជិត​កោះ​តៃវ៉ាន់ មាន​គោលបំណង​បញ្ជូន​សារ​ច្បាស់​មួយ​​ទៅ​កាន់​កោះ​ស្វ័យគ្រប់គ្រង​មួយ​នេះ ហើយ​ចិន​នឹង​ចាត់វិធានការ​បន្ថែម​ប្រសិន​បើ​កងកម្លាំង​គាំទ្រ​ឯករាជ្យភាព​តៃវ៉ាន់​នៅ​តែ​ធ្វើ​តាមចិត្ត​ចង់​របស់គេ​។​

​ក្នុង​រយៈពេល​មួយ​ឆ្នាំ​មកនេះ ចិន​បាន​បង្កើន​ការហ្វឹកហាត់​យោធា​នៅ​ជុំវិញ​កោះ​ប្រជាធិបតេយ្យ​តៃវ៉ាន់ រួម​មាន​ការហោះ​របស់​យន្តហោះ​ទម្លាក់​គ្រាប់បែក​និង​យន្តហោះ​​យោធា​ផ្សេងទៀត​នៅ​ជុំវិញ​កោះ​។​កាលពី​សប្តាហ៍​មុន បាន​ធ្វើ​សមយុទ្ធ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​ចិន​អះអាងថា​តៃវ៉ាន់​គឺជា​ទឹកដី​ដ៏​ពិដ្ឋរ​បស់ខ្លួន និង​អារិភាព​ចំពោះ​កោះ​នេះ​កាន់តែ​មាន​សភាព​ខ្លាំងក្លា​ឡើង​ចាប់តាំងពី​ការ​ជាប់​ជា​ប្រធានាធិបតី​របស់​លោកស្រី ត្សាយ​​អ៊ិន​វេន នៅ​ឆ្នាំ​២០១៦​។​

​ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​មួយ លោក​ម៉ា ស៊ា​វ​ហ្គួង អ្នកនាំពាក្យ​របស់​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​ចិន បាន​និយាយថា សារ​ដែល​កងទ័ព​រំដោះ​ប្រជាជន​កំពុង​​បញ្ជូន​ជាមួយនឹង​សមយុទ្ធ​យោធា​គឺ​”​ច្បាស់លាស់​ខ្លាំងណាស់​។​យើង​មាន​បំណង​មោះមុត ជំនឿ​ទាំងស្រុង​និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​បំផ្លាញចោល​ផែនការ​ផ្តាច់ខ្លួន​​ដើម្បី​ឯករាជ្យភាព​តៃវ៉ាន់​ណាមួយ ដើម្បី​ការពារ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ចិន​”​។​

​លោក​បាន​បន្ថែមថា​” បើ​កងកម្លាំង​គាំទ្រ​ឯករាជ្យភាព​តៃវ៉ាន់​បន្ត​ធ្វើ​តាមចិត្ត​ចង់​របស់គេ យើង​នឹង​ចាត់វិធានការ​បន្ថែម​”​។​

​ខណៈ​ភាព​តានតឹង​ជាមួយ​ចិន​កាន់តែ​ពុះកញ្ជ្រោល​ឡើង ក្រសួងការពារជាតិ​តៃវ៉ាន់​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា ខ្លួន​នឹង​ធ្វើ​សមយុទ្ធ​យោធា​ធ្វើ​ដូចជា​កំពុង​វាយ​​បណ្តេញ​កងកម្លាំង​ឈ្លានពាន​ណាមួយ ជួសជុល​មូលដ្ឋាន​ទ័ពអាកាស​ធំ​មួយ​និង​ប្រើ​ដ្រូ​ន​ស៊ីវិល​ជា​ផ្នែក​នៃ​សមយុទ្ធ​យោធា​ដែល​នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយ​៕​ដោយ​៖​វាសនា​

​មន្ត្រី​ចិន​និយាយថា សមយុទ្ធ​យោធា​នៅ​ជិត​តៃវ៉ាន់ ជា​សារ​ច្បាស់លាស់​ចំពោះ​កម្លាំង​និយម​ឯករាជ្យ​នៃ​កោះ​នេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម