ក្រុមការងារ​អភិរក្ស​ចាប់ផ្តើម​តម្លើង​ស្លាក​កំណត់សម្គាល់​ទីតាំង​តំបន់ការពារធម្មជាតិ​ចំនួន ៣១​ផ្ទាំង​

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រុមការងារ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា រួមមាន​មន្ទីរ បរិស្ថាន​ខេត្តមណ្ឌលគិរី ឧ​ទ្យា​នុ​រក្ស អាជ្ញាធរ​មូលដ្ឋាន និង​បុគ្គលិក​អង្គការ WCS បានចាប់ផ្តើម​តម្លើង​ស្លាក​កំណត់សម្គាល់​ទីតាំង​តំបន់ការពារធម្មជាតិ​ចំនួន ៣១​ផ្ទាំង​។

​អង្គការ WCS បាន​អះអាងថា កិច្ចការ​នេះ​គឺ ដើម្បី​ផ្សព្វផ្សាយ​បង្កើន​ការយល់ដឹង​ដល់ សាធារណៈជន​អំពី «​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​» នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​ប្រភព​ដដែល​បាន​បន្តថា ស្លាក​ចំនួន ៧​ផ្ទាំង ត្រូវបាន​តម្លើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៧៦ ចាប់ពី​ចំណុច​គីឡូម៉ែត្រ​លេខ ១៥១ មុខ​ទីស្នាក់ការ​ដែនជម្រកសត្វព្រៃ​កែវ​សីមា រហូតដល់​គីឡូម៉ែត្រ​លេខ ១៧៨​។ ស្លាក​ដែល​នៅ​សេសសល់​នឹងត្រូវ​តម្លើង​នៅ​សប្តាហ៍ បន្ទាប់​នៅតាម​ចំណុច​គោលដៅ​ផ្សេងៗ​ទៀត​ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ជាពិសេស​នៅក្នុង​តំបន់​ដែលមាន​ការកាប់​រាន​ខុសច្បាប់​។​

​ការ​តម្លើង​ស្លាក​នេះ​ទទួលបាន​ការគាំទ្រ​ថវិកា​ពី​គម្រោង​រេ​ដ​បូក​កែវ​សីមា​និង​មាន​គោល បំណង​ចង់ឱ្យ​ប្រជា​សហគមន៍​រស់នៅក្នុង​និង​ក្បែរ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​នេះ ជាពិសេស​មនុស្ស​មកពី​តំបន់​ផ្សេង​បានដឹង​ច្បាស់​អំពី​ព្រំប្រទល់​នៃ​តំបន់ការពារធម្មជាតិ​នេះ ក៏ដូចជា​ចូលរួម​ការពារ​និង​ទប់ស្កាត់​ការកាប់​រាន​ដីព្រៃ​ខុសច្បាប់​នាពេល​អនាគត​។ នៅលើ​ស្លាក​ទាំងនេះ​មាន​សរសេរ​សារសំខាន់ៗ​ដូចជា ទី​១៖ ការ​បរបាញ់​និង​ជួញដូរ​សត្វ ព្រៃ​ជា​អំពើ​ខុសច្បាប់ និង​ទី​២៖ ការកាប់​រាន​ដីព្រៃ​នៅក្នុង​តំបន់ការពារធម្មជាតិ​ជា​អំពើ ខុសច្បាប់​។ នៅលើ​ស្លាក​នីមួយៗ​មាន​លេខ​ទូរស័ព្ទ ០៦០ ៩៧ ៩៧ ៩៧ សម្រាប់​ឱ្យ​ប្រជា ពលរដ្ឋ​រាយការណ៍​អំពី​បទល្មើស​ជួញដូរ​សត្វព្រៃ​និង​បទល្មើស​ព្រៃឈើ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular