ប៉ូលិស​ថៃ​រឹបអូស​ស្រោមដៃ​ពេទ្យ​ប្រើ​ហើយ​រាប់​រយ​បាវ​នៅ​រោងចក្រ​ខុសច្បាប់​មួយ​

​ប្រែ​សម្រួលៈ​វាសនា​/​ផា​ធូ​ម ថា​នី​៖​ស្រោមដៃ​ពេទ្យ​ប្រើ​ហើយ​រាប់រយ​បាវ​ដែល​ត្រូវ​បាន​សម្អាត​និង​ច្រកចូល​ក្នុង​ប្រអប់​ដើម្បី​លក់​ឡើងវិញ ត្រូវបាន​រឹបអូស​នៅ​ពេល​ប៉ូលិស​ឆ្មក់​ចូល​រោងចក្រ​ខុសច្បាប់​មួយ​​នៅក្នុង​ខេត្ត ផា​ធូ​ម ថា​នី កាលពី​ថ្ងៃ​អង្គារ​។​

​បើ​តាម​ប៉ូលិស ស្រោមដៃ​សម្អាត​និង​ប្រើ​ឡើងវិញ​នេះ​មាន​តំលៃ​ប្រមាណ​១០០​លាន​បាត នៅក្នុង​ទីផ្សារ​លក់រាយ​។​

​មន្ត្រី​ទៅ​ពី​ផ្នែក​ប៉ូលិស​គាំពារ​អ្នកប្រើប្រាស់ រួម​ជាមួយ​មន្ត្រី​រដ្ឋបាល​ចំណីអាហារ​និង​ឳ​សថ បាន​ចូល​ឆែកឆេរ​ក្នុង​រោងចក្រ បន្ទាប់ពី​ទទួលបាន​ដំណឹង​ពី​អ្នក​អោយការណ៍​ម្នាក់​។​ក្រោយ​ចូលដល់ គេ​ឃើញ​កម្ម​​ករ​កំពុង​ប្រញឹក​ដៃ​វេច​ខ្ចប់​ស្រោមដៃ​ជ័រ និង​ស្រោម​នីត្រាត ដែល​ទំនងជា​ត្រូវបាន​ប្រើ​ម្តង​ហើយ​ទៅក្នុង​ប្រអប់​ម៉ាក​NA​។​

​ក្នុង​ប្រតិបត្តិការ​នេះ ពួក​មន្ត្រី​បាន​រឹបអូស​ស្រោមដៃ​៦៧៤​បាវ ប្រអប់​ជាង​៣​ពាន់ និង​គ្រឿង​បរិក្ខារ​ផ្សេងទៀត​។​

​ស្រោមដៃ​ប្រើ​ហើយ​ទាំង​បាវ​ដែល​ត្រូវ​សម្អាត​និង​ច្រក​ក្នុង​ប្រអប់​ថ្មី​សំរាប់​លក់​

​ការ​រឹបអូស​នេះ​កើតឡើង​ក្រោយ​មាន​ការបង្ក្រាប​ស្រដៀង​គ្នា​ចំនួន​២​កាលពី​ពេល​ថ្មីៗ​លើ​រោងចក្រ​ផលិត​ស្រោមដៃ​ពេទ្យ​ខុសច្បាប់​។​

​មន្ត្រីរដ្ឋបាល​ចំណីអាហារ​និង​ឳ​សថ​ថៃ​បាន​និយាយថា ការផ្ទុះកូ​វីដ​១៩​នៅ​រលក​ទី​២​នេះ​នាំអោយ​មាន​ការផលិត​ស្រោមដៃ​ខុសច្បាប់​យ៉ាង​ផុសផុល​នៅពេល​សេចក្តីត្រូវការ​កើនឡើង​តែ ការយក​ស្រោមដៃ​ប្រើ​​ហើយ​មក​សម្អាត​រួច​ប្រើ​ជា​ថ្មី​វា​បង្ក​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​ខ្ពស់​។​

​កាលពី​ខែ​មុន អាជ្ញាធរ​ថៃ​ក៏​បាន​ចូល​បង្ក្រាប​ការផលិត​ស្រោមដៃ​ពេទ្យ​ខុសច្បាប់​មួយ​នៅក្នុង​ខេត្ត​ផា​ធូ​ម ថា​នី​ដដែល ដោយ​ឃាត់ខ្លួន​ថៅកែ​ជនជាតិ​ចិន​ម្នាក់​និង​កម្មករ​ចំណាកស្រុក​១១​នាក់ រួមជាមួយ​​ស្រោមដៃ​៧,៦១​លាន​៕

​ប៉ូលិស​ឆ្មក់​ចូល​រោងចក្រ​ផលិត​ស្រោមដៃ​ខុសច្បាប់​មួយ​នៅ​ខេត្ត​ផា​ធូ​ម ថា​នី​របស់​ថៃ​ដោយ​រឹបអូស​បាន​ស្រោម​ប្រើ​ហើយ​រាប់រយ​បាវ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular