​ប្រជាពលរដ្ឋ ៥ ភូមិ ក្នុង​តំបន់​អង្គរ ទទួលបាន​ប្រឡាយ​ថ្មី មួយ​ខ្សែ សម្រាប់​ប្រើប្រាស់ ក្នុង​រដូវប្រាំង

1021
ចែករម្លែក

​ដោយ​៖ គូលែន /
​សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមហ៊ុន​យុវ​ពាណិជ្ជ បាន​ស្តារ​ប្រឡាយ​បុរាណ​មួយ​ខ្សែ ដែលមាន​ប្រវែង ១៣០០​ម៉ែត្រ ទទឹង​៤​ម៉ែត្រ និង​ជម្រៅ​២​ម៉ែត្រ ជូន​ដល់​ប្រជាពលរដ្ឋ ក្នុងភូមិ​គិរី​មាន​ន្ទ និង​ភូមិ​បង្កោង ដើម្បី​ទប់ទឹក​ប្រើប្រាស់ ក្នុង​រដូវប្រាំង​។

​ក្នុង​ពិធីបើកការដ្ឋាន​ស្តារ​ប្រឡាយ នា​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨​នេះ លោក ព្រៀន ប្រម មេឃុំ​អំពិល បាន​បញ្ជាក់ថា ប្រឡាយ​មួយ​ខ្សែ​នេះ ជា​ប្រឡាយ​បុរាណ ដែលមាន​ជា​យូរយារ មកហើយ​។ កាលពីមុន ប្រជាពលរដ្ឋ នៅទីនេះ តែងមាន​ទឹក​ប្រើប្រាស់​គ្រប់​ប្រាំង​វស្សា ដោយ​អាស្រ័យ​ទឹក​ប្រឡាយ​នេះ​។ ប៉ុន្តែ​ដោយសារ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អាកាសធាតុ​ប្រែប្រួល ហើយ​ស្ថានភាព​បាត​ប្រឡាយ ក៏​កាន់តែ​រាក់​ទៅៗ ដែល​ធ្វើ​ឲ្យ​ប្រឡាយ​ដ៏​ចំណាស់​នេះ លែងមាន​ទឹក​ហូរ និង​ប្រើប្រាស់​បាន​ទៀត នៅ​រដូវប្រាំង​។

​លោក​មេឃុំ​អំពិល បាន​បញ្ជាក់ថា ក្នុងនាម​អាជ្ញាធរ​មូលដ្ឋាន លោក​ពិតជា​រីករាយ និង​ថ្លែងអំណរគុណ ចំពោះ​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រុមហ៊ុន​យុវ​ពាណិជ្ជ ដែល​បាន​ជួយ​ស្តារ​ប្រឡាយ​នេះ​ឡើងវិញ​។​

​លោក ភូ ភក្តី តំណាង​ក្រុមហ៊ុន​យុវ​ពាណិជ្ជ បាន​លើកឡើងថា ការសម្រេច​ស្តារ​ប្រឡាយ​បុរាណ​នេះ​ឡើង គឺ​ធ្វើតាម​សំណូមពរ​របស់​អាជ្ញាធ​រ​មូលដ្ឋាន និង​មានការ​អនុញ្ញាត ព្រមទាំង​ការចុះ​ពិនិត្យមើល​បច្ចេក​ទេស​ការងារ ពី​មន្ត្រី​ជំនាញ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។ លោក​បាន​បញ្ជាក់ថា ក្រុមហ៊ុន​របស់លោក នឹង​បញ្ចប់​ការងារ​នេះ ក្នុង​រយៈពេល​១​ខែ​យ៉ាងយូរ​។​

​លោក ម៉ក់ សំភារ អភិបាលស្រុក​ប្រាសាទបាគង បានបង្ហាញ​នូវ​ភាពសប្បាយ​រីករាយ ដែល​ប្រជាពលរដ្ឋ នឹង​ទទួលបាន​នូវ​ប្រឡាយ សម្រាប់​តម្កល់​ទឹក​ប្រើប្រាស់​តាម​តម្រូវការ​ជាក់ស្តែង​។ លោក​បញ្ជាក់ថា នេះ​ជា​សមិទ្ធផល​មួយ ក្នុងចំណោម​សមិទ្ធផល​ដ៏​លើសលុប ដែល​កើតឡើង​ក្នុង​សម័យកាល នៃ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក សុខ សង្វារ អគ្គនាយករង នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា អាជ្ញាធរ​ជាតិ តែង​គោរព និង​ដើរ​តាម​គោលនយោបាយ អភិវឌ្ឍន៍​ជាតិ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ដូច្នេះហើយ ក្នុង​កិច្ច​អភិរក្ស​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា ក៏​មិន​ភ្លេច​ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ដែល​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។​

​លោក​បាន​បញ្ជាក់ថា នេះ​សបញ្ជាក់ អំពី​ការយកចិត្តទុកដាក់ របស់​ថ្នាក់ដឹកនាំ​ប្រទេស ចំពោះ​សុខទុក្ខ​របស់ ប្រជាពលរដ្ឋ ជាពិសេស គឺ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​សម្តេច​តែងតែ​គិតគូរ ដល់​សុខសន្តិភាព​ជាតិ និង​ការអភិវឌ្ឍ​គ្រប់​វិស័យ ផ្សារភ្ជាប់​នឹង​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុង​កិច្ចការពារ​សម្បត្តិ បេតិកភណ្ឌ​ជាតិ សម្រាប់​កូនចៅ​គ្រប់​ជំនាន់​។

​លោក​ក៏បាន​សំណូមពរ ចំពោះ​ក្រុមហ៊ុន ក្នុងករណី​ប្រទះឃើញ ដោយ​ចៃដន្យ​នូវ វត្ថុ​បុរាណ​ណាមួយ ក្នុង​ការជីក​ស្តារ​ប្រឡាយ​ឡើងវិញ ត្រូវ​ប្រគល់ជូន សមត្ថកិច្ច ដើម្បី​រក្សាទុក ក្នុង​ទី​សុវត្ថិភាព​។ ជាមួយគ្នានេះ លោក​ក៏បាន​សំណូមពរ ប្រជាពលរដ្ឋ សូម​ចូលរួម​ថែរក្សា សមិទ្ធផល ដែល​សម្រេច បាន​ឲ្យ​បាន​គង់វង្ស​៕V

ទីតាំងផ្សាយពាណិជ្ជកម្ម