ភ្នំពេញ៖ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី ថ្នាក់ដឹកនាំនិងកម្មករនិយោជិតធនាគារ អេស៊ីលីដាភីអិលស៊ីគ្រប់លំដាប់ថ្នាក់បានសំដែងនូវអំណរសាទរដ៏ឧត្តុង្គឧត្តមនិងកោតសរសើរយ៉ាងជ្រាលជ្រោះបំផុតជូនចំពោះឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាក្នុងឱកាសដ៏វិសេសវិសាលនៃការទទួលបានពានរង្វាន់«The Best Central Banker of the year,Asia Pacific»ពី The Banker ដែលជាស្ថាប័នប្រមូលផ្តុំទិន្នន័យនិងផ្សព្វផ្សាយព័ត៌មានផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកលលោក។
ធនាគារជាតិនៃកម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តមទេសាភិបាល ជា ចាន់តូ បានជាប់ជាធនាគារកណ្តាល ឆ្នាំ២០២១ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក លើការគ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ ដែលបានរួមចំណែកជំរុញកំណើននិងរក្សាស្ថិរភាព សេដ្ឋកិច្ច ក្នុងស្ថានភាពដែលកម្ពុជាទទួលរងផលប៉ះពាល់ពីឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
The Banker បានវាយតម្លៃខ្ពស់ថា៖ ក្រោមការដឹកនាំរបស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាទទួលបានជោគជ័យ ក្នុងការគ្រប់គ្រងប្រព័ន្ធធនាគារបានយ៉ាងល្អប្រសើរ ក្នុងដំណាក់កាលដែលកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបនឹងវិបត្តិនៅឆ្នាំ២០២០កន្លងទៅ។ The Banker បានកត់សម្គាល់ថាកម្ពុជាបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព។ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់នៃការធ្លាក់ចុះនិងបញ្ហាប្រឈមទាំងនេះធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការគាំទ្រមួយចំនួនដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងនោះរួមមាន ការរៀបចំឥណទានឡើងវិញដែលបានដាក់ឱ្យអនុវត្តកាលពីខែមីនា ឆ្នាំ២០២០កន្លងមក និងបន្តអនុវត្តដល់ដំណាច់ខែមិថុនា ឆ្នាំ២០២១នេះ។ ការរៀបចំឥណទានឡើងវិញត្រូវបានអនុញ្ញាតរហូតដល់ទៅបីដង ដោយមិនមានប៉ះពាល់ដល់ចំណាត់ថ្នាក់ឥណទាននោះទេ។ បទប្បញ្ញត្តិបន្ថែមរួមមានកាត់បន្ថយអត្រាការប្រាក់និងការលើកលែងថ្លៃសេវាជាដើម។ការដាក់ចេញនេះបានធ្វើឱ្យឥណទានមិនដំណើរកាស្ថិតក្នុងកម្រិតទាប២,៥%។កម្ពុជាក៏បានជំរុញការប្រើប្រាស់ប្រព័ន្ធធនាគារឌីជីថលផងដែរ។ធនាគារជាតិនៃកម្ពុជាបាដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធបាគង កាលពីខែតុលាឆ្នាំ២០២០ដែលបានរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាដោយសារមានក្រុមហ៊ុនឯកជនជាច្រើនបើកប្រាក់បៀវត្សជូនបុគ្គលិករបស់ខ្លួនជាសាច់ប្រាក់នៅឡើយ។ ប្រព័ន្ធបាគងត្រូវបានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឆែននិងអាចធ្វើប្រតិបត្តិការទូទាត់បានទាំងជាប្រាក់រៀលនិងប្រាក់ដុល្លាអាមេរិកតាមរយៈទូរស័ព្ទដៃដោយអ្នកប្រើប្រាស់អាចស្កេនលេខកូដឬវាយបញ្ចូលលេខទូរស័ព្ទរបស់អ្នកទទួលប្រាក់។ប្រព័ន្ធបាគងមានសមាជិកប្រមាណ២០ធនាគារ។ម៉្យាងទៀតរូបិយវត្ថុជាតិក៏ត្រូវបានជំរុញឱ្យប្រើប្រាស់យ៉ាងខ្លាំងក្លាផងដែរសំដៅជំរុញកំណើនប្រកបដោយចីរភាព និងអភិវឌ្ឍប្រព័ន្ធធនាគារប្រកបដោយប្រសិទ្ធភាពនិងជាពិសេសកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។ បច្ចុប្បន្នការទូទាត់ដែលមានទឹកប្រាក់តិចជាង១០០ដុល្លារអាមេរិកត្រូវបានធ្វើឡើងជាប្រាក់រៀលខណៈដែលការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកដែលមានទំហំទឹកប្រាក់តូចបានថយចុះជាបណ្តើរៗ៕