ដោយៈ គ្រញូង/បាត់ដំបងៈ នៅសាលសន្និសីទមិត្តភាព បាត់ដំបង ដាណាំង កាលពីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ គណៈបញ្ជាការ ឯកភាពរដ្ឋបាល ខេត្តបាត់ដំបង បានបើក កិច្ចប្រជុំ ប្រចាំខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាល ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រជុំនេះ បានផ្តោតលើបញ្ហាមួយចំនួន មានដូចជាៈ បញ្ហាស្ថានីយ៍ប្រេងឥន្ធនៈ និងដេប៉ូប្រេងមួយចំនួន ក្នុងខេត្ត ចាក់មិនគ្រប់បរិមាណ តាមខ្នាតរង្វាស់រង្វាល់ ស្តង់ដារ ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានកំណត់ ដែលរាយការណ៍ដោយលោក តូច ឈួនសៅរិទ្ធ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្ត ។ លោក អ៊ូ ដាវី មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានលើកឡើងអំពី ការផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីលក្ខខណ្ឌ និងនិតិវិធី នៃការត្រួតពិនិត្យ និងបញ្ជាក់សំណង់។ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរាយការណ៍សង្ខេប ស្តីពីការបើកបវេសនកាល ឆ្នាំសិក្សាថ្មី ឆ្នាំ២០២១ ។
នៅចុងបញ្ចប់ លោក ងួន រតនៈ អភិបាលខេត្ត បានបូកសរុបលទ្ធផលកិច្ចប្រជុំ ប្រចាំខែធ្នូ ឆ្នាំ២០២០ ហើយបានដាក់ទិសដៅ អនុវត្តការងារបន្ត នៅឆ្នាំ២០២១ ៕/V-PC