ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជាបានចុះហត្ថលេខាលើអនុក្រឹត្យមួយនៅថ្ងសតិ១៣មករា២០២១ សម្រេចកាត់យកដីបឹងតាមោកទំហំ ២០ ហិកតាពីលោក លន់ ហាក់ និងលោកស្រី ឈុន ចាន់ធី មកទុកជាសម្បត្តិរដ្ឋវិញ ។
ទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៣ខែមករាឆ្នាំ២០២១ តាមរយៈលិខិតលេខ២០ សជណ បានបញ្ជាក់ថារាជរដ្ឋាភិបាលបានសម្រេចកាត់យកដីបឹងតាមោកចំនួន ២០ហិកតា ពីលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ត្រឡប់មកទុកជាសម្បត្តិរដ្ឋវិញ ។ ការសម្រេចនេះបានធ្វើឡើងដោយយោងអនុក្រឹត្យមួយរបស់រាជរដ្ឋាភិបាលដែលធ្វើឡើងនៅ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
នៅក្នុងអនុក្រឹត្យលេខ ០៨ អនក្រ.បក ធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ថារាជរដ្ឋាភិបាលបានសម្រេចនិរាករណ៍អនុក្រឹត្យលេខ២១៩ ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក។
អនុក្រឹត្យលេខ២១៩ ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ គឺជាអនុក្រឹត្យស្តីពីការសម្រេចកាត់ផ្ទៃដីបឹងតាមោក ២០ហិកតាស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅទៅជាកម្មសិទ្ធិ ជូនលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ។ ការកាត់ដីនេះដើម្បីដោះដូរនឹងការសាងសង់អគារទីបញ្ជាការស្រាលកម្ពស់៣ជាន់និងបំពាក់គ្រឿងបរិក្ខារចាំបាច់នានានៅ លើផ្ទៃដីជិត ១.៦ពាន់ម៉ែត្រក្រឡារបស់លោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ស្ថិតនៅសង្កាត់ស្រះចកខណ្ឌដូនពេញ។
ដោយឡែកនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានសម្រេចជាថ្មីដោយលុបចោលទាំងលិខិតស្តីពីការកាត់ដីបឹងតាមោកទៅឱ្យលោក លន់ ហាក់ និងលោកស្រី ឈុន ចាន់ធី និងលិខិតស្តីពីការរៀបចំសាងសង់អគារទីបញ្ជាការស្រាលផងដែរ។
កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១រាជរដ្ឋាភិបាលក៏បានសម្រេចកាត់យកដីបឹងតាមោកប្រមាណ៣០ហិកតាមករក្សាទុកវិញផងដែរ។ ដី៣០ហិកតានេះប្រើសម្រាប់សាងសង់ អគារក្រសួងអភិវឌ្ឍន៍ជនបទ, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្ម ភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីននិងគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា ។ ការសម្រេចដកហូតនេះ ក៏ពាក់ព័ន្ធនឹងការដោះដូរដីទីតាំងក្រសួង និងស្ថាប័នទាំងនេះជាមួយនឹងក្រុមហ៊ុនឯកជនផងដែរគឺក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក៕