Home ព័ត៌មានជាតិ នយោបាយ រដ្ឋសភា​ពិភាក...

រដ្ឋសភា​ពិភាក្សា​ពី​ការរៀបចំ​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១១ ដែល​សភា​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២១

ដោយ​: សុផល / ភ្នំពេញ​: រដ្ឋសភា​បាន​ពិភាក្សាគ្នា​អំពី​ការរៀបចំ​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១១ ដែល​សភា​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២១​នេះ​។ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ជាតិ ASEP11 បាន ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​នេះ​។​

​កិច្ចប្រជុំ​នេះ បានរៀបចំ​ធ្វើឡើង​នៅ​សាលសន្និសីទ​បាយ័ន នៃ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ ដោយមាន​ការចូលរួម​ពី​លោក លោកស្រី ជា​អនុប្រធាន សមាជិក សមាជិកា នៃ​លេខាធិការដ្ឋាន​ជាតិ ASEP11 ទីប្រឹក្សា​រដ្ឋសភា ព្រមទាំង​លោក លោកស្រី ជា​ប្រធាន អនុប្រធាន ក្រុមការងារ​ទទួលបន្ទុក​ជា​សេនាធិការ​ឱ្យ​អនុគណៈកម្មការ​ទាំង​៦ នៃ​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១១ ព្រមទាំង​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ព្រឹទ្ធសភា​។​

​ដោយឡែក អនុគណៈកម្មការ​ហិរញ្ញវត្ថុ ផ្គត់ផ្គង់ និង​ភស្តុភារ​នៃ​កិច្ចប្រជុំ ASEP-11 ក៏បាន​កំពុង​រៀបចំ​គម្រោង​ស្នើ​ថវិកាជាតិ សម្រាប់​ការរៀបចំ​កិច្ចប្រជុំ (ASEP11) នាពេលខាងមុខ​។​

​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា និង​ជា​ប្រធាន​អនុ គណៈកម្មការ​ហិរញ្ញវត្ថុ ផ្គត់ផ្គង់ និង​ភស្តុភា នៃ​កិច្ចប្រជុំ ASEP-11 បានស្នើ​ដល់​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​សន្សំសំចៃ​ខ្ពស់ លើ​គម្រោង​ចំណាយ​ថវិកា សម្រាប់​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១១ (ASEP11)​។​

​ឆ្លង​តាមរយៈ​បទពិសោធន៍ នៃ​ការរៀបចំ​កិច្ចប្រជុំសភា​តំបន់​អាស៊ី​កិច្ចប្រជុំ​អន្តរ​សភា​អាស៊ាន និង​កិច្ចប្រជុំ​ផ្សេងៗ​មួយចំនួនទៀត នាពេល​កន្លងមក អនុគណៈកម្មការ​ហិរញ្ញវត្ថុ​ផ្គត់ផ្គង់​និង​ភស្តុភា​នៃ​កិច្ចប្រជុំ ASEP11​នឹង​រៀបចំ​ដំណើរ​ការងារ​របស់ខ្លួន​បាន​ដោយ​រលូន និង​ទទួលជោគជ័យ​ជាក់​ជាមិនខាន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular