ដោយៈ ប.ជ័យ / ព្រំដែនកម្ពុជា ថៃៈ បច្ចុប្បន្ន នៅតែមានការរត់ពន្ធពលករខ្មែរ ចូលទៅធ្វើការ នៅក្នុងប្រទេសថៃ បើទោះបីជា អាជ្ញាធរថៃ ប្រកាសបិទខេត្ត និងប្រទេស ដោយសារតែ ការផ្ទុះការរីករាលដាលខ្លាំង នៃជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ក៏ដោយ។
នេះបើតាមសារព័ត៌មានថៃ ស្រង់ប្រភពសមត្ថកិច្ច កងកម្លាំងថៃ ក៏ដូចជា កងកម្លាំងកម្ពុជា នៅព្រំដែន បានប្រាប់សារព័ត៌មានកម្ពុជា ក្នុងស្រុក កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។
ប្រភពនេះ បានបញ្ជាក់ថាៈ ភស្តុតាងមួយ ក្នុងចំណោមរឿងអាស្រូវ រត់ពន្ធពលករខ្មែរ រាប់សិបករណី ដែលបានបែកធ្លាយ គឺកាលពីម៉ោង ៥ ព្រឹក ថ្ងៃទី១៣ មករា ២០២១ នៅតាមបណ្តោយព្រំដែន កម្ពុជា – ថៃ នៅអនុសាខាថាសព្រីក ស្រុកអារញ្ញប្រាថេត ជាទីដែលសមត្ថកិច្ច កងកម្លាំងថៃ ដាក់របាំងត្រួតពិនិត្យ ទប់ស្កាត់ និងចាប់ខ្លួន អ្នកបំពាន បម្រាមបិទខេត្ត និងប្រទេសដ៏តឹងរឹងនោះ ក៏បានរកឃើញការរត់ពន្ធ ពលករខ្មែរខុសច្បាប់។ ពលករ ត្រូវបង់ថ្លៃឆ្លងព្រំដែន ជូនមេខ្យល់ជនជាតិខ្មែរ ចំនួន ៨០០បាត ក្នុងមួយនាក់ ហើយបង់មួយជាន់ទៀត ជូនមេខ្យល់ជនជាតិថៃ ក្នុងតម្លៃលើស ឬប្រហាក់ប្រហែលគ្នានេះ ។
ប្រភពដដែល បានបន្តថាៈ ក្រុមល្បាតថៃ បានទៅដល់ច្រកចូល ភូមិតាព្រិច ចំណុចមួយ ពីព្រំដែន បានប្រទះឃើញ រថយន្ដដឹកទំនិញមួយគ្រឿង ម៉ាកទ្រីទ្រីត ពណ៌ខ្មៅ ម៉ាកមីត ស៊ុយប៊ីស៊ី លេខចុះបញ្ជីលេខ គ -៧៦៨៧ ឈ្មោះ ស្រះកែវ ដែលរត់ចេញពីស្រុកខ្លងហាត ខេត្តស្រះកែវ ទល់មុខស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រទេសកម្ពុជា ក្នុងល្បឿនលឿន ដោយធ្វើដំណើរឆ្ពោះ ទៅស្រុកអារញ្ញប្រាថេត។ កន្លែងត្រួតពិនិត្យ នៅគោលដៅបន្ទាប់ បានឃាត់រថយន្តនោះ ។
អ្នកបើកបររថយន្ត ឈ្មោះ ចាកគីរិរ ច័ន្ទរ៉ូដុង ភេទប្រុស អាយុ ៣២ ឆ្នាំ មានលំនៅ នៅផ្ទះ លេខ ៥២ ម៉ុក៩ អនុសង្កាត់នងប៊ុន ស្រុកមឿង (ទីរួមខេត្ត) ខេត្តស្រះកែវ បានអោយដឹងថាៈ ខ្លួនគ្រាន់តែជាអ្នកបើក រថយន្តប៉ុណ្ណោះ ។ ឯការដឹកកម្មករខ្មែរ ចំនួន ១៧ នាក់ ក្នុងនោះ មានស្រី ៥ នាក់ និងកុមារ ៣ នាក់ ញាត់លាក់ នៅក្នុងកាប៊ីន រថយន្ត ជាគំនិតរបស់មេខ្យល់ និងថៅកែកន្លែងការងារ ដែលនាំពលករ ទៅធ្វើការប៉ុណ្ណោះ។
