បង្កើន​ការត្រួតពិនិត្យ​សន្តិសុខ សណ្តាប់ធ្នាប់ លើ​ពលករ ចូលមក​ធ្វើ​ច​ត្តា​ឡី​ស័ក ក្រោយ​ជម្លោះ ដោយ​គ្រឿង​ស្រវឹង​, កាំបិត​

​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ អាជ្ញា​ធរមាន​សមត្ថកិច្ច នៃ​គណៈកម្មការ អនុគណៈ កម្ម​ការ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីត ១៩ ដែល​ប្រចាំ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក កម្រិត​១ (C1) និង​កម្រិត​២ (QC2) ទាំង​១៣​មណ្ឌល នៅក្នុង​ខេត្ត និង​តាម​ស្រុក ក្រុង ត្រូវបាន​ទទួលបញ្ជា បង្កើន​ការឆែកឆេរ ត្រួតពិនិត្យ​សន្តិសុខ សណ្តាប់ធ្នាប់ លើ​ពលករ​ខ្មែរ​ដែល​ចូលមក​ធ្វើ ច​ត្តា​ឡី​ស័ក​។​

​វិធានការ​នេះ​ធ្វើឡើង ក្រោយពី​មាន​ជម្លោះ របស់​ពលករ ការរកឃើញ​គ្រឿង​ស្រវឹង (​ស្រា​បៀរ​) កាំបិត និង​របស់​ផ្សេងទៀត ដែល​មិន​អនុញ្ញាតអោយ​យក​ចូល ក្នុង​មណ្ឌល ច​ត្តា​ឡី​ស័ក កម្រិត​២ (QC2) កង​វ៉ា របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ នា​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១​។ ហើយ​រឿងនេះ បាន​បែកធ្លាយ កាលពី​ថ្ងៃទី​១៣ ខែមករា កន្លងទៅ​។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធ​ជំងឺ កូ​វីដ​១៩ បាន​ប្រាប់​គេហទំព័រ រស្មី​កម្ពុជា កាលពី​ថ្ងៃទី​១៣ មករា ថាៈ រដ្ឋបាលខេត្ត បាន​បញ្ជា ឱ្យ​សមត្ថកិច្ច កងកម្លាំង នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក ត្រូវ​ត្រួតពិនិត្យ​ម៉ត់ចត់ យាមកាម​តឹងរ៉ឹង មិនអោយ​មាន​អាវុធជាតិផ្ទុះ គ្រឿង​ស្រវឹង គ្រឿងញៀន និង​អ្វីៗ​ដែល​អាច​បង្ក បញ្ហា​ដល់ សន្តិសុខ សណ្តាប់ធ្នាប់ ។​

​ចំណែក​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ បាន​ប្រាប់​គេហទំព័រ រស្មី​កម្ពុជា ថ្ងៃទី​១៣ មករា នេះដែរ​ថាៈ “​អាជ្ញា​ធរមាន​សមត្ថកិច្ច សុំ​ចិត្ត​សុំ​ថ្លើម បងប្អូន​ពលករ មកដល់​ម៉ោង​នេះ គឺជា​ម៉ោង​រក្សា​សុខភាព សូមមេត្តា​រក្សា​គម្លាត បងប្អូន ធ្វើ​ច​ត្តា​ឡី​ស័ក នៅទីនេះ ហើយ​មិន​អនុញ្ញាតឱ្យ​បងប្អូន នាំគ្នា​ផឹកស្រា​បៀរ ប្រើ​អាវុធ ឈ្លោះប្រកែក បងធំ​បងតូច​នោះទេ ។ នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក ហាម​ដាច់ខាត គឺ​មិន​អនុញ្ញាត​ឲ្យ​បងប្អូន នាំគ្នា​ធ្វើតាម​អំពើ​ចិត្ត​ឡើយ​។ សូម​ចិត្ត បងប្អូន កុំ​ធ្វើបែបនេះ​ទៀត​”​។​

​លោក​បាន​បញ្ជាក់ថាៈ ” នេះ​គឺជា​រឿង​ថ្មី​មួយ សម្រាប់​មណ្ឌល​ច​ត្តា​ឡី​ស័ក កង​វ៉ា ក្រុង​សិរី សោភ័ណ ខេត្តបន្ទាយមានជ័យ ” ។​

​យោង​ប្រភព​នានា ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក បានអោយដឹងថាៈ តាំងពី​មុន​ចូល​មណ្ឌល , ពេល​ចូល​ហើយ មាន​ពលករ​ខ្លះ បាន​ប្រព្រឹត្ត​អំពើ​មិន​គប្បី បង្កជម្លោះ បង្ក​រំខាន ប៉ះពាល់ ដល់​សណ្តាប់ធ្នាប់​។ អ្នកខ្លះ បាន​ពឹង ឬ​ប្រើ​អ្នកផ្តល់​សេវា ក្នុង​មណ្ឌល​វក់វីរ តាំងពី​ម្ហូបចំណី ថ្នាំ ទឹកដោះគោ​កូន ខោ​កន្ទប សំឡី​អនាម័យ …. ជួនកាល កណ្តាលអធ្រាត្រ ហើយ​បើ​អ្នក ផ្តល់​សេវា មិន​ធ្វើ​ទាន់​តាមចិត្ត ពលករ​ខ្លះ ស្រែក​បង្ក​ឡូឡា​ផ្អើល​ឡើង ។​

​រីឯ​ពលករ​ខ្លះ ខឹងសម្បារ​នឹង​កម្លាំង​សន្តិសុខ​ថា ចាប់បង្ខំ​ពួកគេ មក​ចូលធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​បើ​រត់ចេញ ឬ​ខកខាន ហើយ​ចូលទៅ​ផ្ទះ នឹងត្រូវ​បណ្តាញ តាម​ភូមិ​រាយការណ៍ ហើយនឹង​ត្រូវ​អូស​ទាំង​គ្រួសារ មក​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ ដែល​ធ្វើអោយ​គ្រួសារ​ពួកគេ កាន់តែ​ជួប​ការលំបាក ..​។​

​ឆ្លើយតប​ការចោទប្រកាន់​នេះ មន្ត្រី​មាន​សមត្ថកិច្ច បានអោយដឹងថាៈ នោះ​ជា​វិធាន នៃ​ការណែនាំ​របស់ ក្រសួងសុខាភិបាល ដើម្បី​បង្ការ​ទប់ស្កាត់ ការរីក​រាលដាល ជំងឺ​កូ​វីដ​១៩ ពិសេស​គឺ​ពលករ​ខ្មែរ ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ ជាទី​ដែល​ផ្ទុះ​ជំងឺ​កូ​វីដ ១៩ ក្នុង​សហគមន៍ ពេញបន្ទុក​នោះ ។​

​សមត្ថកិច្ច បាន​បន្តថាៈ បើ​បងប្អូន​ពលករ​ណា​ម្នាក់ បានគេច​ចេញ មិន​ព្រម​ចូលធ្វើ ច​ត្តា​ឡី​ស័ក​នោះ ហើយ​បើ​រកឃើញ គឺ​ត្រូវ​នាំ​ទាំង​គ្រួសារ មក​ធ្វើ​ហើយ​ព្រោះ​ដើម្បី​ចាត់ វិធាន ការការពារ​បងប្អូន កុំឱ្យ​រងគ្រោះថ្នាក់ ដោយសារ​ជំងឺ​នេះឯង​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular