ប្រែសម្រួល : កញ្ញាដាលីស ៖ ក្រុមអ្នកជំនាញមកពីអង្គការសុខភាពពិភពលោកបានទៅដល់ទីក្រុងវូហានប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ ខណៈចិនរាយការណ៍ករណីស្លាប់ដោយកូវីដទីមួយក្នុងរយៈពេល ៨ ខែ ចំពេលមានការកើនឡើងករណីវីរុសកូរ៉ូណាឡើងវិញ។
ប្រជាជនជាង ២០ លាននាក់កំពុងជាប់គាំងនៅភាគខាងជើងនៃប្រទេសចិន ហើយខេត្តមួយបានប្រកាសស្ថានភាពអាសន្ន ខណៈចំនួនករណីកូវីដ១៩បានកើនឡើងបន្ទាប់ពីចិនរាយការណ៍ករណីឆ្លងតិចតួចប្រចាំថ្ងៃអស់ពេលជាច្រើនខែ។
ចិនបង្ក្រាបវីរុសកូរ៉ូណាបានភាគច្រើនតាមរយៈការបិទខេត្តក្រុងតឹងរ៉ឹងនិងការធ្វើតេស្តិ៍ទ្រង់ទ្រាយធំ។ ប៉ុន្តែការឆ្លងចំនួន ១៣៨ករណីផ្សេងទៀតត្រូវបានរាយការណ៍ដោយគណៈកម្មការសុខភាពជាតិនៅថ្ងៃព្រហស្បតិ៍នេះ ដែលជាចំនួនកើនឡើងខ្ពស់បំផុតគិតចាប់តាំងពីខែមីនាឆ្នាំមុន។
ការឆ្លងនេះនៅតែមានទំហំតូចបំផុតនៅឡើយបើប្រៀបធៀបជាមួយប្រទេសនានាដែលកត់ត្រាករណីឆ្លងខ្ពស់ៗប្រចាំថ្ងៃរាប់ពាន់និងម៉ឺនប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំងអន្ទះសារចង់លុបបំបាត់ឱ្យបាននូវចង្កោមមេរោគក្នុងស្រុក មុនថ្ងៃបុណ្យចូលឆ្នាំថ្មីនៅខែក្រោយចូលមកដល់ នៅពេលដែលមនុស្សរាប់រយលាននាក់នឹងធ្វើដំណើរឆ្លងកាត់ទូទាំងប្រទេស។
ករណីស្លាប់ម្នាក់នេះកើតឡើងខណៈចិនត្រៀមខ្លួនជាស្រេចសម្រាប់ការមកដល់នៃក្រុមអ្នកជំនាញផ្នែកវិទ្យាសាស្ត្រមកពីអង្គការ WHOដែលនឹងចាប់ផ្តើមធ្វើការស៊ើបអង្កេតដ៏រសើបខាងនយោបាយអំពីប្រភពនៃជំងឺរាតត្បាតកូវីដ១៩។ ក្រុមអ្នកស៊ើបអង្កេត ដែលមានគ្នា១០នាក់ រមកដល់ទីក្រុងវូហាននៅព្រឹកថ្ងៃព្រហស្បតិ៍។
លោកភីតធឺ បិន អេមបារិក ជាមេក្រុមបេសកកម្មនេះ និយាយថា ក្រុមអ្នកជំនាញនឹងចាប់ផ្តើមធ្វើចត្តាឡីស័ក២សប្តាហ៍នៅសណ្ឋាគារមួយផ្អែកតាមការតម្រូវរបស់ចិន។
លោកនិយាយថា “ក្រោយរយៈពេល២សប្តាហ៍ យើងនឹងអាចចេញក្រៅទៅជួបសមភាគីចិនរបស់យើងដោយផ្ទាល់និងទៅទីកន្លែងផ្សេងៗដែលយើងចង់ទៅ”។
លោកបានក្រើនរំលឹកថា “វាអាចជាដំណើរដ៏វែងឆ្ងាយ មុនពេលយើងយល់ពេញលេញអំពីអ្វីដែលបានកើតឡើង”៕
ក្រុមអ្នកជំនាញការរបស់WHOបានទៅដល់ទីក្រុងវូហានប្រទេសចិនកាលពីថ្ងៃ១៤មករាដើម្បីចាប់ផ្តើមស៊ើបរកប្រភពនៃការកកើតវីរុសកូរ៉ូណា