នៅពេលឃាត់ខ្លួន រួចយកទៅត្រួតពិនិត្យ អាយធី -១១ នៅប៉ុស្តិ៍នគរបាល ឃុំខ្លុងណាំសៃ (តាមរយៈអ្នកបកប្រែភាសាកម្ពុជា) ពលករខ្មែរ បានប្រាប់ការពិតថាៈ ពួកគេ និងមេខ្យល់ បានទាក់ទង ដោយថៅកែថៃ ឱ្យធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីទៅធ្វើការ (កាប់អំពៅ) នៅចម្ការ ក្នុងស្រុកវ៉ាត់តាណាខន ខេត្តស្រះកែវ ជាទីដែលដើមអំពៅ នៅពេញចម្ការ តែគ្មានកម្លាំងពលកម្មធ្វើ។ ហេតុនេះ ពួកគេ បានធ្វើដំណើរឆ្លងកាត់ព្រំដែន តាមច្រករបៀង តាមផ្លូវកាត់ នៅពេលយប់។ បន្ទាប់ពីឆ្លងចូលទឹកដីថៃបានហើយ ពួកគេ នឹងមានជនជាតិ ថៃម្នាក់ បើកឡានមកទទួល ដឹកដោយញាត់លាក់ ក្នុងកាប៊ីន ដើម្បីយកទៅធ្វើការ នៅក្នុងចម្ការអំពៅ ដែលជាទីកន្លែងកំណត់នោះ។
ទំនងជាជួយការពារ អ្នកបើកបររថយន្ត ខាងលើ ពលករខ្មែរ ដែលស្រង់សំដី ដោយ សមត្ថកិច្ច និងអ្នកយកព័ត៌មានថៃ បាននិយាយថាៈ លោកចាក ឃីត អ្នកបើករបរ ជាជនជាតិថៃ គ្រាន់តែជាអ្នកបើកបរប៉ុណ្ណោះ ពួកយើងទេ ដែលទាក់ទងគ្នាដើម្បីជ្រៀត ចូលប្រទេសថៃ ដើម្បីបានធ្វើការ មានកម្រៃ ។ បើមិនអីចឹងទេ នៅឯផ្ទះ (នាប្រទេសកម្ពុជា) តើបានអីហូប ។ នេះជាការប្រថុយទេ ហើយប្រថុយបែបនេះ ច្រើនដងមកហើយៗ កន្លងមក បានជួបលាភ ច្រើនជាងស៊យ ។
ទោះជាយ៉ាងណា រឿងនេះ ត្រូវតែបង់លុយ អោយមេខ្យល់ខ្មែរ និងថៃ ហើយមេខ្យល់ ជាអ្នកសម្រួលផ្លូវនឹងសមត្ថកិច្ច កងកម្លាំងថៃ។ តែបើបែកការណ៍ សមត្ថកិច្ច កងកម្លាំងថៃ គេនឹងធ្វើជាបង្ក្រាបហើយ ។ នេះមិនមែនជារឿងថ្មីទេ ។
សូមបញ្ឫក់ថា ពលករខ្មែរ ១៧ នាក់នោះ ត្រូវបញ្ជូនអ្នកស៊ើបអង្កេត ទៅអធិការដ្ឋាន នគរបាល ស្រុកខ្លងណាំសៃ ដើម្បីអនុវត្តតាមច្បាប់ថៃ ឬក៏គ្រាន់តែ ចាត់វិធានការតាមការ ច្បាប់គ្រាអាសន្ន នៃការរីករាលដាលជំងឺកូវីដ ១៩ រួចរៀបចំបញ្ជូនពួកគេ មកកាន់ប្រទេស កម្ពុជាវិញ។ ព្រោះថា បើទុកនៅយូរ ការចំណាយ លើការថែទាំសុខភាព និងហូបចុក ក៏អស់ច្រើន ដ្បិតពលករខ្មែរទាំងនោះ មិនមានជីវភាពល្អនោះទេ។ ម្យ៉ាងក្នុងប្រទេសថៃ បាននឹងកំពុងដោះស្រាយផ្ទៃក្នុង ករណីជំងឺកូវីដ ១៩ ដ៏រាលដាលក្នុងសហគមន៍ របស់ខ្លួន៕/V-PC