ស្ថានទូត​អូស្ត្រាលី ជួយឧបត្ថម្ភ​សម្ភារ​ការពារ និង​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដល់​មន្ទីរ​សុខាភិបាល ខេត្តកំពង់ឆ្នាំង

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា លោក ផា​ប្លូ កាង អមដំណើរ​ដោយ ប្រធាន​កម្មវិធី​ជាតិ សុខភាព​ភ្នែក លោក​សាស្ត្រាចារ្យ ងឺ ម៉េង នៅ​រសៀល​ថ្ងៃទី ១៣ ខែមករា ឆ្នាំ​២០២១ នេះ បាន​ចុះសួរសុខទុក្ខ និង​បាន​នាំយក​នូវ សម្ភារ​បរិក្ខារ​សុខាភិបាល ជួយឧបត្ថម្ភ ដល់​មន្ទីរ​សុខាភិបាល ខេត្តកំពង់ឆ្នាំង និង​ដើម្បី ចែកជូន មន្ទីរពេទ្យបង្អែក និង​តាម​មណ្ឌល​សុខភាព នៅក្នុង​ខេត្ត​នេះ​។​

​គ្រឿង​សម្ភារ​បរិក្ខារ​ទាំងអស់​នេះ បានរៀបចំ​ឡើង ដោយ​កម្មវិធី​ជាតិ​សុខភាព​ភ្នែក ក្រោម​ជំនួយ​ឧបត្ថម្ភ ពី​រដ្ឋាភិបាល​អូស្ត្រាលី តាមរយៈ​មូលនិធិ ហ្វេ​ត​ហ្វូ​ឡូ រួមមាន ម៉ាស​ចំនួន ៤៦.១០០ ម៉ាស អាកុល​ចំនួន ១.៥៦០ លីត្រ ឧបករណ៍​វាស់​កំដៅ ចំនួន ៥៤ គ្រឿង សាប៊ូ​លាងដៃ ចំនួន ៥០៥ ដប ស្រោមដៃ​ចំនួន ១៥.៧០០ របាំងមុខ ចំនួន ៤០២ សន្លឹក​។ ក្រៅពីនេះ កម្មវិធី​ជាតិ​សុខភាព​ភ្នែក តាមរយៈ​ជំនួយ​អូស្ត្រាលី​នេះដែរ​ក៏បាន​រៀបចំ​សម្ភារ បន្ថែម ជូន​ដល់​មន្ទីរពេទ្យ និង​មន្ទីរ​សុខាភិបាល​ខេត្ត ផងដែរ​។​

​នៅក្នុង​ពិធី​នេះ លោក​ឯកអគ្គរដ្ឋទូត លោក ផា​ប្លូ កាង បានលើកឡើង​ថាៈ រដ្ឋាភិបាល​កម្ពុជា បានការ​ពារ និង​ទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូ​វីដ​១៩ បាន​យ៉ាង​ល្អប្រសើរ ហើយ​យើង ត្រូវតែ​ខិតខំ បន្ត​ការប្រុងប្រយ័ត្ន​នេះ តទៅទៀត ។​

​លោក​ឯកអគ្គរដ្ឋទូត បាន​អះអាងថាៈ ក្នុងនាម​ជា​ប្រទេសជិតខាង និង​ជា​មិត្ត​ជិតស្និទ្ធ ប្រទេស​អូស្ត្រាលី នឹង​បន្ត​ការយកចិត្តទុកដាក់ ជួយ​គាំទ្រ​ដល់​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​រាតត្បាត​នេះ និង​កំពុង​ខិតខំ​ប្រឹងប្រែង ជួយ​កម្ពុជា​ឲ្យ​ទទួលបាន វ៉ាក់សាំង​ការពារ ជំងឺ​កូ​វីដ​១៩ រួមមាន តាមរយៈ មាន​ថវិកា​ជំនួយ​ឥត សំណង​ចំនួន ៥០០ លាន​ដុល្លារ​អូស្ត្រាលី ដើម្បី​ទទួលបាន​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​១៩ ដ៏​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព ក្នុង​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក និង​អាស៊ីអាគ្នេយ៍ និង​គម្រោង​មួយទៀត មាន​ថវិកា ចំនួន ៨០​លាន​ដុល្លារ អូស្ត្រាលី សម្រាប់​កម្មវិធី​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​ក្នុងនោះ មាន​កម្ពុជា​ផងដែរ ។

​ដោយឡែក លោក​សាស្ត្រាចារ្យ ងី ម៉េង ប្រធាន​កម្មវិធី​ជាតិ​សុខភាព​ភ្នែក និង​ជានា​យក មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត បាន​ថ្លែងថាៈ សម្ភារ​ទាំងនេះ បាននិងកំពុង​ចូលរួមចំណែក យ៉ាងសំខាន់ ក្នុង​ការជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ នៅ​កម្ពុជា ជាពិសេស​ជួយ​សម្រួល ដល់​គ្រូពេទ្យ ក្នុង​ការផ្ដល់សេវា​សុខភាព​ភ្នែក ជូន​ដល់​ប្រជាពលរដ្ឋ ដោយមាន​ទំនុកចិត្ត ។ ទន្ទឹមនឹងនេះ លោក​បាន​លើកទឹកចិត្ត ឲ្យ​ប្រជាពលរដ្ឋ ដែលមាន បញ្ហា​គំហើញ រួសរាន់​មក​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ភ្នែក នៅ​មណ្ឌល​សុខភាព ឬ​នៅ​មន្ទីរពេទ្យ ដែល​នៅ​ជិត​បំផុត ឱ្យបាន​ទៀងទាត់ ។​

​ចំណែក លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ថាៈ កន្លងមក មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង បានផ្ដល់​សេវា​ពិនិត្យ និង​ព្យាបាល​ភ្នែក ជូន​ប្រជាពលរដ្ឋ រាប់ពាន់នាក់ នៅក្នុង​ឆ្នាំ​២០២០ ទោះបី​ពិភពលោក កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩ ក៏ដោយ​។​

​រីឯ​លោក អម សុភា អភិបាលរង ខេត្តកំពង់ឆ្នាំង បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ដល់​ស្ថានទូត​អូស្ត្រាលី និង​ប្រធាន​កម្មវិធី​ជាតិ​សុខភាព​ភ្នែក ដែល​បាន​យកចិត្តទុកដាក់ ក្នុងការ​នាំមក​នូវ​ជំនួយ ដ៏​មាន​សារៈសំខាន់ នៅថ្ងៃនេះ ជូន​មន្ទីរ​សុខាភិបាល ខេត្តកំពង់ឆ្នាំង ដើម្បីអោយ​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តកំពង់ឆ្នាំង បាន​ប្រើប្រាស់ ក្នុងការ​ទប់ស្កាត់ និង​ការពារ​ការរីក​រាលដាល ជំងឺ​កូ​វីដ​១៩ ឲ្យ​បានល្អ​ប្រសើរ​។​

​ជាមួយគ្នានេះ លោក​ក៏បាន​កោតសរសើរ និង​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ដល់​មន្ត្រី សុខាភិបាល និង​មន្ត្រី​នៃ​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព ខេត្តកំពង់ឆ្នាំង ទាំងអស់​ដែល​បាន រួមគ្នា ប្រយុទ្ធប្រឆាំង និង​ការពារ​ព្យាបាល​ជំងឺ បាន​យ៉ាង​ល្អប្រសើរ ក្នុង​រយៈពេល​កន្លងមក ដោយ​មិន​ឲ្យ​មាន​អ្នកជំងឺ​ណា​ម្នាក់ ស្លាប់​ឡើយ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular