ដោយ: សុផល / ភ្នំពេញ: កសិករកៅស៊ូគ្រួសារក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានទទួលការបណ្តុះបណ្តាលបច្ចេកទេស និងការអនុវត្តផ្ទាល់ក្នុងការអនុវត្តការផលិតកៅស៊ូ ប្រកបដោយនិរន្តរភាព ដែលជាផ្នែក នៃគម្រោងដៃគូពហុភាគីសម្រាប់ខ្សែចង្វាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពុជា។
ដោយមានការជួយថវិកាពី BMZ កិច្ចសហប្រតិបត្តិការរយៈពេលបីឆ្នាំ រវាងអង្គការ WWF-កម្ពុជា និងអគ្គនាយកដ្ឋានកៅស៊ូ នឹងជំរុញឱ្យកសិករកៅស៊ូគ្រួសារប្រមាណជា ៣០០គ្រួសារ អាចបង្កើនប្រសិទ្ធភាពផលិតកម្មកៅស៊ូធម្មជាតិ ប្រកបដោយចីរភាព ហើយអាចលើកកម្ពស់ជីវភាពរបស់ពួកគាត់ និងជំរុញពួកគាត់ឱ្យចូលរួមបន្ថែម ក្នុងកិច្ចការធនធានធម្មជាតិក្នុងសហគមន៍។
គួររម្លឹកថា ថ្មីៗនេះ អង្គការ WWF-កម្ពុជា និងអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានចុះអនុស្សារណៈយោគយល់ លើកិច្ចសហប្រតិបត្តិការដំបូងក្នុងការកសាងភាពជាដៃគូពហុភាគី ដើម្បីលើកកម្ពស់ខ្សែចង្វាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិ ប្រកបដោយនិរន្តរភាព និងតម្លាភាពក្នុងប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការ ដែលមានរយៈពេលបីឆ្នាំនេះ ទទួលបានការគាំទ្រថវិកាពីក្រសួងកិច្ចសហប្រត្តិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) របស់ប្រទេសអាល្លឺម៉ង់ តាមរយៈអង្គការ Welthungerhilfe ហើយ ទទួលបានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា វិស័យជនអង្គការសង្គមស៊ីវិល និងសហគមន៍កៅស៊ូគ្រួសារ ក្នុងខេត្តមណ្ឌលគិរី ដើម្បីជម្រុញការអនុវត្តផលិតកម្មកៅស៊ូធម្មជាតិ ប្រកបដោយចីរភាព ដែលចូលរួមលើកកម្ពស់ជីវភាពកសិករ កៅស៊ូគ្រួសារ រួមទាំងក្រុមកសិករកៅស៊ូ គ្រួសារជនជាតិដើមភាគតិចផងដែរ៕