Home ព័ត៌មានជាតិ សេដ្ឋកិច្ច កម្ពុជា​រំពឹង...

កម្ពុជា​រំពឹងថា​ការនាំចេញ​ដំឡូង​មី​នឹង​កាន់តែ​ប្រសើរ​ថែមទៀត​

​ដោយ​:​ពៅ​និមល​/​ភ្នំពេញ​:​ក្រសួងពាណិជ្ជកម្ម​កាល​ពី​ព្រឹក​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០២១​នេះ​បានប្រកាស​ផ្សព្វផ្សាយ​ជា​ផ្លូវការ​គោលនយោបាយ​ជាតិ​ស្តីពី​ដំឡូង​មី​២០២០២០២៥​ដែល​បង្កើតឡើង​ក្នុង​បំណង​និង​គោលដៅ​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ទីតាំង​ផលិត​និង​កែច្នៃ​ដំឡូង​មី​និង​ជា​អ្នកផ្គត់ផ្គង់​ផលិតផល​ដំឡូង​មី​មួយ ដែល​អាច​ជឿ​ទុកចិត្តបាន​សម្រាប់​ទីផ្សារ​ពិភពលោក​។​

​លោក​ប៉ាន​សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​មានប្រសាសន៍ថា​ដំណាំ​ដំឡូង​មី​គឺជា​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​និង​ជា​ផលិតផល​នាំចេញ​ដ៏​សំខាន់​របស់​កម្ពុជា​ដែល​បានរួម​ចំណែក​ពី​៣​ទៅ​៤​ភាគរយ​នៃ​ផលិតផល​សរុប​(​ផ​.​ស​.​ស​)​និង​ក្នុង​មួយឆ្នាំៗ​វិស័យ​ដំឡូង​មី​បានទទួល​ការវិនិយោគ​ជា​ទឹកប្រាក់​ប្រមាណ​៣០០​លាន​ដុល្លារ​អាម៉េរិក​។​លោក​បន្តថា​ដើម្បី​ទាញយក​សក្តានុពល​នៃ​វិស័យ​ដំឡូង​មី​កម្ពុជា​គួរតែ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ខ្សែ​ច្រវាក់​តម្លៃ​របស់ខ្លួន​ដោយ​ពង្រឹងសមត្ថភាព​ដែលមាន​ស្រាប់​និង​បង្កើត​សមត្ថភាព​ថ្មី​ដើម្បី​ចាប់យក​កាលានុវត្តភាពទីផ្សារ​ដែ​ល​កំពុង​រីកចម្រើន​ស​ម្រា​ប់​កំណើនសេដ្ឋកិច្ច​រួម​និង​ពង្រីក​សេដ្ឋកិច្ច​ក្នុងការ​ចូលរួម​ដើម្បី​សម្រេច​គោលដៅ​របស់​រដ្ឋាភិបាល​កម្ពុជា​ឆ្ពោះទៅកាន់​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​២០៥០​។


លោក នី​ក បេ​រ៉េ​សហ្វរ (Nick Beresford) តំណាង យូ​អ៊ិន​ឌី​ភី​(UNDP)​ប្រចាំ​កម្ពុជា​បាន​លើកឡើងថា​ដំណាំ​ដំឡូង​មី​នឹង​ផ្ដល់ឱកាស​ដ៏​ធំធេង ដើម្បីឱ្យ​កម្ពុជា​ឈាន​ជើង​ចូលទៅក្នុង​ច្រវាក់​ផ្គត់ផ្គង់​ថ្នាក់​តំបន់​ក្នុងនាម​ជា​អ្នកផ្គត់ផ្គង់​ដោយផ្ទាល់​ផង​និង​ជា​អ្នក​កែច្នៃ​ផលិតផល​ពាក់កណ្ដាល​ស​ម្រេច​និង​ផលិតផល​សម្រេច​ផង​សម្រាប់​ទីផ្សារ​ក្នុង​ស្រុង​និង​ទីផ្សារ​សកលលោក​។​ការរៀបចំ​ខ្លួន​ជា​យុទ្ធសាស្ត្រ​បែបនេះ​ផ្ដល់​លទ្ធភាព​ឱ្យ​កម្ពុជា​អាច​បង្កើន​ពាណិជ្ជកម្ម​និង​ការនាំចេញ​ធានា​លំនឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​លើកកម្ពស់​កំណើន​បរិ​យាប​ន្ន​និង​ជំរុញ​ការអភិវឌ្ឍ​ដោយ​ចីរភាព​។​

​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​និង​គោលបំណង​ខាងលើ​នយោបាយ​ជាតិ​ស្តីពី​ដំឡូង​មី​២០២០២០២៥​បានកំណត់​នូវ​គោលដៅ​សំខាន់ៗ​ដូចជា​៖​ផ្លាស់ប្តូរ​ពី​ផលិតកម្ម​ដំឡូង​មី​បែប​ប្រពៃណី​ឬ​គ្រួសារ​ទៅជា​ផលិតកម្ម​ដំឡូង​មី​បែប​ពាណិជ្ជកម្ម​និង​អនុវត្តតាម​គោលការណ៍​បច្ចេកទេស​ដែល​កសិករ​អាច​ទទួល​បាន​ប្រាក់ចំណូល​ក្នុង​បរិបទ​ដែល​ថ្លៃ​ដំឡូង​មី​ប្រែប្រួល​ការប្រើប្រាស់​ដី​ប្រកបដោយ​និរន្តរភាព​និង​កសិកម្ម​វៃឆ្លាត​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​, គាំទ្រ​ដល់​អ្នក​កែច្នៃ​ផលិតផល​ដំឡូង​មី​ដែលមាន​សក្តានុពល​និង​ទាក់ទាញ​វិនិយោគ​ដើម្បី​កែច្នៃ​ផលិតផល​ដំឡូង​មី​ដែលមាន​តម្លៃបន្ថែម​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នានា​និង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​ពាណិជ្ជកម្ម​តាមរយះ​ការ​ជ្រៀតចូល​និង​ចាប់យក​ចំណែក​ទីផ្សារ​កែលម្អ​កិច្ច​សម្រួល​ពាណិជ្ជកម្ម កាត់បន្ថយ​ចំណាយ​ដែល​មិនចាំបាច់ និង​ផ្សារភ្ជាប់​នឹង​អន្តរ​វិស័យ​ដែល​ពាក់ព័ន្ធ​ក្នុងការ​នាំចេញ​។​

​សូមបញ្ជាក់ថា​គិត​ត្រឹម​ខែធ្នូ​ឆ្នាំ​២០២០​កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​សរុប​ចំនួន​៦២៨.៨៩៤​ហិកតា​។​ក្នុងនោះ​ទិន្នផល​ជា​មធ្យម​ចំនួន​២០,៦៨​តោន​ក្នុង​មួយ​ហិកតា​ដោយ​ប្រមូល​ផល​ចំនួន​១២.០៤១.៨១២​តោន​,​ដោយឡែក​បរិមាណ​នាំចេញ​សរុប​មាន​ចំនួន​៧.២០៣.១២៨​តោន​និង​គិត​ជាត​ម្លៃ​ផលិតផល​សរុប​មាន​ចំនួន ១.១០៨.៣១៥.៨៨១​ដុល្លារ​អាម៉េរិក​៕​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular